
ក្រុមហ៊ុន Universal Biopack ផលិតសម្ភារៈវេចខ្ចប់លក់ទៅឲ្យភោជនីយដ្ឋាន និងរោងចក្រជាច្រើននៅក្នុងប្រទេសថៃ។ ប៉ុន្តែ ជាជាងការប្រើប្រាស់ផ្លាស្ទិក ក្រុមហ៊ុននេះប្រើវត្ថុធាតុដើមឫស្សី និងដំឡូង ជាដំណាំដែលងាយស្រួលរកបាននៅគ្រប់ទីកន្លែងទូទាំងប្រទេស។
ប្រទេសថៃក៏ដូចប្រទេសនានានៅក្នុងអាស៊ី កំពុងប្រឈមមុខបញ្ហាសំរាម ដែលមានបរិមាណរាប់លានតោនក្នុងមួយឆ្នាំៗ។
ក្រុមហ៊ុននេះប្រើប្រាស់បច្ចេកវិទ្យាដែលច្នៃបង្កើតឡើងដោយសាកលវិទ្យាល័យមួយនៅទីក្រុងបាងកក ដើម្បីផលិតសម្ភារៈវេចខ្ចប់ដែលខ្លួនអះអាងថា អ្នកប្រើៗរួចអាចប្រើឡើងវិញបាន។
ក្រុមហ៊ុន Universal Biopack សង្ឃឹមថា ផលិតផលបរិស្ថានមេត្រីរបស់ខ្លួន នឹងជំនួសសម្ភារៈវេចខ្ចប់ធ្វើពីផ្លាស្ទិក ដែលបង្កជាវិបត្តិសំរាមទាំងនៅប្រទេសថៃ និងប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត។

ក្រុមហ៊ុននិយាយថា សម្ភារៈវេចខ្ចប់របស់ខ្លួន ក្រៅពីប្រើសម្រាប់វេចខ្ចប់ចំណីអាហារ អ្នកប្រើក៏អាចប្រើវាសម្រាប់ទុកដាក់គ្រឿងសិង្ហារិមតូចៗ ឬទូរស័ព្ទដៃជាដើម ក៏បាន។
ឫស្សីដែលប្រើដើម្បីផលិតសម្ភារៈវេចខ្ចប់មិនប៉ះពាល់បរិស្ថាននេះ គឺយកពីសំណល់នៃរោងចក្រផលិតចង្កឹះ។
ទោះបីជាផលិតផលនេះ ល្អសម្រាប់បរិស្ថានក្ដី ក៏ប៉ុន្តែតម្លៃវាក៏លើសពីផ្លាស្ទិកដែរ ដូច្នេះ ការបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ឲ្យចាយប្រាក់ច្រើនបន្តិចដើម្បីបរិស្ថាន គឺជារឿងលំបាក។
ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ ក្រុមហ៊ុនគ្រោងនឹងពង្រីករោងចក្រ បន្ថែមបុគ្គលិក និងតម្រង់គោលដៅផលិតឲ្យបាន ១លានឯកតាក្នុងមួយខែៗ។ សព្វថ្ងៃក្រុមហ៊ុនអាចផលិតបានត្រឹម ៣សែនឯកតាប៉ុណ្ណោះក្នុងមួយខែ៕