ក្រុមហ៊ុនដែល PTT និង Foxconn បណ្ដាក់ទុនរួមគ្នាបង្កើតឡើងនោះ មានឈ្មោះថា Horizon Plus ដែលត្រូវបាន បង្កើតឡើងកាលពីសប្ដាហ៍មុន ក្នុងគោលបំណងបង្កើតរោងចក្រផលិតរថយន្តអគ្គសនី។ ក្នុងនោះចំណែកភាគហ៊ុន ៦០% គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនថៃ PTT និង ៤០%ទៀត កាន់កាប់ដោយក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលគេស្គាល់ថាជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលដ៏ធំមួយសម្រាប់ក្រុមហ៊ុនអាមេរិក Apple។ ការវិនិយោគរួមគ្នារវាងក្រុមហ៊ុន PTT និង Foxconn ត្រូវបានគេរំពឹងថា នឹងបណ្តាក់ទុនរួមគ្នាចន្លោះពី ១ ពាន់លាន ទៅ ២ ពាន់លានដុល្លារ។
ការបណ្តាក់ទុននេះ នឹងបង្កើតរោងចក្រដំបូងនៅភាគខាងកើតប្រទេសថៃ ដែលនឹងមានសមត្ថភាពផលិតរថយន្តប្រហែល ៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ហើយគោលដៅដើម្បីពង្រីកសមត្ថភាពផលិតប្រចាំឆ្នាំរហូតដល់ប្រហែល ១៥ម៉ឺនគ្រឿងនៅឆ្នាំ ២០៣០ ។
សូមជម្រាបថា ថៃ គឺជាប្រទេសដែលស្រូបទាញក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅអាស៊ីអាគ្នេយ៍ ហើយមានគោលបំណងផលិតរថយន្តអគ្គិសនីឱ្យបានចំនួន ៣០% នៃរថយន្តដែលផលិតក្នុងស្រុកនៅឆ្នាំ ២០៣០។ ប៉ុន្តែក្រុមហ៊ុនជប៉ុនដែលមានចំណែកនៃគារផលិតរថយន្ដនៅប្រទេសថៃដល់ទៅ ៩០% នៃការផលិតសរុបនោះ ហាក់មិនសូវមានការពង្រីកវិសាលភាពផលិតរថយន្ដអគ្គិសនីនៅថៃនោះទេ ប៉ុន្ដែ បែរជាផ្ដល់អាទិភាពក្នុងការផលិតនៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងចិនទៅវិញ។
រាជរដ្ឋាភិបាលថៃសង្ឃឹមថា នឹងលើកទឹកចិត្តអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ក្នុងស្រុកឱ្យផ្តោតលើ រថយន្តអគ្គិសនីបន្ថែមទៀតតាមរយៈការបណ្តាក់ទុនរបស់ក្រុមហ៊ុន PTTនាពេលនេះ។
ទន្ទឹមនេះ ដើម្បីលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី នៅក្នុងប្រទេសថៃ ក្រុមហ៊ុន PTT ក៏បានចាប់ផ្តើមផ្ដល់សេវាកម្មជួលរថយន្ត និងបានដាក់ជួលរថយន្តអគ្គិសនី ពីក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតផងដែរ ហើយបច្ចុប្បន្ន ក្រុមហ៊ុនថៃមួយនេះ វាកំពុងដំឡើងស្ថានីយ៍សាកថ្មនៅតាមស្ថានីយ៍ប្រេងឥន្ធនៈរបស់ខ្លួនទូទាំងប្រទេសផងដែរ។
សូមបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុនអាល្លឺម៉ង់ Mercedes-Benz ក៏បានបង្ហាញពីផែនការក្នុងការផលិតរថយន្ដអគ្គិសនីជាលើកដំបូងនៅក្នុងប្រទេសថៃ នៅក្នុងឆ្នាំនេះផងដែរ៕