ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា “យើងរីករាយដែលការហោះហើរពាណិជ្ជកម្មពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម អ៊ែរឡាញ បានមកដល់ចក្រភពអង់គ្លេស ហើយអ្នកដែលបានហោះហើរ ឥឡូវនេះ បានដល់ផ្ទះពួកគេហើយ។”
អ្នកនាំពាក្យក្រសួងការបរទេសអង់គ្លេស បាននិយាយថា មានតែមនុស្ស ១៣០នាក់ប៉ុណ្ណោះ ដែលបានកក់ជិះជើងហោះហើរកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដូច្នេះហើយនៅសល់កន្លែងទំនេរច្រើនទៀត។
ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាក៏បានជំរុញឱ្យអ្នកទាំងនោះអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ដោយនៅឯកោតែខ្លួនឯងនៅផ្ទះ។
ស្ថានទូតបាននិយាយថា ឱកាសក្រោយសម្រាប់វិលត្រឡប់ទៅកាន់អង់គ្លេសវិញ គឺនៅថ្ងៃសុក្រទី ១៧ ខែមេសា ឆ្នាំ២០២០ តាមជើងហោះហើររបស់កូរ៉េអ៊ែរ ដែលមានតម្លៃ ៩៩០ដុល្លារ។
ស្ថានទូតបានបន្តថា សម្រាប់អ្នកដែលមានការលំបាកផ្នែកហិរញ្ញវត្ថុ ស្ថានទូតនឹងអាចពិភាក្សាអំពីជម្រើសជាប្រាក់កម្ចីដើម្បីទិញសំបុត្រយន្តហោះបាន។
ស្ថានទូតបាននិយាយដូច្នេះថា “យើងសូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណដល់ក្រុមការងារវៀតណាមអ៊ែរឡាញ នៅទីក្រុងភ្នំពេញចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ អាជ្ញាធរកម្ពុជាសម្រាប់ការគាំទ្ររបស់ពួកគេ ជាមួយនឹងការអនុញ្ញាតធ្វើដំណើរជាដើម សហសេវិករបស់យើងនៅស្ថានទូតអង់គ្លេស នៅទីក្រុងហាណូយ និងអ្នកដំណើរនៅរាត្រីនេះ សម្រាប់ការសហការដ៏អស្ចារ្យរបស់អ្នក។”
អ្នកដំណើរជនជាតិអង់គ្លេសរាប់រយនាក់បាននៅជាប់គាំងនៅប្រទេសកម្ពុជារាប់សប្តាហ៍មកហើយ ដោយសារតែមានការលុបជើងហោះហើរបន្ទាប់ពីមានការរាតត្បាតនៃកូវីដ១៩។
នៅតាមបណ្តាញសង្គមហ្វេសប៊ុក អ្នកដំណើរទាំងនោះបានបង្កើតជាក្រុម ឈ្មោះថា “Stranded in Cambodia UK” ដើម្បីរៀបចំការហោះហើរពិសេសចេញពីកម្ពុជា ហើយក៏ហាក់ដូចជាខឹងនិងខកចិត្តចំពោះរដ្ឋាភិបាលអង់គ្លេស ដែលមិនជួយពួកគេ។
លោក Nick Cross ដែលបានទៅដល់ប្រទេសអង់គ្លេស ហើយបាននិយាយនៅក្នុងក្រុមឈ្មោះថា “Stranded in Cambodia UK” ថា លោកនឹងបន្តខំប្រឹងប្រែងដើម្បីឱ្យអ្នកផ្សេងទៀតបានត្រលប់ទៅផ្ទះវិញ។
លោក Nick Cross បានសរសេរដូច្នេះថា "ខ្ញុំសូមបញ្ជាក់ថា យើងបានបោះជំហានទៅមុខយ៉ាងធំនៅទីនេះ ក្នុងរយៈពេលពីរសប្តាហ៍កន្លះ ចុងក្រោយនេះ ហើយនេះគឺជាសក្ខីភាពនៃការខិតខំរបស់អ្នក ដែលបង្កើតសំឡេងរំខានតាមរយៈទូរទស្សន៍ វិទ្យុ កាសែត ឬអ៊ីម៉េលទៅកាន់សមាជិកសភា ដើម្បីឲ្យរឿងរ៉ាវរបស់យើងឮជាសាធារណៈ។"
លោក Nick Cross បានបន្តថា “ទីបំផុត យើងបានធ្វើឱ្យស្ថានទូតអង់គ្លេសធ្វើអ្វីមួយ ទោះបីវាមិនមែនជាអ្វីដែលយើងចង់បាន ទាក់ទងនឹងតម្លៃក៏ដោយ នេះគឺជាជំហានឆ្ពោះទៅមុខដ៏ត្រឹមត្រូវមួយសម្រាប់ពួកគេក្នុងការទទួលខុសត្រូវ៕”