លោក Vitai Ratanakorn នាយកប្រតិបត្តិនៃធនាគារប្រាក់សន្សំរដ្ឋថៃ បានលើកឡើងថា ប្រាក់កម្ចីនេះ គឺដាក់គោលដៅទៅលើ ពលរដ្ឋដែលគ្មានការងារធ្វើ ដូចជា ត្រូវបានដកចេញពីការងារ ឬចេញពីរោងចក្រ ដែលជួបប្រទះនឹងវិបត្តិដោយសារតែមេរោគកូវីដ១៩។
ធនាគារ គ្រោងនឹងផ្តល់ប្រាក់កម្ចីងាយ ចន្លោះពី ៩០០ដុល្លារ ដល់ ៣ពាន់ដុល្លារអាមេរិក សម្រាប់បុគ្គលិកម្នាក់ អាស្រ័យទៅតាមគម្រោងវិនិយោគរបស់ពួកគេ។
ដើម្បីបំពេញលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានប្រាក់កម្ចីនេះ អ្នកខ្ចី ចាំបាច់ត្រូវចូលរួមកម្មវិធីបណ្តុះបណ្តាលអាជីពរបស់ធនាគារផ្ទាល់ ដែលមានច្រើនជំនាញដូចជា ជាងកាត់សក់ និងជាងភ្លើងជាដើម។
យ៉ាងណាមិញ អ្នកខ្លះទៀត អាចនឹងខ្ចីប្រាក់ដើម្បីទិញហ្វ្រេនឆាយ ឬបើកហាងកាហ្វេនៅក្នុងសហគមន៍របស់ពួកគេក៏បាន។
ជាធម្មតា ស្ថាប័នហិរញ្ញវត្ថុ ពុំផ្តល់ប្រាក់កម្ចីដល់ បុគ្គលដែលគ្មានការងារធ្វើនោះទេ ព្រោះវាមានហានិភ័យខ្ពស់នៃការមិនសងត្រលប់ តែយ៉ាងណា ធនាគារប្រាក់សន្សំរដ្ឋថៃ បានស្នើទៅក្រសួងហិរញ្ញវត្ថុថៃ ក្នុងការពិចារណាផ្តល់ការឧបត្ថម្ភធនដល់ ប្រាក់កម្ចីមិនដំណើរការ ក្រោមកម្មវិធីនេះ។
បើតាមទិន្នន័យពីការិយាល័យស្ថិតិជាតិថៃ បានបង្ហាញឲ្យដឹងថា គិតត្រឹមត្រីមាសទី ២ ឆ្នាំ ២០២១នេះ អត្រាគ្មានការងារធ្វើនៅថៃមានប្រមាណ ៧៦ម៉ឺននាក់ ដែលស្មើនឹង ២% នៃកម្លាំងពលកម្មសរុបជាង ៣៨លាននាក់ ហើយភាគច្រើននៃអ្នកគ្មានការងារធ្វើ គឺមានកម្រិតការសិក្សាថ្នាក់បរិញ្ញាបត្រ៕
អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍