ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងតេ បាននិយាយនៅក្នុងបទសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយកោះតៃវ៉ាន់ កាលពីពេលថ្មីៗនេះថា ប្រសិនបើក្រុងប៉េកាំង ចង់ទាមទារគ្រប់គ្រងលើដែនអធិបតេយ្យរបស់កោះតៃវ៉ាន់ ទីក្រុងប៉េកាំង ក៏គួរទាមទារយកមកទឹកដីពីរុស្ស៊ី ដែលបានចុះហត្ថលេខាដោយរាជវង្សចិនចុងក្រោយនៅក្នុងសតវត្សទី១៩ មកវិញដូចគ្នាដែរ។ លោកបានបញ្ជាក់ថា ប្រសិនបើការទាមទារនេះ គឺដើម្បីបុព្វហេតុបូរណភាពទឹកដី ហេតុអ្វីមិនយកទឹកដីពីរុស្ស៊ី ដែលបានចុះហត្ថលេខាក្នុងសន្ធិសញ្ញានាឆ្នាំ១៨៥៨ នោះមកវិញដែរទៅ ដូច្នេះ វាច្បាស់ណាស់ថា ទីក្រុងប៉េកាំង មិនចង់ឈ្លានពានតៃវ៉ាន់ ដោយសារតែហេតុផលទឹកដីនោះឡើយ។
ពាក់ព័ន្ធនឹងបទអត្ថធិប្បាយបែបចំអកនេះ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ តែរដ្ឋាភិបាលក្រុងប៉េកាំង តែងតែនិយាយថា តៃវ៉ាន់ជាទឹកដីរបស់ចិន តាំងពីបុរាណកាលមក។
តាមឯកសារដែលសារព័ត៌មានបានចុះ រាជវង្សជីងដែលជារាជវង្សចិនចុងក្រោយ ក៏បានចុះហត្ថលេខាប្រគល់កោះតៃវ៉ាន់ ទៅប្រទេសជប៉ុន ក្នុងឆ្នាំ១៨៩៥ ប៉ុន្តែក្រោយចាញ់សង្រ្គាម ជប៉ុនក៏បានចុះហត្ថលេខា នាឆ្នាំ១៩៤៥ ប្រគល់កោះនេះមកជូនរដ្ឋាភិបាលសាធារណរដ្ឋចិនវិញ។
លោក ឡៃ បាននិយាយថា អ្វីដែលទីក្រុងប៉េកាំង ពិតជាចង់ធ្វើទៅលើកោះតៃវ៉ាន់នោះ គឺជាចេតនាគ្រប់គ្រងកោះនេះ និងផ្លាស់ប្តូរច្បាប់នានា នៅលើកោះនេះ ពោលគឺទីក្រុងប៉េកាំង ចង់បង្ហាញនូវអនុតរភាពនៅតំបន់ប៉ាស៊ីហ្វិកខាងលិច៕
ដោយៈ សរ សុជាតិ