ការធ្លាក់ចុះ ៧០% នៃទុនបំរុងអន្តរជាតិចាប់តាំងពីខែមករា ឆ្នាំ ២០២០មក បានធ្វើឱ្យប្រទេសស្រីលង្កាជួបការលំបាកក្នុងការចំណាយលើការនាំចូលសំខាន់ៗ រួមទាំងអាហារ និងប្រេងឥន្ធនៈ ដែលនាំឱ្យមានភាពចលាចលកើនឡើងរហូតដល់ដាក់ពង្រាយយោធានៅស្ថានីយ៍ប្រេង ដើម្បីសម្របសម្រួលការលក់សាំងជូនប្រជាពលរដ្ឋ ដ្បិតថា ប្រទេសនេះកំពុងខ្វះខាតប្រេងយ៉ាងខ្លាំង ហើយពលរដ្ឋតម្រង់ជួរគ្នាដើម្បីទិញប្រេងយកទៅប្រើប្រាស់។
ស្របពេលដែលទុនបំរុងអន្តរជាតិនៅសល់តែត្រឹមជាង ២ពាន់៣រយលានដុល្លារគិតត្រឹមខែកុម្ភៈនោះ ប្រទេសស្រីលង្ការក៏មានកតាព្វកិច្ចត្រូវរ៉ាប់រងសងបំណុលប្រហែល ៤ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ រួមទាំងមូលបត្របំណុលអធិបតេយ្យភាពអន្តរជាតិចំនួន ១ ពាន់លានដុល្លារក្នុងខែកក្កដាខាងមុននេះផងដែរ។
ដើម្បីស្វែងរកផ្លូវចេញពីវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុស្រីលង្កាលោក Basil Rajapaksa នឹងហោះហើរទៅកាន់វ៉ាស៊ីនតោននៅខែក្រោយនេះ ដើម្បីជួបពិភាក្សាជាមួយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងមន្ត្រីមកពីធនាគារពិភពលោកផងដែរ សម្រាប់ស្វែងរកដំណោះស្រាយស្រោចស្រង់សេដ្ឋកិច្ចចេញពីវិបត្តិដ៏អាក្រក់មិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។
សូមជម្រាបថា ប្រភពព័ត៌មានបានឲ្យដឹងថា ស្រីលង្កានឹងស្នើរសុំជំនួយផ្នែកហិរញ្ញវត្ថុពីធនាគារពិភពលោកបន្ថែមទៀត ប៉ុន្ដែ គេមិនទាន់ដឹងថា តើប្រទេសដីកោះមួយនេះ នឹងស្នើសុំទំហំថវិកាប៉ុន្មានពីធនាគារពិភពលោកនោះទេ ហើយក៏មិនដឹងថា ធនាគារពិភពលោកនឹងផ្ដល់ឲ្យប៉ុន្មាននោះដែរ គ្រាន់តែគេដឹងថា ជំនួយបែបនេះទំនង ជានឹងកើតមានបន្ទាប់ពីស្រីលង្កាបានចូលទៅក្នុងកម្មវិធីកម្ចីដែលគាំទ្រដោយ IMF។
ជាមួយគ្នេះ ធនាគារពិភពលោកបានឱ្យដឹងថា បច្ចុប្បន្ននេះធនាគារមិនទាន់ស្ថិតក្នុងការពិភាក្សាជាមួយប្រទេសស្រីលង្កា ដើម្បីផ្តល់ជំនួយផ្នែកថវិកានោះទេ។
តែយ៉ាងណាមិញ អ្នកវិភាគបាននិយាយថា ចំនួនមូលនិធិនឹងអាស្រ័យលើគោលដៅជាក់លាក់ដែលកំណត់ដោយកម្មវិធី IMF ក៏ដូចជាឱនភាពពាណិជ្ជកម្ម និងសារពើពន្ធរបស់ប្រទេសស្រីលង្កា ដោយប៉ាន់ស្មានតម្រូវការប្រចាំឆ្នាំរហូតដល់ ៣ ពាន់លានដុល្លារពីប្រភពពហុភាគី និងទ្វេភាគីជាច្រើនទៀត។
គួរជម្រាបថា ប្រទេសស្រីលង្កាក៏កំពុងបន្ដខ្ចីបំណុលពីប្រទេសចិនកាន់តែច្រើនឡើងផងដែរ នៅគ្រាដែលសេដ្ឋកិច្ចប្រទេសនេះកំពុងប្រឈមនឹងស្ថានភាពកាន់តែយ៉ាប់យ៉ឺន។ តួយ៉ាង បន្ទាប់ពីធនាគារអភិវឌ្ឍន៍ចិន (CDB) ទើបតែបានផ្ដល់ប្រាក់កម្ចីចំនួន ៥០០លានដុល្លារកាលពីសប្ដាហ៍មុន ឥឡូវនេះ ចិនកំពុងពិចារណាផ្តល់ឥណទានបន្ថែម ១ពាន់៥រយលានដុល្លារពីលើគម្រោងកម្ចីចាស់។ បន្ថែមពីនេះ ចិនក៏នឹងផ្ដល់កម្ចីដាច់ដោយឡែកមួយទៀតដែលមានទឹកប្រាក់ ១ ពាន់លានដុល្លារដល់ប្រទេសស្រីលង្កា ផងដែរ បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះបានស្នើសុំចិន៕
អត្ថបទ៖ ស៊ើង និមល់