អភិបាលខេត្តបាត់ដំបង

អភិបាលខេត្តបាត់ដំបងអះអាងថា ការសាងសង់របងព្រំដែនរបស់ថៃមិនបានរំលោភចូលក្នុងទឹកដីកម្ពុជានោះទេ


ក្រោយផ្ទុះការវែកញែក និងរិះគន់ពីមហាជននៅលើបញ្ហាញសង្គមជុំវិញការសាងសង់របងព្រំដែនជាឯកតោភាគីរបស់យោធាថៃនៅក្នុងមូលដ្ឋានខេត្តបាត់ដំបង អភិបាលខេត្តបាត់ដំបងបានចេញមកអះអាងថា ការសាងសង់របងព្រំដែនពីសំណាក់ភាគីថៃ គឺធ្វើឡើងនៅលើទីតាំងដែលបានព្រមព្រៀងរវាងក្រុមអ្នកជំនាញបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ ហើយមិនមានការរំលោភចូលទឹកដីកម្ពុជានោះទេ។
អភិបាលខេត្តបាត់ដំបង
ដោយ

ទោះជាយ៉ាងនេះក្តី ក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយយល់ឃើញថា សកម្មភាពពន្លឿនការសាងសង់របងព្រំដែនយ៉ាងតក់ក្រហល់របស់ភាគីថៃអាចបង្កឱ្យមានការយល់ច្រឡំ និងដុតកំហឹងជាតិនិយម ទាំងដែលកិច្ចការបច្ចេកទេសខ្លះនៅមិនទាន់បានបញ្ចប់ជាស្ថាពរនៅឡើយ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា ការសាងសង់របងព្រំដែនរបស់ភាគីថៃនៅតាមបណ្តោយស្រុកកំរៀង ខេត្តបាត់ដំបង គឺជាការអនុវត្តតាមយន្តការរបស់គណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ ដែលបានឯកភាពគ្នាបោះបង្គោលព្រំដែនបណ្ដោះអាសន្ន យោងតាមស្មារតី នៃសន្ធិសញ្ញាបារាំង-សៀម។ ឯកឧត្តមបានវាយតម្លៃថា រាល់ការសាងសង់សុទ្ធតែស្ថិតក្នុងដែនអធិបតេយ្យភាពដែលបានកំណត់ ពោលគឺមិនបានរំលោភចូលដែនអធិបតេយ្យកម្ពុជានោះទេ។

ទោះជាយ៉ាងណាលោកបណ្ឌិត យង់ ពៅ​ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ​យល់ឃើញថា ទោះការសាងសង់របងចន្លោះបង្គោលព្រំដែនលេខ៥២ដល់៥៩ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងនេះធ្វើឡើងនៅក្នុងតំបន់ដែលបានព្រមព្រៀងគ្នាកាលពីពេលកន្លងមកក៏ដោយ តែការពន្លឿនការបោះបង្គោលបណ្ដោះអាសន្នរបស់ភាគីថៃនេះកំពុងប្រមាថដល់ដំណើរការវាស់វែងរវាងក្រុមបច្ចេកទេសនៃប្រទេសទាំងពីរ និងច្បាប់អន្តរជាតិ​។ អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះ ទង្វើជាឯកតោភាគីនេះបានបង្កប់នូវទស្សនៈនយោបាយ ដែលនាំឱ្យមានការដុតរោលកំហឹងជាតិសាសន៍។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ភាគីថៃមិនអាចសាងសង់របងតាមតែអំពើចិត្តនោះទេ ពោលគឺប្រសិនបើការសាងសង់របងក្នុងន័យសុន្តិសុខណាមួយតម្រូវឱ្យមានការយល់ព្រមពីភាគីកម្ពុជាជាមុនសិន។

មិនខុសគ្នានោះទេលោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិយល់ឃើញថា ថៃកំពុងប្រើល្បិចស៊ីញ៉េនឹងដៃលុបនឹងជើង​។ ជាក់ស្តែងថៃបានប្រកាសលុបចោលអនុស្សរៈណៈយោគយល់ឆ្នាំ២០០១ ដោយងាកទៅប្រើនីតិសមុទ្រជាមួយកម្ពុជា ប៉ុន្តែនៅប៉ុន្មានថ្ងៃក្រោយមកថៃបែរជាក្រឡាស់មិនប្រើយន្តការនេះ ហើយចង់ងាកទៅប្រើយន្តការចរចាទ្វេភាគីទៅវិញ។ លោកបានសង្កត់ធ្ងន់ថា រាល់ការសាងសង់របងត្រូវតែធានាឱ្យបានច្បាស់ថា ស្ថិតនៅក្នុងទឹកដីថៃពិតប្រាកដ ខណៈដែលក្រុមបច្ចេកទេស នៃប្រទេសទាំងពីរនៅមានកិច្ចការជាច្រើនទៀត ដែលត្រូវពិភាក្សា ដើម្បីជៀសវាងការប៉ះពាល់ដល់បូរណភាពទឹកដីនៃប្រទេសជិតខាង។

គួររំលឹកថា កាលពីដើមខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ កម្ពុជា និងថៃ បានអនុវត្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅតាមកំណាត់ខ្សែព្រំដែនចំនួន២កន្លែង។ ក្នុងនោះគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) តែងតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែបន្ទាត់ព្រំដែនអន្តរជាតិ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ អនុសញ្ញា និងសន្ធិសញ្ញាឆ្នាំ១៩០៤ និង១៩០៧ ព្រមទាំង MOU ឆ្នាំ២០០០ និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នា៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ទីផ្សារភាគហ៊ុនគ្រឿងអលង្ការដាំក្បាលចុះយ៉ាងខ្លាំង ក្រោយនាយករដ្ឋមន្ត្រីឥណ្ឌា ស្នើឱ្យពលរដ្ឋខ្លួនផ្អាកទិញមាស១ឆ្នាំ

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បាន អំពាវនាវ ឱ្យប្រជាជនឥណ្ឌា ផ្អាក ទិញមាសរយៈពេលមួយឆ្នាំសិន ដើម្បីជួយការពារទុន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ