ក្រុមហ៊ុនយក្សរបស់អាមេរិក គឺ Tesla កំពុងស្ថិតនៅក្នុងផ្ទាំងស៊ីបរបស់រដ្ឋាភិបាលចិន ដ្បិតថាចិនកំពុងត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់លើផលិតផលរថយន្ដរបស់ក្រុមហ៊ុនអាមេរិកមួយនេះ ដោយបារម្ភថា កាមេរ៉ាបំពាក់លើរថយន្ដនេះ អាចនឹងលួចយកព័ត៌មាននានាពីប្រទេសប្រទេស។ ក្រោយពីចិនដាក់ការសង្ស័យ និងតាមរឹតត្បិតខ្លាំងទៅៗ ក្រុមហ៊ុន Tesla បានចេញមុខបញ្ជាក់យ៉ាងដាច់ណាត់ថា បើរថយន្ដខ្លួនពិតជាធ្វើចារកម្មលួចទិន្ន័យពីប្រទេសិនមែននោះ ក្រុមហ៊ុនច្បាស់ជាត្រូវបិទទ្វារដោយគ្មានការតវ៉ាអ្វីនោះទេ។
យ៉ាងណាមិញ នាពេលថ្មីៗនេះដែរ នៅលើគណនី Tesla ក្នុងបណ្តាញសង្គមរបស់ប្រទេសចិន Weibo, ក្រុមហ៊ុនផលិតរថយន្តអាមេរិកដ៏ធំមួយនេះបានសរសេរថា៖ «មុខងារម៉ាស៊ីនថតដែលបំពាក់ក្នុងរថយន្តតេស្លា មិនដំណើរការនៅក្រៅសហរដ្ឋអាមេរិកទេ សូម្បីតែនៅសហរដ្ឋអាមេរិក ក៏ម្ចាស់រថយន្តអាចជ្រើសរើសបានដោយខ្លួនឯងថា ត្រូវបើកដំណើរការប្រើប្រាស់ប្រព័ន្ធកាមេរ៉ារបស់ខ្លួនដែរឬក៏អត់។»
ការចេញមកអះអាងរបស់តេស្លាដូចនេះ ធ្វើឡើងនៅក្រោយពីការរដ្ឋាភិបាលចិនបានចេញបម្រាមហាមឃាត់យោធារបស់ខ្លួនប្រើប្រាស់រថយន្ដ Tesla របស់អាមេរិកនេះ ដោយហេតុថា ខ្លួនបារម្ភពីការប្រមូលទិន្នន័យ តាមរយៈកាមេរ៉ាសុវត្ថិភាពដែលដំឡើងនៅលើរថយន្ដនោះ ដែលអាចនឹងលួចយកនូវព័ត៌មានសំខាន់ៗពីប្រទេសចិន ឲ្យទៅសហរដ្ឋអាមេរិក។
យ៉ាងមិញលោក Elon Musk ស្ថាបិក និងជានាយកប្រតិបត្តិក្រុមហ៊ុនតេស្លា បានចេញមកច្រានចោលរួចហើយជុំវិញការចោទប្រកាន់នេះ ដោយលោកបានឆ្លើយតបថា ក្រុមហ៊ុនរបស់លោកនឹងបិទទ្វារឈប់រកស៊ីនៅចិនតែម្តង បើសិនជារថយន្តតេស្លា ពិតជាត្រូវបានប្រើប្រាស់ដើម្បីធ្វើចារកម្មមែននោះ។
ពុំទាន់មានការឆ្លើយតបណាមួយពីភាគី រដ្ឋាភិបាលក្រុងប៉េកាំងនោះទេ ជុំវិញបញ្ហានេះ ប៉ុន្តែគេនៅចាំបានថាកន្លងមក ក្រុងប៉េកាំងធ្លាប់បើកការស៊ើបអង្កេតលើក្រុមហ៊ុន Tesla និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Tesla ចំនួន២កាលពីខែកុម្ភៈកន្លងទៅ ជុំវិញការចោទប្រកាន់ពីការប្រមូលទិន្នន័យពីអ្នកប្រើប្រាស់នៅក្នុងប្រទេសចិនដូចគ្នា។
យ៉ាងណាមិញ អ្នកជំនាញផ្នែកបច្ចេកវិទ្យាអាមេរិកយល់ថា នេះមិនមែនជាបញ្ហាលើការប្រមូលទិន្នន័យអ្វីនោះទេ ផ្ទុយទៅវិញ វាគ្រាន់តែជាហេតុផលនយោបាយប៉ុណ្ណោះ ព្រោះដូចយើងបានដឹងស្រាប់ហើយថា កន្លងមកអាមេរិក ធ្លាប់បានចោទប្រកាន់ក្រុមហ៊ុនចិនដែលរកស៊ីនៅអាមេរិកជាច្រើនដូចជា Huawei និង TikTok ជាដើម ថាបានលួយទិន្នន័យពីអ្នកប្រើប្រាស់នៅអាមេរិក។
ទាំងនេះគ្រាន់តែជាការសាចទឹកដាក់គ្នាទៅវិញទៅមកប៉ុណ្ណោះ គ្រាទំនាក់ទំនងអាមេរិកនិងចិនកំពុងរកាំរកូស ជាពិសេសនៅក្រោយជំនួបទ្វេភាគីដ៏តានតឹងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនៅរដ្ឋអាឡាស្កា កាលពីខែមីនាកន្លងទៅ។
សូមបញ្ជាក់ថា ប្រទេសចិនមានចំណែកទីផ្សារដល់ទៅ៣០% នៃការលក់រថយន្ដទូទាំងសកលលោករបស់ក្រុមហ៊ុន Tesla។ ជាក់ស្តែងក្នុងឆ្នាំ២០២០ Tesla បញ្ចេញលក់រថយន្តបានដល់ទៅ ១៤ម៉ឺន៥ពាន់គ្រឿងនៅប្រទេសចិន កើនឡើង៣ដងធៀបនឹងឆ្នាំ២០១៩ ជាហេតុធ្វើចំណូលរបស់ក្រុមហ៊ុននេះ កើនទ្វេដងដូចគ្នា៕