ថ្លែងទៅកាន់សមាជិកនៃគណបក្សសាធារណរដ្ឋ កាលពីពេលថ្មីៗប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា នៅពេលអនាគតដ៏ខ្លីខាងមុខនេះ អាម៉េរិកនឹងដាក់ពន្ធលើក្រុមហ៊ុនបរទេស ដែលផលិតបន្ទះសៀគ្វីកុំព្យូទ័រ បន្ទះឈីប និងឱសថ។ លោក ត្រាំ បានលើកឡើងថា មានក្រុមហ៊ុនបន្ទះឈីបជាច្រើនបានចាកចេញពីអាម៉េរិក ទៅកោះតៃវ៉ាន់។ ដូច្នេះសម្រាប់លោក ត្រាំ ការលើកទឹកចិត្តវាជារឿងចាំបាច់ណាស់ក្នុងការស្រូបទាញក្រុមហ៊ុនទាំងនោះឱ្យត្រឡប់មកវិញ ព្រោះក្រុមហ៊ុនមិនចង់បង់ពន្ធបន្ទះឈីប២៥% ឬ៥០% ឬ១០០%ឡើយ។
ក្រសួងកិច្ចការសេដ្ឋកិច្ចរបស់តៃវ៉ាន់ បានឆ្លើយតបចំពោះបញ្ហានេះតាមរយៈសារព័ត៌មាន នីកេ ថា បន្ទះឈីបតៃវ៉ាន់ និងអាម៉េរិក និងឧស្សាហកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផ្សេងទៀតបានបំពេញឱ្យគ្នាយ៉ាងច្រើន បង្កើតជាគំរូអាជីវកម្មឈ្នះ-ឈ្នះមួយសម្រាប់ឧស្សាហកម្មអាម៉េរិក។
នៅក្នុងសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរ លោកស្រី ការ៉េន គូ (Karen Kuo) អ្នកនាំពាក្យប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) បានសង្កត់ធ្ងន់ថា តៃវ៉ាន់ និងអាម៉េរិក បានសហការគ្នាជាយូរមកហើយ ហើយមានការជឿទុកចិត្តគ្នាដ៏ល្អនៅក្នុងវិស័យបន្ទះឈីប និងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ដទៃទៀត ខណៈភាគីទាំងពីរមានទំនាក់ទំនងជិតស្និទ្ធ និងបង្កើតស្ថានភាពឈ្នះ-ឈ្នះទាំងអស់គ្នា។
ទោះបីផលិតកម្មបន្ទះឈីបរបស់ក្រុមហ៊ុន TSMC ភាគច្រើន ស្ថិតនៅកោះតៃវ៉ាន់ក៏ដោយ ប៉ុន្តែក្រុមហ៊ុនបន្ទះឈីបដ៏កំពូលរបស់តៃវ៉ាន់មួយនេះនៅតែបន្តវត្តមាននៅលើទឹកដីអាម៉េរិក ក្រោមកម្មវិធីលើកចិត្តការវិនិយោគរបស់លោក ចូ បៃដិន ដែលទើបបញ្ចប់អាណត្តិកាលពីពេលថ្មីៗនេះ ប៉ុន្តែលោក ត្រាំ ហាក់មិនសូវពេញចិត្តចំពោះវត្តមាននេះទេ ព្រោះវាធ្វើឱ្យអាម៉េរិកខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។
ក្រសួងសេដ្ឋកិច្ចរបស់តៃវ៉ាន់ បាននិយាយថា តៃវ៉ាន់នឹងបន្តយកចិត្តទុកដាក់ចំពោះគោលនយោបាយរបស់អាម៉េរិក ភ្ជាប់ទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងទីក្រុងវ៉ាស៊ីនតោន ដើម្បីធានាថា តៃវ៉ាន់ និងអាម៉េរិក អាចអភិវឌ្ឍរួមគ្នាក្នុងវិស័យឧស្សាហកម្ម និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនៅចំពោះមុខនៃបញ្ហាប្រឈមជាសកល៕
អត្ថបទ៖ សុខ មង្គល