ឧស្សាហកម្ម​ទេសចរណ៍ថៃ

វិស័យទេសចរណ៍ថៃ កំពុងរងផលប៉ះពាល់ ដោយសារលុយបាតឡើងថ្លៃ


ការកើនឡើងតម្លៃលុយបាតរបស់ថៃ បានបង្ហាញពីសម្ពាធនៃការប្រឈមកាន់តែខ្លាំងសម្រាប់វិស័យទេសចរណ៍នៅក្នុងប្រទេសថៃ នារដូវសម្បូរភ្ញៀវនៅឆ្នាំនេះ បន្ទាប់ពីអត្រាតម្លៃ​លុយ​បាតថៃ មានការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ៦ឆ្នាំកន្លងមកនេះ។ នេះបើតាមការអះអាងពី ថ្នាក់ដឹកនាំអាជីវកម្មសំខាន់ៗជាច្រើនក្នុងវិស័យទេសចរណ៍។
ថៃចង់ចាប់យកភ្ញៀវទេសចរចិន និងឥណ្ឌាកាន់តែច្រើន តាមរយៈលើកលែងកម្រៃទិដ្ឋាការ (រូបភាព៖ បាងកកប៉ុស្ដិ៍)
ដោយ

តម្លៃលុយបាតថៃ បានងើបឡើង​ខ្ពស់ដល់ទៅ ៣០,២២ បាត ក្នុង​មួយដុល្លារ​អាមេរិក ហើយអ្នកវិភាគ​មួយចំនួន​រពឹងថា លុយបាតនឹង​កើនឡើងថ្លៃ ដល់ ៣០ បាត ក្នុងមួយដុល្លារ នៅឆ្នាំក្រោយ។

លោក វិចិត្រ ប្រាក់កុប កុសល ប្រធាន​សមាគម​ទីភ្នាក់ងារទេសចរណ៍​ថៃ បានបញ្ជាក់​ប្រាប់​កាសែតបាង​កកប៉ុស្ដិ៍ថា វិស័យទេសចរណ៍ អាចនឹងបាត់បង់​ឱកាសល្អ ដើម្បីទាក់ទាញ​ភ្ញៀវទេសចរ មកកាន់​ប្រទេសថៃ នាអំឡុង​រដូវសម្បូរភ្ញៀវ ចាប់ពីខែ​វិច្ឆិកា ដល់ខែធ្នូ ដែលវាអាច​នឹងមាន​ភ្ញៀវតិច​ជាងគោលដៅ​ដែលរាជរដ្ឋាភិបាល​បានកំណត់​នៅឆ្នាំនេះ។

លោក វិចិត្របាន គូសបញ្ជាក់ទៀតថា «យើងមិនមាន​ការគ្រប់គ្រង​លើកត្តាខាងក្រៅ​ដូចជា បញ្ហាសង្គ្រាម​ពាណិជ្ជកម្មអាមេរិក និងចិន នោះទេ ប៉ុន្ដែ រដ្ឋាភិបាល និងធនាគារថៃ អាចជួយដោះស្រាយ​បញ្ហា ដោយការទម្លាក់​ការប្រាក់ទាប ដើម្បីជួយដល់​ប្រតិបត្តិករ ក្នុងវិស័យ​ទេសចរណ៍ និងការនាំចេញ។»

ប្រធានសមាគភ្នាក់ងារ​ទេសចរណ៍ថៃរូបនេះ បានលើកឡើងទៀតថា ការពន្យាពេល​នៃការការលើកលែង​ទិដ្ឋាការមកដល់ តម្លៃ ២ពាន់បាត ប្រមាណ ៦៦ដុល្លារអាមេរិក គឺនឹងជួយ​រក្សាបានចំនួន​ភ្ញៀវទេសចរចិន នៅឆ្នាំនេះ បើទោះបីជា ប្រាក់យ័នចិន មានការចុះ​ខ្សោយក៏ដោយ។

ប្រាក់បាតថៃ បានឡើងថ្លៃ ពី ៣៣,១៣ បាត ក្នុងមួយ​ដុល្លារអាមេរិក ចាប់ពីខែ​ចុងខែតុលា ឆ្នាំ២០១៨មក មកដល់ ៣០,២២ បាត ក្នុងមួយដុល្លារ​អាមេរិក នៅចុងឆ្នាំនេះ នេះបើតាម​ធនាគារ​កណ្ដាលថៃ។

អ្នកជំនាញ​មើលឃើញថា ប្រសិនបើ​ប្រាក់បាត ឡើងដល់ ៣០ បាតក្នុងមួយ​ដុល្លារអាមេរិក នោះ វិស័យ​ទេសចរណ៍ថៃ នឹងកាន់តែត្រូវ​រងផលប៉ះពាល់ ដោយភ្ញៀវទេសចរ​ចូលក្នុងប្រទេសថៃ មានចំនួនទាប តែនឹងកើន​ឡើងជនជាតិថៃ ធ្វើដំណើរចេញ​ទៅក្រៅ​ប្រទេសវិញ។

បញ្ហារូបិយវត្ថនេះ បានធ្វើឲ្យក្រុម​ប្រឹក្សាទេសចរណ៍ថៃ បន្ទាបព្យាករណ៍​សម្រាប់ភ្ញៀវទេសចរ​មកដល់ នៅឆ្នាំនេះ មកនៅត្រឹម ៣៩,៧ លាននាក់ ខណៈដែលពី​មុនព្យាករថា ទទួលបាន​ភ្ញៀវទេសចរ ៤០,១ លាននាក់។

របាយការណ៍ពីក្រសួង​ទេសចរណ៍ និងកីឡាថៃ បានឲ្យដឹងថា ចំនួនទេសចរ​អន្តរជាតិ​ដែលបាន​ធ្វើដំណើរទៅកាន់​ប្រទេសថៃ ក្នុងរយៈពេល ៩ខែ ឆ្នាំនេះ បានកើនឡើង​ដល់ ២៩,៥សែននាក់ កើន ៣,៥% ធៀប​នឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន ដែលបានផ្ដល់ចំណូល​ប្រមាណ ១,៤២ ទ្រីលានបាត ប្រមាណជា ៤៧ ពាន់លាន​ដុល្លារ​អាមេរិក កើនឡើង ៣,៥%។ ក្នុងរយៈពេល ៩ខែ ឆ្នាំនេះដែរថា ថៃបានទទួល​បានភ្ញៀវ​ទេសចរចិន ប្រមាណ ៨,៥ លាននាក់ កើនឡើង ១,៧% ខណៈដែល ទេសចរ​ពីទ្វីបអឺរ៉ុប ធ្លាក់ចុះ១,៨%៕  

None



អត្ថបទបន្ទាប់


ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Thai Airways ចុះចេញពីតំណែង ខណៈក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ

ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways បាននិងកំពុង ជួបវិបត្តិហិរញ្ញវត្ថុអូសបន្លាយមកអស់រយៈពេលជាយូរមកហើយ។ អំឡុងពេលដែលក្រុមហ៊ុនកំពុងជួ…

សម្ដេច ហ៊ុន សែន ស្នើមហាមិត្ត​ចិន ឲ្យជួយគាំទ្រដល់ការអភិវឌ្ឍខេត្តព្រះសីហនុ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានស្នើដល់រដ្ឋាភិបាលចិន ឲ្យជួយគាំទ្រដល់ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដោយសម្ដេចតេជោបានអះអាងថា ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ