ឧបនាយករដ្ឋមន្ត្រីថៃ លោក ស៊ូផាតថាណាពុង ផុនមៀចៅ បាននិយាយនៅក្នុងសារព័ត៌មានក្នុងស្រុកថៃថា វ៉ាក់សាំង នឹងអាចនឹងជួយឲ្យប្រទេសថៃ បើកទ្វារទទួលភ្ញៀវទេសចរបរទេស និងអាចកាត់បន្ថយពេលវេលាសម្រាប់ការធ្វើចត្តាឡីស័កផងដែរ។
អ្នកជំនាញភាគច្រើន ក៏បានព្យាករសេដ្ឋកិច្ចថៃដែរថា អាចនឹងកើនក្នុងរង្វង់ ៣ទៅ៤ភាគរយ នៅឆ្នាំក្រោយនេះ។
លោក សូផាតថាណាពុង បាននិយាយថា ការផ្ទុះរាលដាលនៃមេរោគ ត្រូវបានកំណត់ ហើយរាជរដ្ឋាភិបាលអាចនឹងគ្រប់គ្រងស្ថានការណ៍នេះបាន។
មន្ត្រីជាន់ខ្ពស់របស់ថៃរូបនេះ ក៏បានគូសបញ្ជាក់ដែរថា ខណៈដែលខេត្តសាមុទ្រសាខនត្រូវបានបិទ ដែលជាកន្លែងមានការផ្ទុះឆ្លងរាលដាលខ្លាំងនោះ អាចនឹងធ្វើឲ្យប្រទេសថៃត្រូខាតបង់ប្រមាណជាង ១ពាន់៦រយ លានដុល្លារអាមេរិក ហើយផលប៉ះពាល់នេះ គឺមានទំហំតូចប៉ុណ្ណោះ បើធៀបនឹងទំហំ GDP របស់ថៃ ដែលមានដល់ទៅជិត ៤២០ ពាន់លានដុល្លារអាមេរិក។
តាមការព្យាករបស់ឧបនាយករដ្ឋមន្ត្រីថៃដដែលនេះ នៅឆ្នាំ២០២០នេះ សេដ្ឋកិច្ចថៃ អាចនឹងធ្លាក់ចុះ ៦% ដែលវាស្របតាមការព្យាកររបស់ក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមដែរ៕