ក្រុមហ៊ុន Tesla នឹងសាងសង់រោងចក្រមួយនៅទីក្រុងស៊ាងហៃ ដើម្បីផលិតអាគុយផ្ទុកថាមពលខ្នាតយក្សរបស់ខ្លួនដែលគេស្គាល់ថា ម៉ាក Megapack។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ កាលពីថ្ងៃអាទិត្យ។
ទីភ្នាក់ងារស៊ីនហួរបានរាយការណ៍ថា ក្រុមហ៊ុន Tesla ដែលគ្រប់គ្រងដោយលោក Elon Musk នឹងចាប់ផ្តើមដំណើរការសាងសង់រោងចក្ររបស់ខ្លួននៅទីក្រុងស៊ាងហៃនៅត្រីមាសទី៣ឆ្នាំនេះ ហើយនឹងចាប់ផ្តើមដំណើរការផលិតកម្មនៅត្រីមាសទី២នៅឆ្នាំ២០២៤ ហើយតាមផែនការនឹងមានការផលិតអាគុយយក្សស្ដុកទុកថាមពលនេះរហូតដល់ ១ម៉ឺន Megapack ក្នុងមួយឆ្នាំ ដែលអាចផ្ទុកថាមពលបានដល់ប្រហែល៤០ជីហ្គាវ៉ាត់ម៉ោង ដើម្បីលក់នៅទូទាំងពិភពលោក។
បច្ចុប្បន្ននេះ ក្រុមហ៊ុន Tesla មានរោងចក្រផលិតឧបករណ៍ផ្ទុកថាមពលនៅក្នុងទីក្រុង Lathrop រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលមានសមត្ថភាពផលិតបាន១ម៉ឺន Megapacks ក្នុងមួយឆ្នាំ។
យ៉ាងណាមិញ ជាមួយរោងចក្រថ្មីដែលគ្រោងនឹងបង្កើតឡើងនៅទីក្រុងស៊ាងហៃនេះ ក្រុមហ៊ុន Tesla នឹងទាញយកអត្ថប្រយោជន៍ពីខ្សែចង្វាក់ផ្គត់ផ្គង់អាគុយឈានមុខគេរបស់ប្រទេសចិន ដើម្បីបង្កើនទិន្នផលនៃការផលិតឧបករណ៍ផ្ទុកថាមពល Megapacks របស់ខ្លួន និងដើម្បីកាត់បន្ថយការចំណាយរបស់ពួកគេ ដោយសង្ឃឹមថា នឹងអាចបំពេញតម្រូវការពិភពលោកដែលកំពុងកើនឡើងសម្រាប់ការស្តុកទុកថាមពល នៅពេលដែលពិភពលោកងាកទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញកាន់តែច្រើនឡើងៗ។
ក្រុមហ៊ុន Tesla បានចាប់ផ្ដើមលក់រថយន្ដរបស់ខ្លួន Model 3 នៅក្នុងទីក្រុងស៊ាងហៃតាំងពីឆ្នាំ២០១៩មក ហើយឥឡូវនេះ មានសមត្ថភាពអាចផលិតបានដល់ប្រមាណ ២ម៉ឺន២ពាន់គ្រឿងក្នុងមួយសសប្ដាហ៍។
សូមបញ្ជាក់ថា កំណើននៃការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកបានថយចុះមកនៅត្រឹមជាង ២០% ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៣ ខណៈកាលពីរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ ធ្លាប់មានកំណើនដល់ទៅ ១៥០% ៕