សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាកំពុងតែមានការធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺបានធ្លាក់ចុះក្នុងអត្រា ៨,៤%ក្នុងត្រីមាសទី២ ដែលវាជាការធ្លាក់ចុះប្រចាំត្រីដ៏អាក្រក់បំផុតមួយសម្រាប់ប្រទេសនេះ។
ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ៗនៅប្រទេសស្រីលង្កាគឺមានចំនួន ជាង ៣ពាន់៨រយដុល្លារ នៅក្នុងឆ្នាំ២០២១ ដែលបានធ្វើឱ្យប្រទេសនេះជាប់ក្នុងឋានៈជាប្រទេសចំណូលមធ្យមកម្រិតទាប។ នេះបើតាមទិន្នន័យរបស់ធនាគារពិភពលោក។
អ្នកនាំពាក្យខុទ្ទកាល័យលោក បានឌូឡា ហ្គូណាវ៉ាដាណេ (Bandula Gunawardane) បាននិយាយថា គណៈរដ្ឋមន្ត្រីនឹងស្វែងរកការទម្លាក់ឋានប្រទេសកោះមួយនេះទៅជា«ប្រទេសដែលមានប្រាក់ចំណូលទាប»វិញ ដើម្បីងាយស្រួលក្នុងការទទួលបានមូលនិធិពីស្ថាប័នអន្តរជាតិ។
លោក ហ្គូណាវ៉ាដាណេ បាននិយាយថា ដោយសារមានវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរដូច្នេះហើយប្រទេសស្រីលង្កាកំពុងប្រឈមមុខនឹងក្រុមតំណាងអង្គការអន្តរជាតិមួយចំនួនដែលបានជូនដំណឹងដល់ពួកគេថា ប្រសិនបើស្រីលង្កាត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានប្រាក់ចំណូលទាប លទ្ធភាពទទួលបានមូលនិធិនឹងកាន់តែងាយស្រួល។
ទោះជាបែបនេះក្ដី មន្ត្រីខុទ្ធការល័យប្រធានាធិបតីស្រីលង្កាបានចេញមុខមកអះអាងនៅថ្ងៃទី ១១ ខែតុលាដែរថា ប្រទេសស្រីលង្កានឹងនៅតែស្ថិតក្នុងឋានជាប្រទេស ចំណូលមធ្យមកម្រិតទាប ប៉ុន្ដែ រដ្ឋាភិបាលប្រទេសនេះ នៅតែស្នើសុំកម្ចីពីធនាគារពិភពលោក សម្រាប់ក្របខណ្ឌកម្ចីសម្រាប់ប្រទេសក្រីក្រដដែល។
ការិយាល័យធនាគារពិភពលោក នៅក្នុងទីក្រុងកូឡំបូ មិនបានផ្ដល់ព័ត៌មានភ្លាមៗ ចំពោះសំណើររបស់ស្រីលង្កានេះទេ ដោយគ្រាន់តែអះអាងថា ធនាគារពិភពលោកនឹងបន្ដពិភាក្សាជាមួយស្រីលង្ការ ហើយកិច្ចការអាទិភាព គឺត្រូវតែធ្វើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញនិងធ្វើកំណែទម្រង់ជាមុនសិន ដើម្បីធ្វើឲ្យស្ថានភាពប្រទេសវិលមករកភាពប្រក្រតីឡើងវិញ។
ប្រទេសកោះអាស៊ីខាងត្បូងដែលមានប្រជាជនចំនួន ២២ លាននាក់មួយនេះកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ១៩៤៨ បណ្តាលមកពីជំងឺកូវីដ១៩បានវាយលុកសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍ និងការកាត់បន្ថយការផ្ញើប្រាក់ពីពលករនៅក្រៅប្រទេស ការកើនឡើងតម្លៃប្រេង ការកាត់បន្ថយពន្ធប្រជានិយម និងការហាមប្រាមរយៈពេល៧ខែលើការនាំចូលជីគីមីកាលពីឆ្នាំមុនដែលបានបំផ្លាញកសិកម្មរបស់ប្រទេសនេះ។
វិបត្តិដ៏ធ្ងន់ធ្ងរនេះបាននាំឱ្យមានការខ្វះខាតប្រាក់ដុល្លារយ៉ាងខ្លាំងដើម្បីចំណាយលើការនាំចូលម្ហូបអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យដែលជាហេតុធ្វើមានការធ្លាក់ចុះតម្លៃប្រាក់រូពីរបស់ស្រីលង្កា និងបង្កឱ្យមានអតិផរណាយ៉ាងរហ័សតែម្ដង។
រដ្ឋាភិបាលស្រីលង្កាបានវាយតម្លៃសេដ្ឋកិច្ចប្រទេសខ្លួនថាមានតម្លៃ ប្រមាណ ៨៩ពាន់លានដុល្លារកាលពីឆ្នាំ២០២១ ហើយបើទោះបីជា នៅឆ្នាំនេះ ផិតផលក្នុងស្រុកសរុបរបស់ស្រីលង្កានឹងធ្លាក់ចុះ ៨,៧% និងការធ្លាក់ចុះនៃតម្លៃរូបិយបណ្ណក៏ដោយចុះ សេដ្ឋកិច្ចប្រទេសដីកោះមួយនេះ នឹងនៅតែមានក្នុងរង្វង់ ៧៥ពាន់លានដុល្លារ ខណៈចំណូលប្រជាជនម្នាក់ៗនឹងមានប្រហែល ៣ពាន់៤រយដុល្លារក្នុងមួយឆ្នាំ៕
អត្ថបទ៖ សុខ ជា