លោកបានកំណត់គោលការណ៍ធំៗចំនួន ១០ គឺ៖
១. មានក្តីសុបិនដ៏ធំនិងច្បាស់លាស់មួយ
លោកបាននិយាយថា ប្រសិនបើលោកអ្នកជាសហគ្រិន លោកអ្នកត្រូវតែមានក្តីសុបិនដ៏ធំមួយ ហើយសូមជឿជាក់លើខ្លួនឯង ជឿជាក់លើក្តីសុបិនរបស់ខ្លួន ហើយគ្មានអ្វីដែលវាមិនអាចទៅរួចនោះទេ។
២. ផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក
ប្រសិនបើលោកអ្នកចង់ទៅដល់កម្រិតខ្ពស់មួយនៅក្នុងជីវិត រឿងសំខាន់បំផុតដែលត្រូវផ្តោតការយកចិត្តទុកដាក់នោះ គឺឥរិយាបថ និងផ្នត់គំនិតអ្នកផ្ទាល់។ ប្រសិនបើអ្នកមានផ្នត់គំនិតអវិជ្ជមាន អ្នកត្រូវផ្លាស់ប្តូរជាបន្ទាន់ ហើយត្រឡប់មកគិតអ្វីដែលវិជ្ជមានវិញ ទើបអ្នកអាចមើលឃើញពីពន្លឺជោគជ័យ។
៣. មានបេះដូង
លោក ហូវើត បានលើកឡើងថា «នៅក្នុងសង្គមយើងក្នុងរយៈពេលពីរបីទសវត្សរ៍កន្លងមកនេះ មានភាពគ្មានមេត្តា គ្មានការអាណិតអាសូរ និងភាពឃោរឃៅរបស់មនុស្ស ដើម្បីឲ្យខ្លួនឯងបានទៅដល់ចំណុចកំពូល។
រូបខ្ញុំផ្ទាល់គិតថា វាមិនមែនជាយុទ្ធសាស្រ្តល្អនោះទេ។ ផ្ទុយទៅវិញ យើងគួរតែមានបេះដូងដ៏កក់ក្តៅមួយសម្រាប់មនុស្សគ្រប់គ្នា។ បេះដូងប្រកបដោយសមានចិត្តចំពោះគ្រប់គ្នារាប់ទាំងបុគ្គលិក និយោជិត សហការីទាំងអស់ និងអតិថិជនទាំងឡាយទាំងពួង»។
មានន័យថា ភាពជោគជ័យរបស់ក្រុមហ៊ុនមិនមែនកើតឡើងតែដោយសារអតិថិជនតែម៉្យាងនោះទេ តែអ្វីដែលសំខាន់នោះគឺកិច្ចសហការប្រកបដោយភាពរីករាយ និងសេចក្តីសង្ឃឹមរួមមួយរបស់បុគ្គលិកទាំងអស់។
៤. ទទួលស្គាល់កំហុស
នៅក្នុងពិភពជីវិតពិត មធ្យោបាយដ៏ល្អបំផុតក្នុងការរៀនឲ្យបានល្អប្រសើរនោះគឺការបង្កើតមេរៀនជីវិតឲ្យបានច្រើន និងធ្វើឲ្យបានច្រើន។ បរាជ័យកាន់តែច្រើនអ្នកត្រូវតែបណ្តុះគំនិតរៀនសូត្រពីបរាជ័យទាំងនោះដើម្បីគ្រប់គ្រងស្ថានការណ៍ឲ្យបានល្អប្រសើរ។ មិនត្រូវបាក់ទឹកចិត្តជាដាច់ខាត។ អ្នកត្រូវកំណត់ក្របខ័ណ្ឌមួយដើម្បីវាយតម្លៃនូវកំហុសទាំងនោះ ព្រោះវានឹងធ្វើឲ្យអ្នកកាន់តែឈ្លាសវៃ និងប៉ិនប្រសប់ជាមុន។ ត្រូវចាំថា កំហុសគឺជាគ្រូ ប៉ុន្តែ ចូរកុំសាងកំហុសដដែលៗ។
៥. មិនផ្សាយពាណិជ្ជកម្ម
វិធីដែលល្អបំផុតក្នុងការផ្សាយផលិតផលរបស់អ្នកទៅកាន់ទីផ្សារ គឺត្រូវបង្កើតផលិតផលដែលល្អឥតខ្ចោះនៅក្នុងលោកនេះ ហើយឲ្យមនុស្សគឺជាអ្នកលក់ជំនួសឲ្យយើង។ ការពិតមួយរបស់កាហ្វេ ស្តាបាក់ ចាប់តាំងពីហាងមួយនៅក្រុង Seattle (ស៊ីអាថល) រហូតមកដល់មានសាខាជាង ២៥.០០០ នៅទូទាំងពិភពលោក និងបើកសាខាថ្មីជារៀងរាល់ថ្ងៃនេះគឺក្រុមហ៊ុនបានគ្រប់គ្រងលំនឹងនៃការប្តេជ្ញាចិត្តខ្ពស់ចំពោះផលិតផលដែលល្អឥតខ្ចោះ និងធ្វើឲ្យនយោជិតសប្បាយចិត្តផងដែរ។
៦. យកចិត្តទុកដាក់ចំពោះមនុស្សរបស់លោកអ្នក
ស្រដៀងគ្នានឹងគោលការណ៍ទី៣ គឺថា ប្រសិនបើលោកអ្នកចាប់ផ្តើមធ្វើជំនួញ លោកអ្នកត្រូវយកចិត្តទុកដាក់ចំពោះមនុស្សនៅក្នុងក្រុមការងាររបស់លោកអ្នក។ ពួកគេជាអាទិភាព។ និយោជកនិងនិយោជិតមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយពឹងពាក់គ្នាទៅវិញទៅមក និងចាំបាច់ត្រូវមានគោលដៅនិងបេសកកម្មរួមមួយ។
៧. មានតម្លៃខ្ពស់
អ្នកត្រូវស្គាល់អំពីអ្វីដែលអ្នកឲ្យតម្លៃនិងចាត់ទុកវាជាវត្ថុទិព្វ។ ចូរបង្ហាញនូវអ្វីដែលមានតម្លៃក្នុងជំនួញនិងជីវិតរបស់អ្នក ហើយក្តាប់វាឲ្យណែនក្នុងដៃ ហើយរស់នៅក្បែរនឹងតម្លៃនោះឲ្យបានគ្រប់វេលា។ អ្នកត្រូវដឹងថា តម្លៃគឺជាអត្តសញ្ញាណមួយដែលបង្ហាញពីផលិតផល សេវាកម្ម មនុស្សរបស់អ្នក ហើយអ្នកបានធ្វើអ្វីខ្លះជាការលើកកម្ពស់ដល់តម្លៃរបស់ពួកគេនិងសង្គមដែលពួកគេរស់នៅ។
៨. ធ្វើអ្វីដែលអ្នកស្រឡាញ់
លោក ហូវើត បានលើកឡើងថា «ខ្ញុំគិតថា ដើម្បីទទួលជោគជ័យក្នុងវិស័យជំនួញមិនមែនជាការងាយស្រួលនោះទេ ហើយកាន់តែសំខាន់ជាងនោះទៀតគឺវាមិនទាក់ទងនឹងឱកាស ដើមទុន ឬសក្តានុពលរបស់លោកអ្នកនោះទេ ប៉ុន្តែ វាជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងចំណង់ចំណូលចិត្តរបស់លោកអ្នកផ្ទាល់ ថាតើលោកអ្នកស្រឡាញ់អ្វី ចូលចិត្តអ្វីឲ្យពិតប្រាកដ។
បើសិនជាលោកអ្នកធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ លោកអ្នកនឹងព្យាយាមដោយមិនខ្លាចនឿយហត់ ឈរលើជំហររបស់ខ្លួនឯង ព្រមទាំងអាចបញ្ចុះបញ្ចូលមនុស្សជាច្រើននៅជុំវិញឲ្យមកគាំទ្រអ្នកបានដើម្បីទម្លុះគោលដៅរបស់ខ្លួនបាន»។
៩. ជម្នះសេចក្តីរំពឹងរបស់អ្នកដទៃ
ចូរព្យាយាមជម្នះនូវការរំពឹងគ្រប់បែបយ៉ាងដែលមនុស្សនានាគេមានចំពោះអ្នកនិងមុខជំនួញរបស់អ្នក។ មនុស្សភាគច្រើនមិនដែលរំពឹងឲ្យអ្នកធ្វើអ្វីមួយបានអស្ចារ្យជាងគេនោះទេ ព្រោះជាធម្មជាតិមនុស្សចូលចិត្តចំអកឲ្យគ្នា។ ចូរយកការចំអកទាំងនោះធ្វើជាគោលដៅរបស់ខ្លួន។
១០. ឈរលើគោលការណ៍សំខាន់
លោកអ្នកត្រូវឈរចំពោះអ្វីដែលសំខាន់និងមានន័យ។ មិនមានអ្វីជាឧបសគ្គទេ លោកអ្នកត្រូវដឹងច្បាស់ថា អ្វីដែលលោកអ្នកត្រូវការ ហើយត្រូវលះបង់គ្រប់បែបយ៉ាងដើម្បីសម្រេចគោលដៅនោះ។ លោកអ្នកមិនត្រូវខ្វល់ថា តើត្រូវចំណាយពេលយូរប៉ុណ្ណា លោកអ្នកត្រូវតែតាំងចិត្តធ្វើឲ្យសម្រេចគោលដៅតែម៉្យាងគត់៕