វិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកថៃចំនួន ៨ ស្វែងរកប្រាក់កម្ចីការប្រាក់ទាប ពីរាជរដ្ឋាភិបាល


ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនៃប្រទេសថៃចំនួន ៨ក្រុមហ៊ុនបានត្រៀមខ្លួនដើម្បីជួបពិភាក្សាជាមួយនឹងក្រសួងហិរញ្ញវត្ថុ ក្នុងការស្វែងរកប្រាក់កម្ចីការប្រាក់ទាប ដើម្បីរក្សាដង្ហើមអាជីវកម្មរបស់ពួកគេ។ ការស្វែងរកប្រាក់កម្ចីនេះ គឺធ្វើឡើង ក្រោយពីក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ បានគោរពតាមសំណើរបស់រាជរដ្ឋាភិបាល ដោយមិនបញ្ឈប់បុគ្គលិកប្រហែល ៣ ទៅ៥ម៉ឺននាក់នៅក្នុងឧស្សាហកម្មអាកាសចរណ៍ ចំពេលដែលមានវិបត្តិកូវីដ-១៩។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Nation Thailand។
ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកថៃចំនួន ៨ ស្វែងរកប្រាក់កម្ចីការប្រាក់ទាប ពីរាជរដ្ឋាភិបាល (រូបភាព៖Wikimedia Commons)
ដោយ

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Thai AirAsia លោក Tassapon Bijleveld បាន​និយាយថា ក្នុងនាម​លោក​តំណាង​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​៨​ នឹងជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោក Uttama Savanayana ដើម្បីពិភាក្សា​អំពី​ប្រាក់កម្ចី​ការប្រាក់ទាប ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក ចំណាយ​ទៅលើ​ប្រាក់ខែ​បុគ្គលិក បន្ទាប់ពី​ក្រុមហ៊ុន​ទាំងនេះ បាន​រងផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារតែ​បញ្ហា​រីករាលដាល​នៃមេរោគកូវី-១៩។

លោក Tassapon និយាយថា «នៅថ្ងៃ​ពុធ (ទី២២ ខែមេសា) យើងនឹង​មាន​កិច្ចប្រជុំមួយ ក្នុងចំណោម​ពួក​យើង ហើយនឹង​ប្រកាស​ជាផ្លូវការ​នូវ​វិធានការណ៍​ និង​គោល​នយោបាយ​ ទាក់ទង​នឹង​ប្រតិបត្តិការ​អនាគត​របស់​អាជីវកម្ម»។

តាម​ប្រភព​ព័ត៌មាន​បានបញ្ជាក់ថា ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​៨ បាន​ដាក់​ដាក់លិខិត​ទៅកាន់​ក្រសួង​រួចហើយ​កាលពី​សប្ដាហ៍មុននេះ ដោយបាន​ស្នើសុំ​ប្រាក់កម្ចី​ការប្រាក់ទាប សរុប​មានទំហំទឹកប្រាក់​ប្រមាណ ២៤,១៥ ពាន់លានបាត ឬស្មើនឹងជាង ៧៤០ លាន​ដុល្លារអាមេរិក។

ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​នៃប្រទេសថៃ ទាំង ៨នោះ រួមមាន ក្រុមហ៊ុន​ Bangkok Airways, Thai AirAsia, Thai AirAsia X, Thai Lion Air, Thai Vietjet Air, Thai Smile, Nok Air, និង NokScoot។

លោក Tassapon បន្ថែមទៀតថា «យើង​ក៏ចង់ឲ្យ​រាជរដ្ឋាភិបាល​ប្រកាស​ពីគោលនយោបាយ​ឲ្យបាន​ចាស់នៅសប្ដាហ៍នេះ ក្នុងការ​អនុញ្ញាត​ឲ្យមានការ​ហោះហើរ​នៅក្នុងខែឧសភា ខណៈដែល​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​រួមទាំង AirAsia ផង បាន​ត្រៀមខ្លួនរួចហើយ ដើម្បី​ចាប់ផ្ដើម​បើកការ​ហោះហើរឡើងវិញ​នៅថ្ងៃទី ១ ខែឧសភា»។ លោកគូសបញ្ជាក់ទៀតថា «ដោយសារតែមាន​ខេត្ត​ជាច្រើន​នៅបន្ដ​បិទនៅឡើយ ការហោះហើរ​ត្រូវបាន​ហាមឃាត់។ គោលនយោបាយ​ច្បាស់លាស់​ពី​រាជរដ្ឋាភិបាល នឹង​ជួយឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ធ្វើការ​សម្រេចចិត្ត​លើក​ផ្លូវហោះហើរមួយណា​ដែលត្រូវបើក»។

ទន្ទឹមគ្នានេះ ប្រភពព័ត៌មាន ពី​ក្រុមហ៊ុន​អាកាសចរណ៍ Thai Lion Metari ឬហៅថា Thai Lion Air បាន​បង្ហាញថា ក្រុមហ៊ុន​នេះ បាន​បញ្ឈប់បុគ្គលិក​ចំនួន ១២០នាក់​រួចហើយ​ ដែលពួកគេ​គឺជាបុគ្គលិក​ដែលបាន​ធ្វើការងារ​នៅក្នុង​ក្រុមហ៊ុននេះ តិចជាង១ឆ្នាំ។

ប្រភពព័ត៌មាន បាន​បញ្ជាក់ថា «ក្រុមហ៊ុន​បាន​ខ្ចី​ប្រាក់​ពីគ្រឹះស្ថាន​​ហិរញ្ញវត្ថុ​​ ដើម្បី​ចំណាយ​លើ​ការសង​សំណង​ទៅកាន់​បុគ្គលិក​ទាំងនេះទៅតាម​ច្បាប់កំណត់»។ ប្រភពបន្ថែមទៀតថា «​ចាប់ពីថ្ងៃទី ០១ ខែឧសភា​ តទៅ ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​ឲ្យមាន​ការឈប់សម្រាក​ដោយមិនទទួលបាន​ប្រាក់ឈ្នួល​ផងដែរ រួមទាំង​កម្មវិធី​អនុញ្ញាត​ឲ្យ​បុគ្គលិក​ឆាប់​ចូលនិវត្តន៍​ ដោយឈរលើ​មូលដ្ឋាន​ស្ម័គ្រចិត្ត ដើម្បី​កាត់បន្ថយ​ការចំណាយ​បន្ថែម»៕

None



អត្ថបទបន្ទាប់


សកម្មភាពដឹកជញ្ជូនទំនិញកម្ពុជារងផលប៉ះពាល់ខ្លាំង ដោយសារកូវីដ-១៩

អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានឲ្យដឹងថា ឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាបន្តធ្វើឲ្យវិស័យដឹកជញ្ជូននៅកម្ពុជារងផលប៉ះពាល…

ថៃទទួលជោគជ័យលើការផលិតឧបករណ៍ធ្វើតេស្ដរកមេរោគ កូវីដ-១៩ លើកដំបូង

ឧបករណ៍ធ្វើតេស្ដរកមេរោគកូវីដ-១៩ (Test Kit) លើកដំបូង ដែលត្រូវបានផលិតឡើងដោយប្រទេសថៃ កំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពិសោធន៍វេជ្ជសាស្ត្រនៅទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ