ជាក់ស្ដែងបច្ចុប្បន្ន ក្រុមហ៊ុនដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា បានកើនឡើង២១ក្រុមហ៊ុន ដោយបានកៀរគរទុនវិនិយោគសរុបប្រមាណ៣៥០លានដុល្លារ។ ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា នៅតែបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា ក្រុមហ៊ុនថ្មីៗ នឹងមានការចាប់អារម្មណ៍លើវិស័យមូលបត្រនៅកម្ពុជា ជាពិសេសមេផ្សារហ៊ុនកម្ពុជា ក៏រំពឹងដែរថា នៅចុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនថ្មីមួយទៀតនឹងអាចចុះបញ្ជីជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា។
ថ្លែងនៅក្នុងកម្មវិធីចុះបញ្ជីលក់សញ្ញាបណ្ណនិរន្តភាពជាផ្លូវការរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជាកត់សម្គាល់ឃើញថា ដ្បិតស្ថានភាពជួញដូរភាគហ៊ុនកម្ពុជា នៅក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ ហាក់បង្ហាញទំនោរធ្លាក់ចុះបន្តិចក៏ពិតមែន ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះវិភាគហ៊ុននៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជារំពឹងថា នឹងមានក្រុមហ៊ុនថ្មីៗកាន់តែច្រើនចាប់អារម្មណ៍លើវិស័យមូលបត្រនៅកម្ពុជា ជាពិសេសនៅចុងឆ្នាំ២០២៣នេះ មេផ្សារហ៊ុនកម្ពុជាក៏រំពឹងថា ផ្សារមូលបត្រកម្ពុជានឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីមួយបន្ថែមទៀត។ បើតាមឯកឧត្តម ហុង សុហួរ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន២១ក្រុមហ៊ុនបានចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា ខណៈក្រុមហ៊ុនទាំងនេះបានកៀរគរទុនវិនិយោគសរុបប្រមាណ៣៥០លានដុល្លារ។
សម្រាប់អ្នកជំនាញរូបនេះ ដ្បិតទំហំជួញដូរភាគហ៊ុននៅកម្ពុជាឆ្នាំនេះមានការធ្លាក់ចុះ តែសកម្មភាពជួញដូរប្រចាំថ្ងៃវិញ ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈវិនិយោគិនសកម្មមានចំនួន១ម៉ឺន១ពាន់នាក់ ក្នុងចំណោមវិនិយោគិន៤ម៉ឺន៧ពាន់នាក់។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានាដែលផ្សារមូលបត្រកម្ពុជាសម្រេចបាននាពេលកន្លងមកជាពិសេសទាក់ទងនឹងការសម្របសម្រួលឲ្យមានការបើកគណនីតាមប្រព័ន្ធអនឡាញ ដែលជួយសម្រួលកាន់តែប្រសើរដល់អ្នកវិនិយោគ។ ឯកឧត្តមបានចាត់ទុកវិស័យមូលបត្រកម្ពុជា គឺជាវិស័យអាទិភាពមួយ ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដ្បិតវាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ថ្នាក់ដឹកនាំជាន់ខ្ពស់រូបនេះ បានចាត់ទុកការចុះបញ្ជីលក់សញ្ញាបណ្ណនិរន្តភាពជាផ្លូវការរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ជាការកៀរគរប្រភពទុន និងក្រុមហ៊ុនថ្មីៗ បន្ថែមទៀតឱ្យចូលក្នុងវិស័យមូលបត្រនៅកម្ពុជា។
សូមបញ្ជាក់ថា ទំហំជួយដូរភាគហ៊ុននៅកម្ពុជាបច្ចុប្បន្នបានធ្លាក់មកនៅត្រឹម២១ម៉ឺនដុល្លារប៉ុណ្ណោះក្នុង១ថ្ងៃ ខណៈកាលពីឆ្នាំ២០២២ ទំហំជួញដូរជាមធ្យមគឺ៥០ម៉ឺនដុល្លារក្នុង១ថ្ងៃ។ ការធ្លាក់ចុះនេះត្រូវបានអ្នកជំនាញផ្សារមូលបត្រវាយតម្លៃថា គឺបណ្តាលមកពីការជះឥទ្ធិពលពីវិបត្តិសង្គ្រាម និងបញ្ហាសេដ្ឋកិច្ចសកលជាដើម ដ្បិតបញ្ហាទាំងនេះបានធ្វើឱ្យអ្នកវិនិយោគមានការព្រួយបារម្ភធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងបានធ្វើឱ្យអ្នកវិនិយោគមួយចំនួនស្ទាក់ស្ទើរក្នុងការប្រឡូកចូលក្នុងវិស័យភាគហ៊ុន៕