អតិផរណារបស់ថៃត្រូវបានធនាគារកណ្ដាលថៃព្យាករថានឹងឡើងដល់ ៤,៩% ក្នុងឆ្នាំ ២០២២ ដែលខ្ពស់ជាងអ្វីដែលបានដៅទុក ១% ទៅ ៣% កាលពីពេលកន្លងទៅទៅទៀត។ ទន្ទឹមនឹងការកើនឡើងអតិផរណា ធនាគារកណ្តាលថៃ ក៏បានបន្ទាបការព្យាករកំណើន GDP ឆ្នាំ ២០២២ ពី ៣,៤% មកនៅត្រឹម ៣,២% ខណៈឆ្នាំ ២០២៣ សេដ្ឋកិច្ចថៃរំពឹងនឹងកើនឡើង ៤,៤%។
លោក Piti Disyatat លេខាគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ (MPC) បាននិយាយថា អតិផរណានៅក្នុងប្រទេសថៃ អាចនឹងមានលើសពី ៥% នៅក្នុងត្រីមាសទី ២ និងទី ៣ នៅឆ្នាំនេះ ដែលជំរុញភាគច្រើនដោយការកើនឡើងតម្លៃថាមពល និង តម្លៃម្ហូបអាហារ។ ទន្ទឹមនឹងនេះ ហានិភ័យកើនឡើងចំពោះអតិផរណានៅតែមានជាចម្បង ទាក់ទងនឹងតម្លៃប្រេងខ្ពស់ជាងការរំពឹងទុក និងផលិតផលផ្សេងៗសម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ។
ទោះយ៉ាងណា អតិផរណារបស់ថៃត្រូវបានព្យាករថា នឹងធ្លាក់ចុះមករកកម្រិតគោលដៅដើមវិញ នៅឆ្នាំ២០២៣ ដោយរំពឹងថា តម្លៃថាមពលនឹងមិនបន្ដកើនឡើងខ្ពស់ថែមទៀត។
បើទោះបីជាកំពុងប្រឈមនឹងបញ្ហាមិនច្បាស់លាស់ជាច្រើនទាក់ទងនឹងកូវីដ១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ ប៉ុន្ដែ មន្ត្រីជាន់ខ្ពស់ធនាគារកណ្ដាលថៃ អះអាងថា សេដ្ឋកិច្ចរបស់ប្រទេសថៃមិនស្ថិតក្នុងភាពជាប់គាំងទេ ដោយសារវាបាននិងកំពុងកើនឡើងជាបណ្តើរៗ ហើយកំពុងស្ថិតក្នុងទស្សនវិស័យស្ទុះងើបឡើងវិញ ហើយអត្រាអតិផរណាខ្ពស់ត្រូវបានគេរំពឹងទុកសម្រាប់តែរយៈពេលខ្លីប៉ុណ្ណោះ។ ធនាគារកណ្តាលថៃ គូសបញ្ជាក់ថា សេដ្ឋកិច្ចថៃអាចជាប់គាំងទៅបាន គឺនៅពេលដែលសេដ្ឋកិច្ចមានដំណើរយឺត ហើយនិន្នាការអត្រាអតិផរណាកើនឡើងនៅក្នុងរយៈពេលវែង។
គួរកត់សម្គាល់ថា គណៈកម្មាធិការថៃបានលើកឡើងថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីបានជំរុញឱ្យតម្លៃទំនិញឡើងថ្លៃ ប៉ុន្តែមិនបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូលនោះទេ។
វិធានការសារពើពន្ធគួរតែគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ដោយផ្តោតលើការបង្កើតប្រាក់ចំណូល និងកាត់បន្ថយការចំណាយលើការរស់នៅសម្រាប់ក្រុមប្រជាពលរដ្ឋថៃ ដែលងាយរងគ្រោះ៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន