ក្រុមអ្នកស្រាវជ្រាវ និងវិភាគទីផ្សារប្រេង បានឲ្យដឹងថា ភាពតានតឹងនៃភូមិសាស្ត្រនយោបាយជាថ្មី កំពុងជះឥទ្ធិពលកាន់តែខ្លាំងទៅលើទីផ្សារប្រេងឆៅពិភពលោក។
តម្លៃប្រេងឆៅនៅអង់គ្លេស បានកើនឡើង ១ដុល្លារ៣៧សេនបន្ថែមទៀត ឬស្មើកំណើន១,៦% នៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយនាំឲ្យតម្លៃប្រេងកើនដល់ ៨៧ដុល្លារ៨៥សេនក្នុងមួយធុងបារ៉ែល ខណៈនៅទីផ្សារអាមេរិកវិញ កើនឡើង ១ដុល្លារ៧១សេន ឬស្មើកំណើន២% ដោយបាននាំឲ្យតម្លៃប្រេងមួយធុងបារ៉ែលកើនដល់ ៨៥ដុល្លារ៥៣សេន។ សម្រាប់កំណើនតម្លៃប្រេងឆៅនៅទីផ្សារទាំងពីរ នៅថ្ងៃអង្គារទី១៨ខែមករានេះ វាគឺជាតួលេខកំណើនខ្ពស់បំផុតមិនធ្លាប់មានឡើងគិតតាំងពីឆ្នាំ២០១៤មកម្ល៉េះ។
តម្លៃប្រេងឡើងថ្លៃនេះ ដោយសារតែមានអ្នកវិនិយោគលើទីផ្សារ មានក្ដីបារម្ភអំពីផលរំខានចំពោះការផ្គត់ផ្គង់ប្រេង ខណៈដែលស្ថានភាពនៅប្រទេសមជ្ឈិមបូព៌ាកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើង ដោយថ្មីៗនេះក្រុមឧទ្ទាមហ៊ូទីនៃប្រទេសយេមែន បានវាយប្រហារទៅលើអារ៉ាប់រួម ហើយអារ៉ាប់រួម ក៏ព្រមាននឹងសងសឹងទៅវិញផងដែរ។
ក្រុមអ្នកវិភាគនិយាយថា បញ្ហាតុល្យភាពផ្គត់ផ្គង់ប្រេង ទំនងជាមិនអាចកាត់បន្ថយបានទេ ដោយសារតែប្រទេសផលិតប្រេងមួយចំនួន ដែលជាសមាជិកអង្គការប្រទេសនាំចេញប្រេង OPEC កំពុងជួបឧបសគ្គក្នុងការបូមប្រេងទៅតាមសមត្ថភាពដែលត្រូវបានអនុញ្ញាតឲ្យបូម ព្រោះថា ការវិនិយោគមានតិច និងពុំមានថាមពលគ្រប់គ្រាន់សម្រាប់ការបូមប្រេង ខណៈដែលកិច្ចព្រមព្រៀងជាមួយនឹងរុស្ស៊ី និងសម្ព័ន្ធមិត្ត ដែលហៅថា OPEC+ តម្រូវឲ្យក្រុមប្រទេសផលិតនិងនាំចេញប្រេងទាំងអស់នេះ ត្រូវបង្កើនការបូមប្រេងបន្ថែម ៤០ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃ៕