ប្រទេសដីកោះដែលមានប្រជាជនសរុប ២២លាននាក់នេះកំពុងស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងពេលជាង៧ទសវត្សរ៍ចុងក្រោយ ដែលបណ្ដាលមកពីកង្វះខាតយ៉ាងខ្លាំងនៃទុនបម្រុងបរទេស ជាហេតុបង្កការលំបាកលើការចំណាយនាំចូលថ្លៃប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យដែលចំបាច់។ ស្រីលង្ការិះរកវិធីគ្រប់យ៉ាងដើម្បីដោះស្រាយវិបត្តិ ដែលបច្ចុប្បន្ន ការសម្រេចឱ្យបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម គឺជាវិធីសាស្ត្រមួយ ដែលរដ្ឋាភិបាលក្រុងកូឡំបូ កំពុងសម្លឹងឃើញ។
ជាក់ស្តែង ប្រធានអ្នកចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសស្រីលង្កាបាននិយាយថា ក្រុមមន្ត្រីមកពីប្រទេសថៃ គ្រោងនឹងទៅដល់ប្រទេសស្រីលង្កានៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះហើយ ដើម្បីចាប់ផ្តើមកិច្ចចរចាជុំទី៣ បន្ទាប់ពីកិច្ចចរចាជាមួយក្រុងបាងកកត្រូវបានផ្អាកកាលពីឆ្នាំ២០១៨។
ការចរចាជាមួយឥណ្ឌា និងចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសស្រីលង្កា គិតជាទឹកប្រាក់ប្រហែល ៥ពាន់លានដុល្លារអាមេរិកក្នុងពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំ២០២១ ក៏ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅក្នុងខែកុម្ភៈ និងខែមីនាខាងមុខផងដែរ។
ប្រធានអ្នកចរចារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសស្រីលង្កាដដែលបានប្រាប់អ្នកយកព័ត៌មានថា ការផ្តោតសំខាន់គឺលើការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការទាក់ទាញការវិនិយោគ ជាកត្តាដ៏សំខាន់បំផុតសម្រាប់ប្រទេសស្រីលង្កាក្នុងការងើបឡើងចេញពីវិបត្តិសេដ្ឋកិច្ច។ គោលបំណងរបស់ទីក្រុងកូឡំបូ គឺត្រូវសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងទាំងអស់នេះ នៅត្រឹមចុងឆ្នាំ២០២៣ ឬក៏នៅដើមឆ្នាំ២០២៤។
គួរជម្រាបថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសថៃ និងស្រីលង្កា មានចំនួនសរុបប្រហែល ៤៦០ លានដុល្លារកាលពីឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យធនាគារកណ្តាលរបស់ប្រទេសស្រីលង្កា។
ក្រៅពីនេះ ស្រីលង្កាមានបំណងពង្រឹងកិច្ចព្រមព្រៀង ដែលមានស្រាប់ជាមួយប្រទេសជិតខាង គឺឥណ្ឌានៅក្នុងវិស័យសេដ្ឋកិច្ចនិងបច្ចេកវិទ្យា បន្ទាប់ពីការពិភាក្សាបានជាប់គាំងកាលពី ឆ្នាំ២០១៨។ ស្រីលង្កាកំពុងសម្លឹងមើលការបន្ថែមសេវាកម្ម និងការវិនិយោគទៅក្នុងកិច្ចព្រមព្រៀងដែលមានស្រាប់នេះ ខណៈបច្ចុប្បន្នវាគ្របដណ្តប់លើពាណិជ្ជកម្មទំនិញជាចម្បងប៉ុណ្ណោះ។
សូមជម្រាបថា ក្នុងចំណោមប្រទេសទាំងបីគឺថៃ ចិន និងឥណ្ឌា សុទ្ធតែបានយល់ព្រមលើការចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើងវិញជាមួយស្រីលង្កា ប៉ុន្តែមានតែប្រទេសថៃមួយគត់ដែលបានកំណត់ពេលចរចាជាក់លាក់រួចហើយ នៅឡើយតែចិន និងឥណ្ឌាទេ ដែលមិនទាន់កំណត់កាលបរិច្ឆេទ៕