ប៉ុន្តែលោកអះអាងថា ករណីជ្រូកកើតជំងឺនៅកម្ពុជា ស្ថិតក្នុងទ្រង់ទ្រាយតូច និងអាចគ្រប់គ្រងបាន ហើយបានណែនាំដល់កសិករត្រូវចេះធ្វើអនាម័យទ្រុងជ្រូក និងរាយការណ៍ទៅអាជ្ញាធរ ឬមន្រ្តីជំនាញ ដើម្បីចាត់វិធានការ។ យ៉ាងណាក៏ដោយ មកទល់ពេលនេះមិនទាន់មានការបញ្ជាក់ពីស្ថាប័នជំនាញថា ជំងឺដែលបានកើតឡើងលើជ្រូករបស់ប្រជាពលរដ្ឋជាជំងឺអ្វីនោះទេ។
លោក ហួត រ៉ាដេត ស្ថាបនិកក្រុមហ៊ុន សាច់ជ្រូកជាតិ កត់សម្គាល់ឃើញថា ការកើតមានជំងឺឆ្លងលើសត្វជ្រូកចិញ្ចឹមលក្ខណៈគ្រួសារអាចដោយសារតែកសិករមួយចំនួនមិនបានធ្វើអនាម័យ ឬធ្វើជីវៈសុត្ថិភាពក្នុងបរិវេណទ្រុងឱ្យបានត្រឹមត្រូវ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើការការពារមិនបានត្រឹមត្រូវទេនោះនឹងធ្វើឱ្យសត្វជ្រូកងាយឆ្លងជំងឺ និងងាប់។ សម្រាប់លោក ហួត រ៉ាដេត ប្រសិនបើកសិករមានបញ្ហាសត្វជ្រូកមានជំងឺ គួរប្រញ៉ាប់ស្វែងរកការអន្តរាគមន៍ពីអ្នកជំនាញ ដើម្បីព្យាបាល និងបង្ការការឆ្លងរីករាលដាល។
ដោយឡែកលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ទទួលស្គាល់ថា ជំងឺលើសត្វជ្រូកតែងកើតមានជាហូរហែ និងក្លាយជាបន្ទុកដល់កសិករ ខណៈជំងឺខ្លះត្រូវបានឆ្លងតាមរយៈការនាំចូលជ្រូករស់ពីប្រទេសជិតខាងដោយសារមិនមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។ អ្នកជំនាញរូបនេះលើកឡើងថា ករណីជ្រូកកើតជំងឺនៅកម្ពុជាស្ថិតក្នុងទ្រង់ទ្រាយតូចនៅឡើយ ហើយក៏មិនទាន់មានការរាលដាលទ្រង់ទ្រាយធំ និងបង្កការបារម្ភខ្លាំងនោះដែរ។ ទោះជាបែបនេះក្ដីលោក ស្រ៊ុន ពៅ បានអំពាវនាវដល់កសិករឱ្យចេះធ្វើអនាម័យក្នុងទ្រុងជ្រូកដើម្បីបង្ការជំងឺឆ្លងនានា និងសុំអន្តរាគមន៍ពីមន្រ្តីជំនាញតាមមូលដ្ឋានដើម្បីធ្វើការទប់ស្កាត់។
ជុំវិញបញ្ហានេះដែរសារព័ត៌មាន ខេមបូណូមីស ពុំទាន់អាចទាក់ទងឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សុំការបញ្ជាក់ជុំវិញបញ្ហាជំងឺដែលកំពុងកើតលើជ្រូករបស់កសិករបាននៅឡើយទេ។ យ៉ាងណាមិញ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវដល់កសិករត្រូវបង្ហាញភាពស្មោះត្រង់ និងសហការជាមួយមន្រ្តីពេទ្យសត្វនៅតាមមូលដ្ឋានដើម្បីយកឈាម ឬសំណាកសត្វដែលសង្ស័យមានជំងឺទៅពិសោធន៍ បើពុំដូច្នោះទេនោះនឹងបង្កការឆ្លងរាលដាលកាន់តែខ្លាំង និងធ្វើឱ្យទីផ្សារសាច់សត្វមានបញ្ហាកាន់តែធំ៕
អត្ថបទ៖ បូ ដូឡា