វិស័យការបរទេស

តើ​កម្ពុជា អាច​ទាញផលប្រយោជន៍អ្វីខ្លះពីដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង មកកាន់កម្ពុជា?


ដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលខាងមុខរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង មកកាន់ប្រទេសកម្ពុជា ត្រូវបានក្រុមអ្នកវិភាគ និងអ្នកជំនាញមើលឃើញថា ជាឱកាសដ៏ល្អសម្រាប់កម្ពុជា ក្នុងការទាញយកផលប្រយោជន៍យុទ្ធសាស្ត្រពីមហាអំណាចមួយនេះ។
វិស័យការបរទេស
ដោយ

ផលប្រយោជន៍ទាំងនោះ រាប់ចាប់តាំងពីការទាក់ទាញការវិនិយោគ ការផ្ទេរបច្ចេកវិទ្យាកម្រិតខ្ពស់ រហូតដល់ការពង្រឹងសមត្ថភាពការពារជាតិ ជាពិសេសបច្ចេកវិទ្យាយោធា ខណៈបារាំង ជាសសរស្ដម្ភការពារជាតិដ៏រឹងមាំមួយរបស់សហភាពអឺរ៉ុប។

ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា កម្ពុជា គួរតែចាប់យកឱកាសនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ សំដៅបង្កើនសមត្ថភាពការពារបូរណភាពទឹកដី និងឆ្លើយតបចំពោះការប្រែប្រួលភូមិសាស្ត្រនយោបាយទាំងក្នុងតំបន់ និងលើពិភពលោក។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានុយអែល ម៉ាក្រុង មកកាន់កម្ពុជា នាពេលខាងមុខនេះ កម្ពុជាមានឱកាសខ្ពស់ក្នុងការស្រូបទាញផលប្រយោជន៍យ៉ាងច្រើនទាំងការវិនិយោគ និងបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់ពីប្រទេសបារាំង ខណៈបារាំង ប្រៀបដូចជាខ្នងបង្អែកយុទ្ធសាស្ត្រដ៏រឹងមាំរបស់សហភាពអឺរ៉ុប។

អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា កម្ពុជា មិនគួរបណ្តោយឱ្យឱកាសនេះកន្លងផុតឡើយក្នុងការប្រមូលយកកិច្ចសហប្រតិបត្តិការលើការកសាងធនធានមនុស្ស និងបច្ចេកវិទ្យាយោធាពីបារាំង ព្រោះបារាំង គឺជាមហាអំណាចនុយក្លេអែដ៏មានឥទ្ធិពលមួយនៅលើសកលលោក។

បន្ថែមលើនេះ បារាំងមានឧត្តមភាពខ្លាំងក្លាលើប្រព័ន្ធរ៉ាដា និងសម្ភារយោធាការពារដែនសមុទ្រ ដូច្នេះកម្ពុជាគួរសិក្សាពីលទ្ធភាពបញ្ជាទិញអាវុធទំនើបៗទាំងនោះមកធ្វើជាខែលការពារជាតិ ចំពេលដែលស្ថានការណ៍ភូមិសាស្ត្រនយោបាយកំពុងរង្គោះរង្គើ និងប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុក។

ជាមួយគ្នានេះលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយជឿជាក់ថា កម្ពុជានឹងទទួលបានផ្លែផ្កាយ៉ាងច្រើនពីទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្រជាមួយបារាំង។ រាប់ទាំងលោក ម៉ាក្រុង ប្រធានាធិបតីបារាំងដែលបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាមានចំនួន៣រូបហើយចាប់តាំងពីឆ្នាំ១៩៦៦ មក ដែលនេះជាភស្តុតាងស្តែងឱ្យឃើញពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងស៊ីជម្រៅរវាងប្រជាជាតិទាំងពីរ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជាព្រឹត្តិការណ៍ការទូតធម្មតានោះទេ ប៉ុន្តែបារាំងប្រៀបដូចជាកំពុងមកជួយបំពេញបន្ថែមនូវខែលការពារ និងចំណុចខ្វះខាតរបស់កម្ពុជា ជាក់ស្តែងគឺការលើកកម្ពស់សមត្ថភាពការពារជាតិ ដើម្បីទប់ទល់នឹងការឈ្លានពាន ឬការរំលោភបំពានពីប្រទេសជិតខាង។

លោកបណ្ឌិតបានរំលេចថា បារាំងជាមហាអំណាចអចិន្ត្រៃយ៍មួយក្នុងចំណោមមហាអំណាចទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយក៏ជាប្រទេសដែលអាចផលិតយន្តហោះចម្បាំង និងគ្រឿងយុទ្ធោបករណ៍សឹកទំនើបៗបំផុតលើលោក។ ដូច្នេះកម្ពុជាគួរតែពិចារណាបញ្ជាទិញអាវុធទំនើបៗទាំងនោះ សម្រាប់ការសាងសង់ខែលការពារខ្លួនក្នុងន័យស្ថាបនា មិនមែនជាការគំរាមកំហែងដល់ប្រទេសជិតខាងនោះឡើយ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង និងភរិយា នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ចំថ្ងៃដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ក្នុងប្រវត្តិសាស្ត្រ។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ កម្ពុជា និងបារាំងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនរួមមានវិស័យការពារជាតិ សេដ្ឋកិច្ច វប្បធម៌ និងការវិនិយោគ៕


អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


បក្សប្រជាធិបតេយ្យនឹងបញ្ចប់រឿងពន្ធគយ និងរារាំងសំណើថវិកាការពារជាតិ១,៥ទ្រីលានដុល្លាររបស់លោក ត្រាំ

ទោះបីជាសមរភូមិបោះឆ្នោតដណ្តើមអាសនៈក្នុងសភាបានបិទបញ្ចប់ទៅហើយក្តី ប៉ុន្តែសង្គ្រាមនយោបាយជុំវិញគោលនយោបាយពន្ធគយដ៏ស្មុគស្មាញរបស់ប្រធានាធិបតី ដូ…

អ្នកជំនាញជំរុញឱ្យកសិករចិញ្ចឹមជ្រូកពង្រឹងអនាម័យទ្រុង ក្រោយជ្រូកឆ្លងជំងឺឈឺ និងងាប់ជាបន្តបន្ទាប់

ក្រុមអ្នកចិញ្ចឹមជ្រូកមួយចំនួនកំពុងព្រួយបារម្ភយ៉ាងខ្លាំងពីការផ្ទុះឡើង នៃអាការៈជំងឺឆ្លងលើសត្វជ្រូក ដោយសត្វជ្រូករបស់ពួកគេជាច្រើនក្បាលបានបង្ហាញរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ