នាយករដ្ឋមន្ត្រីស្រីលង្កាសម្រេចចុះចេញពីតំណែង

នាយករដ្ឋមន្ត្រីស្រីលង្កាសម្រេចចុះចេញពីតំណែង ក្រោយផ្ទុះបាតុកម្មតវ៉ាមានអ្នកស្លាប់


ក្រោយពីមានការផ្ទុះបាតតុកម្មតវ៉ាកាន់តែខ្លាំងក្លានៅទូទាំងប្រទេសនាប៉ុន្មានសប្ដាហ៍មកនេះ នៅទីបំផុតនាយករដ្ឋមន្ត្រីស្រីលង្កា គឺលោក ម៉ាហ៊ីនដា រ៉ាចាប៉ាក់សា ដែលត្រូវជាបងប្រុសបង្កើតរបស់លោកប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាក់សា នោះ បានសម្រេចលាលែងចេញពីតំណែងហើយ។
នាយករដ្ឋមន្ត្រីស្រីលង្កាសម្រេចចុះចេញពីតំណែង

ការ​លាលែង​នេះ វា​គ្រាន់តែ​ជា​ការ​រំងាប់​កំហឹង​ក្រុម​បាតុករ​បាន​ខ្លះ​ៗ​ប៉ុណ្ណោះ ដ្បិតថា ក្រុម​បាតុករ​បាន​ទាមទារ​ឲ្យ​មេដឹកនាំ​កំពូល​របស់​រដ្ឋាភិបាល​ស្រី​លង្កា ត្រូវ​លាលែង​ពី​តំណែង​ទាំងអស់ រួម​ទាំង​លោក​ប្រធានាធិបតី​ផង​ដែរ​។​ក្រុម​បាតុករ​ចាត់​ទុក​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល​ស្រី​លង្ការ​ទាំងនេះ អសមត្ថភាព​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ នេះ​បើ​យោង​តាម​ប្រភព​ព័​ត៌​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​ចុះ​ផ្សាយ​ថ្ងៃនេះ​។

ប្រទេស​ស្រី​លង្កា​ពេល​នេះ កំពុង​ជួប​បញ្ហា​អសន្តិសុខ​សង្គម និង ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ដែល​បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​ទុនបម្រុង​អន្តជាតិ និង ការ​ជំពាក់​បំណុល​បរទេស​ជា​ច្រើន​សន្ធឹក​ស​ន្ទា​ប់​។

នៅ​ប៉ុន្មាន​ស​ប្ដា​ហ៍​មកនេះ ប្រទេស​ស្រី​លង្កា​បាន​កើត​មាន​ភាព​វឹកវរ​យ៉ាង​ខ្លាំង ដោយសារ​ក្រុម​បាតុករ​បាន​ចេញ​តាម​ដងផ្លូវ​ប្រឆាំង​តវ៉ា​នឹង​រដ្ឋាភិបាល​។ ហើយ​រដ្ឋាភិបាល​ស្រី​លង្កា​ក៏​បាន​សម្រេច​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន និង​ដាក់​បម្រាម​គោចរ​ផង​ដែរ​។ យ៉ាងណាមិញ នៅ​ថ្ងៃ​ទី ១០ ខែឧសភា រដ្ឋាភិបាល​ដាក់​ពង្រាយ​កងទ័ព និង​ប៉ូ​លី​ស រាប់​ពាន់​នាក់ ដើម្បី​អនុវត្ត​វិធានការ​បម្រាម​គោចរ បន្ទាប់​ពី មាន​មនុស្ស​៧​នាក់​ត្រូវ​បាន​ស្លាប់​ក្នុង​អំពើ​ហិង្សា​ដែល​បាន​កើត​មាន​ទៅ​លើ​ក្រុម​បាតុករ​នៅ​អំឡុង​ប៉ុន្មាន​ស​ប្ដា​ហ៍​មកនេះ​។

បន្ថែម​ពី​នេះ ក៏​មាន​មនុស្ស​ប្រហែល ២០០​នាក់​ទៀត បាន​រង​របួស ក្នុងអំឡុងពេល​អាជ្ញាធរ​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​នៅ​ថ្ងៃ​ទី ១០ ខែឧសភា ខណៈ​នៅ​ថ្ងៃ​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី ម៉ា​ហីន​ដា រ៉ា​ចា​ប៉ាក់​សា ក៏​បាន​សម្រេច​លាលែង​ពី​តំណែង​ដែរ ប៉ុន្ដែ វា​គ្រាន់តែ​អាច​រំសាយកំហឹង​របស់​ក្រុម​បាតុករ​តិចតួច​ប៉ុណ្ណោះ ដ្បិត​ក្រុម​បាតុករ​ចង់​ឲ្យ​ថ្នាក់ដឹកនាំ​កំពូល​រដ្ឋាភិបាល​ៗ​ចុះ​ពី​តំណែង​។

លោក ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ាក់​សា នាយក​រដ្ឋមន្ត្រី​ប្រទេស​ស្រី​លង្ការ​បាន​អះអាង​ថា លោក​បាន​ផ្ញើ​លិខិត​ជូនដំណឹង​ដល់​ប្អូនប្រុស​របស់​លោក ដែល​ជា​ប្រធានាធិបតី​ស្រី​លង្កា គឺ​លោក គូ​តា​ប៉ា​យ៉ា រ៉ា​ចា​ប៉ាក់​សា (Gotabaya Rajapaksa) អំពី​ការ​សម្រេចចិត្ត​របស់​លោក​ក្នុង​ការ​លាលែង​ពី​តំណែង​រួចរាល់​ហើយ​។

ប៉ុន្ដែ មន្ត្រីជាន់ខ្ពស់​នៅ​ក្នុង​ការិយាល័យ​របស់​លោកនាយក​រដ្ឋមន្ត្រី ម៉ា​ហ៊ី​ន​ដា នេះ បាន​ប្រាប់​សារព័ត៌មាន​ជប៉ុន Nikkei ថា លោក​មិន​ទាន់​ទទួល​បានការ​បញ្ជាក់​ណាមួយ​ថា លិខិត​សុំ​លាលែង​ពី​ដំណែង​នេះ​ត្រូវ​បាន​អនុម័ត​នៅឡើយ​ទេ​។

ទោះ​យ៉ាងណា ភ្លាម​ៗ​ក្រោយ​ពី​លេច​ឭ​ដំណឹង​ពី​ការ​លាលែង​តំណែង​របស់​លោកនាយក​រដ្ឋមន្ត្រី​ស្រី​លង្ការ រួច​មក ពលរដ្ឋ​ក្នុង​ប្រទេស​ដី​កោះ​ស្រី​លង្កា​មួយ​នេះ​បាន​ដុត​ផាវ និង បាញ់​កាំជ្រួច​ដើម្បី​អបអរសាទរ​យ៉ាងច្រើន​កុះករ​។

សូម​បញ្ជាក់​ថា នៅ​អំឡុង​ពេល​បាតុកម្ម​នោះ ក្រុម​ប៉ូ​លី​សបាន​វាយប្រហារ​បាតុករ និង​បាន​បំផ្លាញ​ទីតាំង​នានា ដែល​ជា​កន្លែង​សម្រាប់​ធ្វើ​បាតុកម្ម​ប្រចាំ​ថ្ងៃ​ក្នុង​រយៈពេល​១​ខែ​កន្លង​មកនេះ​។

ទោះបីជា មាន​បម្រាម​គោចរ​ក៏​ដោយ ផ្ទះ និង ការិយាល័យ​ជា​ច្រើន​របស់​សមាជិក​សភា​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល និង អ្នកនយោបាយ​បក្ស​កាន់​អំណាច​ត្រូវ​បាន​ដុត​បំផ្លាញ​ដោយ​ហ្វូង​បាតុករ​ដែល​មាន​កំហឹង​ជា​ខ្លាំង​។

  • គួរ​ជម្រាប​ថា សេដ្ឋកិច្ច​ប្រទេស​ស្រី​លង្កា កំពុង​ដុនដាប​កាន់តែ​ខ្លាំង​ទៅ​ៗ​ហើយ ដោយសារ​តែ​រដ្ឋាភិបាល​ខ្វះ​រូបិយ​វត្ថុ​បរទេស​ដើម្បី​ទ្រទ្រង់​ដល់​ការ​នាំ​ចូល​ទំនិញ គួប​ផ្សំ​នឹង​ការ​ជំពាក់​បំណុល​បរទេស​វណ្ឌ​ករ​ជាដើម​។ យ៉ាងណាមិញ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ស្រី​លង្កា កាលពី​ស​ប្តា​ហ៍​មុន​បាន​ប្រកាស​ថា​ស្រី​លង្កា​មាន​ទុនបម្រុង​ត្រឹមតែ ៥០ លាន​ដុល្លារ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​ស្រី​លង្កា​កំពុង​ចរចា​ជាមួយ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) សម្រាប់​ថវិការ​ជំនួយ ប៉ុន្តែ​អ្នកជំនាញ​អះអាង​ថា ការ​ស្នើរ​សុំ​នេះ​នឹង​ចំណាយពេល​ជា​ច្រើន​ខែ​បន្ត​ទៀត ដើម្បី​ទទួល​បានការ​អនុម័ត​៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

None



អត្ថបទបន្ទាប់


ក្រុមប្រឹក្សាសន្តិសុខUN នឹងជួបប្រជុំគ្នាស្ដីពីបញ្ហានៅកូរ៉េខាងជើងនៅថ្ងៃនេះ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី ១១ ឧសភានេះ តាមការស្នើសុំរបស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីសកម្មភាពដ៏…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ