នៅក្នុងនោះដែរ វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពមួយដែលបានរងគ្រោះខ្លាំងជាងគេដោយសារជំងឺកូវីដ-១៩ និងវិបត្តិសាកលជាបន្តបន្ទាប់។ ជាលទ្ធផលបានមកពីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ឃើញថា វិស័យទេសចរណ៍ទទួលបាននូវដំណោះស្រាយមួយចំនួនពីរាជរដ្ឋាភិបាល ក្នុងគោលបំណងដោះស្រាយបញ្ហានានា និងជំរុញការស្ដារវិស័យទេសចរណ៍ឲ្យងើបឡើងវិញ ខណៈបញ្ហាមួយចំនួនទៀតក៏មិនទាន់ទទួលបានការដោះស្រាយនោះដែរ។
បើទោះបីជា មិនទាន់បានគាប់ប្រសើរយ៉ាងក្តី តែអ្នកជំនាញ និង ជំនួញនៅក្នុងវិស័យទេសចរណ៍ បានគាំទ្រនូវរាល់ដំណោះស្រាយនានា ដែលបានដាក់ចេញនិងសម្រេចដោយប្រមុខរាជរដ្ឋាភិបាលក្នុងការទ្រទ្រង់វិស័យទេសចរណ៍ឲ្យមានភាពល្អប្រសើរឡើងវិញ។
ជុំវិញបញ្ហានេះ លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមភ្នាក់ងារទេសចរណ៍ បានគូសបញ្ជាក់ថា សម្រាប់លទ្ធផលក្នុងវិស័យទេសចរណ៍ ដែលទទួលបានពីកិច្ចអន្តរាគមន៍ផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាល សុទ្ធតែផ្ដល់នូវសារសំខាន់ក្នុងការស្ដារវិស័យទេសចរណ៍ឲ្យងើបឡើងវិញ។ សម្រាប់លោក ហូ វណ្ណឌី ការទម្លាក់កញ្ចប់ថវិកាបន្ថែមចំនួន ៥០លានដុល្លារ ពីរាជរដ្ឋាភិបាលមិនត្រឹមតែផ្ដល់ប្រយោជន៍សម្រាប់ផ្នែកឯកជន ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ជាពិសេសអ្នកដែលពាក់ព័ន្ធនឹងវិស័យនេះ តែម្ដង។
ចំណែកឯ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ក៏បានបង្ហាញការគាំទ្រផង ដែរចំពោះវិធានការ និងការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រាប់លទ្ធផលសម្រេចក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩។ ដ្បិតកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការជាបន្តបន្ទាប់ ដើម្បីជួយដល់អាជីវកម្មទេសចរណ៍ក្នុងស្រុក និងស្ដារវិស័យទេសចរណ៍កម្ពុជា ឲ្យងើបឡើងវិញ ក៏ដោយចុះ តែចរន្តនៃវិស័យមួយនេះក៏នៅមានកម្រិតនៅឡើយ។ យ៉ាងណាមិញ សម្រាប់អ្នកជំនាញរូបនេះ ទោះបី កញ្ចប់ថវិកាដែលរាជរដ្ឋាភិបាលកម្ពុជាបានទម្លាក់បន្ថែមចំនួន ៥០លានដុល្លារ នៅមានទំហំតូច ប៉ុន្តែលោកនៅតែយល់ឃើញថា ជាឱកាសល្អសម្រាប់អាជីវកម្មទេសចរណ៍ក្នុងការចាប់ផ្ដើមអាជីវកម្មទេសចរណ៍ឡើងវិញ ក្រោយពីវិស័យនេះបានរងគ្រោះខ្លាំងដោយសារតែវិបត្តិកូវីដ-១៩ និងបញ្ហាប្រឈមនានា។
បើតាមការកត់សម្គាល់របស់ក្រុមអ្នកជំនាញ បច្ចុប្បន្នស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជា ហាក់មិនទាន់មានអ្វីប្រែប្រួលខ្លាំងប៉ុន្មាននោះទេ ក៏ប៉ុន្តែ សម្រាប់ភ្ញៀវទេសចរបរទេសដែលចូលមកកម្សាន្តក្នុងប្រទេសកម្ពុជា ហាក់មានការរើបឡើងវិញបន្តិច ជាពិសេសទេសចរជនជាតិថៃ និងវៀតណាម។
សូមជម្រាបថា ទាក់ទងនឹងបញ្ហាប្រឈមនានា ដែលបាននិងកំពុងជួបប្រទះក្នុងវិស័យទេសចរណ៍នៅកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ បានជ្រើសរើសយកខេត្តសៀមរាប សម្រាប់អភិវឌ្ឍន៍ និងស្តារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដួចផ្ដើមដាក់ចេញនូវកម្មវិធីពិសេសមួយ គឺទស្សនាសៀមរាប ឆ្នាំ២០២៤។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលក៏ដាក់ចេញយន្តការលើកលែងពន្ធមួយចំនួនដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបផងដែរ ជាមួយនឹងការទម្លាក់កញ្ចប់ថវិកាបន្ថែមចំនួន ៥០លានដុល្លារ ដើម្បីស្ដារ និងជំរុញវិស័យទេសចរណ៍កម្ពុជាឲ្យប្រសើរឡើងវិញ។ទោះយ៉ាងណាការស្នើសុំរបស់ផ្នែកឯកជនក្នុងការលើកលែងនូវទិដ្ឋាការដល់ភ្ញៀវទេសចរបរទេសដែលចូលមកកម្សាន្តនៅកម្ពុជា មិនត្រូវបានទទួលការឯកភាពពីរាជរដ្ឋាភិបាលនោះទេ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា ចំណូលពីទិដ្ឋាការរបស់ភ្ញៀវទេសចរ ជាប្រភពដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចកម្ពុជា៕