
ឯកឧត្តមបន្តថា «បច្ចុប្បន្នេះមានវិនិយោគិនថៃដែលបានមកវិនិយោគនៅកម្ពុជា មានទំហំប្រាក់រហូតដល់ទៅ១ពាន់លានដុល្លារអាមេរិក ដែលបានជាប់ក្នុងចំណោម១០ប្រទេសដែលបានមកវិនិយោគនៅកម្ពុជា ហើយនឹងអាចមាននិន្នាការកើនឡើងជាបន្តទៀតផងដែរ»។
ចំពោះការរៀបចំព្រឹត្តការណ៍ពិព័រណ៍ពាណិជ្ជកម្មថៃ ថប់ថៃប្រេន ឆ្នាំ២០២០នេះដែរ ត្រូវបានឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា អះអាងថា «នេះជាការផ្តល់ឱកាសដល់អ្នកដែលគាំទ្រផលិតផលថៃបានទិញទំនិញផ្ទាល់ពីម្ចាស់រោងចក្រ និងពីអ្នកបោះដុំយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ឫយកទៅចែកចាយបន្ត និងបង្ហាញអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលដៃគូពាណិជ្ជកម្មសំខាន់បំផុតក្នុងតំបន់»។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្តថា«នេះជាសញ្ញាណវិជ្ជមានមួយនៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានរួមសហការ និងពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ក្នុងឋានៈជាប្រទេសភូមិផងរបងជាមួយដ៏ល្អផង និងក្នុងក្របខណ្ឌពាណិជ្ជកម្មទ្វេភាគីផង»។
បើតាមការអោយដឹងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រថៃ ឆាប់ៗនេះថៃនិងកម្ពុជានឹងបើច្រកព្រំដែនថ្មីៗបន្តទៀតដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងធ្វើអោយជីវភាពប្រជាជននៃប្រទេសទាំងពីរនៅតាមព្រំដែនរវាងកម្ពុជា និងថៃ កាន់តែរីកចំរើនមួយកម្រិតទៀត។

គួរជម្រាបដែរថា ផលិតផលដែលកម្ពុជា នាំចេញទៅថៃភាគច្រើនជា ពោត ដំឡូងមី ជាដើម ខណៈដែលប្រទេសថៃ នាំចូល មកកម្ពុជាវិញ រួមមាន ឧបករណ៍អេឡិចត្រូនិក ប្រេងឥន្ធនៈ គ្រឿងសម្អាង សម្ភារសំណង់ជាដើម ៕