ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានផ្តល់គោលការណ៍អនុញ្ញាតិឱ្យអាកាសយានដ្ឋានអន្តរជាតិតារាសាគរបើកដំណើរការហោះហើរក្នុងស្រុកសាកល្បងចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ តទៅ។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ នេះគ្រាន់តែជាការផ្តល់គោលការណ៍អនុញ្ញាតរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលប៉ុណ្ណោះ តែការបើកប្រតិបត្តិហោះហើរជាក់ស្តែងវាអាស្រ័យលើក្រុមហ៊ុនប្រតិបត្តិការ។
យ៉ាងណាក៏ដោយ បើតាមការអះអាងរបស់ក្រុមហ៊ុនប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាកាសយានដ្ឋាននេះ គ្រោងនឹងចាប់ផ្តើមជើងហោះហើរដំបូងរបស់ខ្លួននៅថ្ងៃទី២៦ ខែធ្នូ នេះ ជាមួយនឹងជើងហោះហើរក្នុងស្រុករវាងគោលដៅរាជធានីភ្នំពេញ និងខេត្តកោះកុង ដែលជាការចាប់ផ្តើមនៃការធ្វើដំណើរតាមផ្លូវអាកាសនៅតំបន់ឆ្នេរនៃខេត្តកោះកុងដំបូងគេរបស់កម្ពុជា ដែលវានឹងចូលរួមចំណែកដល់ការជំរុញយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងឧស្សាហកម្មនៃខេត្តកោះកុង ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដំណាក់កាលទី១ អភិវឌ្ឍន៍លើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ២រយលានដុល្លារ។ តាមផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងមធ្យម ព្រលានយន្តហោះនេះរំពឹងទទួលបានអ្នកដំណើរ៧លាននាក់ និងទំនិញ១ម៉ឺនតោន ក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០៣០ និងបន្តកើនឡើងអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោន ក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០។ ព្រលានយន្តហោះដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ និងបុទុមសាគរ ខេត្តកោះកុងនេះ ជាលំដាប់ 4E និង 4F ដែលមានសមត្ថភាពអាចឲ្យយន្តហោះធំៗ ដូចជា អ៊ាបើស A-350-900 និងប៊ូអ៊ីង 777 អាចចុះចតបាន៕