ការចរចារីកចម្រើនតែការវាយប្រហារមិនបានស្រាកស្រាន្ត

អ៊ុយក្រែនថា ការចរចាជាមួយរុស្ស៊ីហាក់រីកចម្រើនជាងមុនហើយ


ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយនៅថ្ងៃពុធទី១៦មីនាថា ការចរចាសន្តិភាពជាមួយរុស្ស៊ីហាក់បីដូចជាមានការរីកចម្រើនជាងមុន ពោលជំនួសឲ្យការខ្វែងគំនិតគ្នា កិច្ចពិភាក្សារវាងភាគីទាំងពីរស្តាប់ទៅហាក់មានភាពជាក់ស្តែងជាងមុន។
ការចរចារីកចម្រើនតែការវាយប្រហារមិនបានស្រាកស្រាន្ត

ក៏​ប៉ុន្តែ ប្រធានាធិបតី​អ៊ុយ​ក្រែ​នរូ​ប​នេះ​គូសបញ្ជាក់​ថា កា​ចរចា ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​។ បើ​ទោះបីជា វា​មានការ​បង្ហាញ​សញ្ញា​វិជ្ជមាន​ក្នុង​កិច្ចចរចា​សន្តិភាព​ក៏​ដោយ ប៉ុន្ដែ ស្នូ​គ្រាប់កាំភ្លើង និង​ការ​បាញ់​ផ្លោង​គ្រាប់​មី​ស៊ី​ល ពី​សំណាក់​កងទ័ព​រុ​ស្ស៊ី ទៅ​លើ​អ៊ុយ​ក្រែ​ន គឺ​នៅ​តែ​បន្ត​វាយប្រហារ​ដដែល ពិសេស​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​មក​លើ​ទីក្រុង​សំខាន់​ៗ រួម​ទាំង​រដ្ឋធានី​កៀវ​របស់​អ៊ុយ​ក្រែ​ន​ផង​ដែរ​។ 

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ហ្សេ​លេ​ន​ស្គី បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ​ថា​៖ កិច្ចប្រជុំ​នៅ​តែ​បន្ត ហើយ​រូប​លោក​បាន​ទទួល​ដំណឹង​មក​ថា ការ​ចរចា​លើក​ចុង​ក្រោយ​នេះ ស្តាប់​មើលទៅ​កាន់តែ​មាន​ភាព​ប្រាកដប្រជា​ច្រើន​ជាង​មុន​ហើយ​។ ប៉ុន្តែ​ពេលវេលា​នៅ​តែ​ត្រូវការ​បន្ថែម​ទៀត​សម្រាប់​ការ​សម្រេចចិត្ត​ដើម្បី​ជា​ផលប្រយោជន៍​របស់​អ៊ុយ​ក្រែ​ន​។

គួរ​ជម្រាប​ថា កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន បាន​បន្ត​កិច្ចចរចា​សន្តិភាព​ជុំ​ទី​៥​របស់​ខ្លួន​តាម​ប្រព័ន្ធ​វី​ដេ​អូ​អន​ឡាញ ដែល​ជា​ការ​ពិភាក្សា​គ្នា​ពី​ចម្ងាយ​លើក​ទី​២​ហើយ​តាម​អន​ឡាញ​ហ្នឹង បន្ទាប់​ពី​ការ​ចរចា​តាម​អន​ឡាញ​លើក​ដំបូង​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ មិន​ទទួល​បាន​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​។

យ៉ាងណាមិញ ការ​អះអាង​ពី​ភាគី​រុ​ស្ស៊ី​មិនសូវ​ជា​ស្របគ្នា​នឹង​ការ​លើក​ឡើង​របស់​ភាគី​អ៊ុយ​ក្រែ​ន​ប៉ុន្មាន​ឡើយ​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មេ​ទ្រី ប៉េ​ស​ស្កូវ និយាយ​ថា វា​ដូច​ជា​លឿន​រហ័ស​ពេក​សម្រាប់​ការ​ប៉ាន់ស្មាន​ដំណើរការ​ចរចា​ទុកជា​មុន​។ វា​ជា​រឿង​ពិបាក​សម្រាប់​ការ​ស្វែងរក​កិច្ចព្រមព្រៀង​សន្តិភាព​មួយ យើង​ស​ង្ឈឹ​ម​ថា ការ​ពិភាក្សា​គ្នា​ក្រោយ​ៗ​ទៀត​នឹង​ឈរ​លើ​ភាព​ជា​វិជ្ជមាន​ទៅ​ចុះ​។

គួរ​បញ្ជាក់​ថា ចាប់​តាំង​តែ​ពី​ដើម​មក រុ​ស្ស៊ី​បាន​ហៅ​សកម្មភាព​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ថា ជា​ប្រតិបត្តិការ​យោធា​ពិសេស​ដើម្បី​រំដោះប្រជាជន​អ៊ុយ​ក្រែ​ន និង​មិន​បាន​ចាត់​ទុក​ថា វា​ជា​សកម្មភាព​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ឡើយ បើ​ទោះបីជា​អន្តរជាតិ​ជា​ច្រើន​បាន​ចេញ​ថ្កោលទោស​ពី​ទ​ង្វើ​របស់​រុ​ស្ស៊ី​ក៏​ដោយ​។ ជាក់ស្ដែង សម្ព័ន្ធមិត្ត​អ៊ុយ​ក្រែ​ន និង​លោក​ខាងលិច ហៅ​សកម្មភាព​យោធា​របស់​រុ​ស្ស៊ី​ថា ជា​លេស​ដែល​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​សម្រាប់​បង្ក​សង្គ្រាម​។ មក​ទល់​ពេល​នេះ សង្គ្រាម​ដែល​អូស​បន្លាយ​អស់​ជាង​២០​ថ្ងៃ​មក​ហើយ បាន​បង្កើន​ការ​ភ័យ​ខ្លាច​ថា វា​អាច​រាលដាល​កាន់តែ​ទូលំទូលាយ​នៅ​ក្នុង​តំបន់​អឺរ៉ុប​។

សេត​វិមាន​អា​មេ​រិ​ក បាន​និយាយ​ថា ប្រធានាធិបតី​អា​មេ​រិ​ក​ចូ បៃ​ឌិន នឹង​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​មួយ​ទៅ​កាន់​តំបន់​អឺរ៉ុប​នៅ​ស​ប្តា​ហ៍​ក្រោយ ចាប់តាំងពី​រុ​ស្ស៊ី​បាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន ក្នុង​គោលដៅ​ពិភាក្សា​អំពី​វិបត្តិ​មួយ​នេះ ជាមួយ​សម្ព័ន្ធមិត្ត​ណា​តូ​។ លោក​បៃ​ឌិន នឹង​ត្រូវ​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ​ណា​តូ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​សម្ព័ន្ធភាព​យោធា​មួយ​នេះ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​បេ​ល​ហ្សិ​ក​នៅ​ថ្ងៃ​ទី​២៤​ខែមីនា​។ មន្ត្រី​ប្រចាំ​នៅ​សេត​វិមាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក បៃ​ឌិន នឹង​ធ្វើការ​ប្រកាស​ផ្តល់​ជំនួយ​ផ្នែក​សន្តិសុខ​ចំនួន ៨០០​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​នោះ​ផង​ដែរ​។ 

តើ​នៅ​ចុង​ក្រោយ​នេះ រុ​ស្ស៊ី​បន្ត​ការ​វាយប្រហារ​ខ្លាំ​ក្លា​អ្វីខ្លះ​នៅ​អ៊ុយ​ក្រែ​ន?

ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន នៅ​តែ​ជា​គោលដៅ​វាយប្រហារ​របស់​រុ​ស្ស៊ី ពិសេស​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​។ រដ្ឋធានី​កៀវ ជា​គោលដៅ​ធំ​បំផុត​មួយ​របស់​ម៉ូ​ស្គូ ប៉ុន្តែ​នៅ​តែ​មិន​អាច​វាយ​ដណ្តើម​បាន អស់​ពេល​ជា​ច្រើន​ថ្ងៃ​មកនេះ​។

ការ​ទម្លាក់​គ្រាប់បែក​បាន​ឆក់​យក​ជីវិត​មនុស្ស ខណៈ​អគារ​ជា​ច្រើន​ត្រូវ​ភ្លើង​ឆេះ ហើយ​មនុស្ស​បាន​កប់​ក្រោម​គំនរ​បាក់បែក​។ រុ​ស្ស៊ី​អះអាង​ថា ខ្លួន​មិន​មាន​បំណង​វាយប្រហារ ដោយ​កំណត់​គោលដៅ​លើ​ជន​ស៊ី​វិល​នោះ​ទេ​។ ប្រជាជន​ក្នុង​ទីក្រុង​កៀវ​ជិត​២​លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​លំនៅ​ដ្ឋា​ន ដោយ​អ្នកខ្លះ​បាន​ទៅ​ស្នាក់​នៅ​តាម​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​។

សូម​ជម្រាប​ថា ចាប់តាំងពី​បើក​ការ​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤​កុម្ភៈ​មក រុ​ស្ស៊ី​មិន​ទាន់​កាន់កាប់​យក​ទីក្រុង​ធំ​បំផុត​ទាំង​១០​របស់​អ៊ុយ​ក្រែ​ន​នៅឡើយ​ទេ លើកលែងតែ​ទីក្រុង​កំពង់​ផែ ខឺ​សិន ភាគ​ខាងត្បូង​នៃ​ប្រទេស​ជាប់​នឹង​សមុទ្រ​ខ្មៅ​។ ទីប្រឹក្សា​រដ្ឋ​អ៊ុយ​ក្រែ​ន បាន​ប៉ាន់​ស្មានថា សង្គ្រាម​នេះ​អាច​បញ្ចប់​នៅ​ក្នុង​ខែឧសភា​ខាង​មុខ ដោយ​សម្អាង​ថា រុ​ស្ស៊ី​នឹង​អស់​ធនធាន​បន្ត​ការ​វាយប្រហារ​ទៅ​មុខ​ទៀត​។ យ៉ាងណា​ក៏​ដោយ​ចុះ យើង​នឹង​ចាំ​មើល​បន្ដ​ទៀត​ថា តើ​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នេះ វា​នឹង​ត្រូវ​បន្ដ​អូ​សប​ន្ល​យ​យូរ​ជាង​នេះ ឬ​ក៏​យ៉ាងណា ហើយ​ផល​ប៉ះពាល់​អ្វីខ្លះ​ទៀត ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​នៅ​តំបន់​អឺរ៉ុប​មួយ​នេះ?

None



អត្ថបទបន្ទាប់


វិបត្តិសង្គ្រាមនៅអ៊ុយក្រែន៖ អង្គការណាតូនឹងចាប់ផ្ដើមផែនការដាក់ពង្រាយកងទ័ពថែមទៀតនៅអឺរ៉ុបខាងកើត

មន្ត្រីជាន់ខ្ពស់ និងអ្នកការទូតបាននិយាយថា អង្គការណាតូនឹងប្រាប់ឱ្យមេបញ្ជាការយោធារបស់ខ្លួននៅថ្ងៃពុធនេះ ដើម្បីរៀបចំផែនការសម្រាប់មធ្យោបាយថ្មីក្ន…

កម្ពុជាជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានលុបចោលការធ្វើតេស្ដកូវីដ១៩ លើអ្នកដំណើរពីបរទេស

ប្រទេសកម្ពុជា គឺជាប្រទេសដំបូងគេមួយនៅតំបន់អាស៊ាន ដែលបានសម្រេចលុបចោលការតម្រូវធ្វើតេស្ដកូវីដ១៩លើអ្នកដំណើរពីបរទេស។ ប្រមុខរាជរដ្ឋាភិបាលកម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ