
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អានូទីន ឆនវីរ៉ាគុល (Anutin Charnvirakul) បានអះអាងថា នៅពេលនេះមន្ត្រីជំនាញកំពុងស៊ើបអង្កេតលើករណីជនជាតិចិន ជួលខុនដូដែលខ្លួនបានទិញទៅឱ្យជនបរទេសដទៃទៀត ដែលជាការបំពានច្បាប់សណ្ឋាគាររបស់ថៃ។ បើតាមការអះអាងរបស់រដ្ឋមន្ត្រីរូបនេះ អ្នកជួលបន្ទប់សណ្ឋាគារ ឬខុនដូត្រូវមានអាជ្ញាបណ្ណ និងអនុវត្តតាមបទប្បញ្ញត្តិរបស់ក្រសួងមហាផ្ទៃ ដែលកំណត់កូតាកម្មសិទ្ធិបរទេសសម្រាប់ខុនដូមិនត្រូវឱ្យលើសពី៤៩%ឡើយ។
ការស៊ើបអង្កេតនេះ ធ្វើឡើងក្រោយមានការរាយការណ៍ថា មានវិនិយោគចិន បានទិញខុនដូហើយបានជួនខុនដូនោះទៅឱ្យជនបរទេសផ្សេងទៀត។ អ្នករាយការណ៍បានរៀបរាប់ថា វិនិយោគិនចិននោះបានដាក់កាត និងកូនសោនៅក្នុងប្រអប់សោមួយដោយប្រាប់អតិថិជនរបស់ពួកគេពីលេខកូដ ដើម្បីបើកប្រអប់សោ និងយកសោរ ដើម្បីបើកចូលខុនដូ ហើយនៅពេលអតិថិជនរបស់ពួកគេចាកចេញពីខុនដូ ពួកគេបានទុកសោក្នុងប្រអប់នោះវិញ។
ប្រភពខ្លះបាននិយាយថា ខុនដូជាច្រើនដែលស្ថិតនៅក្នុងតំបន់សយស៊ូខុមវីត៤២ ត្រូវបានជួលក្នុងរយៈពេលខ្លីតាមរយៈវេទិកា Airbnb ហើយមានការត្អូញត្អែរពីអ្នកជួលខុនដូដែលបានរំខានដល់អ្នករស់នៅក្បែរៗនោះផ្សេងទៀតផងដែរ។
ការជួលបែបនេះបានបំពានច្បាប់សណ្ឋាគារ ព្រោះថា តាមច្បាប់អ្នកដែលគ្មានអាជ្ញាបណ្ណធ្វើសណ្ឋាគារ និងជួលបន្ទប់ប្រចាំថ្ងៃទេ គឺត្រូវប្រឈមនឹងការផាកពិន័យប្រាក់រហូតដល់ជិត៦ពាន់ដុល្លារ បូករួមទាំងការផាកពិន័យជិត៣ពាន់ដុល្លារក្នុងមួយថ្ងៃរហូតដល់ពួកគេបញ្ឈប់សកម្មភាពខុសច្បាប់បែបនេះ៕
អត្ថបទ៖ សុខ មង្គល