ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ប្រាក់ខេមបូណូមីសថា គិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ជារួមបានប្រមាណជាង៩០% ដោយបានចំណាយថវិកាសរុបអស់ប្រមាណជាង១ពាន់៣រយលានដុល្លារ ក្រោមការវិនិយោគក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន ពោលគឺរវាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាមួយក្រុមហ៊ុន OCIC។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ការងារសាងសង់សំណង់ធំៗ និងសំខាន់ៗរបស់អាកាសយានដ្ឋាននេះ នឹងបញ្ចប់នៅបំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ហើយបើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិនេះ គ្រោងនឹងដាក់ឱ្យដំណើរការដំណាក់កាលទី១ នៅដំណាច់ឆមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះ។ បន្ទាប់ពីដំណាក់កាលទី១ត្រូវបានបញ្ចប់អាកាសយានដ្ឋាននេះ មានសមត្ថភាពអាចទទួលអ្នកដំណើរបានចន្លោះពី១១លាននាក់ ទៅ១៥លាននាក់។
បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៤ នេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា ទទួលបានជើងហោះហើរចេញ-ចូលសរុបជិត៥ម៉ឺនជើង មានការកើនឡើង១៤% និងទទួលបានអ្នកដំណើរចេញ-ចូលសរុបជិត៥លាននាក់ មានការកើនឡើង២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ តេជោ ក្រុងតាខ្មៅ មានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារ សាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឲ្យប្រភេទយន្តហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕