អគ្គលេខាធិការគណៈកម្មការនិយតកម្មថាមពលថៃ លោក ខុមគ្រីច ថាន់ត្រាវ៉ាន់និច (Khomgrich Tantravanich) បាននិយាយថា អាជ្ញាធរអាចដំឡើងពន្ធអគ្គិសនីជាបណ្តើរៗ ដើម្បីជៀសវាងការដំឡើងអត្រាការប្រាក់ ដែលនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រួសារ និង អាជីវកម្ម។ ក្នុងនោះ ការកើនឡើងតម្លៃពន្ធថាមពលខ្ពស់ក្នុងប្រទេសថៃបណ្តាលមកពីតម្លៃមូលដ្ឋានពន្ធនាំចូល និងពន្ធលើប្រេងឥន្ធនៈ ហើយលទ្ធផលភាគច្រើន គឺបណ្ដាលមកពី តម្រូវការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) មានការកើនឡើងខ្លាំង ដែលឧស្ម័នប្រភេទនេះមានតម្លៃខ្ពស់ ប៉ុន្ដែវាគឺត្រូវការចាំបាច់ណាស់ដើម្បីមកផលិតអគ្គិសនី។
លោក Khomgrich បានព្រមានថា ការប្រែប្រួលតម្លៃថាមពលសកលនឹងនៅតែមាន ដរាបណាសង្គ្រាម និងទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីមិនបានបញ្ចប់។
មែនទែនទៅ តម្លៃពន្ធប្រេងឥន្ធនៈជាធម្មតាត្រូវបានកែតម្រូវរៀងរាល់បួនខែម្តង ខណៈការកែតម្រូវបានចុងក្រោយគឺធ្វើឡើងសម្រាប់រយៈពេលពីខែឧសភា ដល់ ខែសីហា មានការកើនឡើងតម្លៃប្រេងឥន្ទនៈបន្ថែម ០,៤៧ បាត ឫ ស្មើជិត ១០០ រៀល ក្នុងមួយលីត្រ នាំឲ្យតម្លៃពន្ធអគ្គិសនីកើនឡើងដល់ ៤ បាត ឫ ប្រមាណ ៤០០ រៀលក្នុងមួយគីឡូវ៉ាត់។ ក្នុងនោះ ការកែតម្រូវបន្ទាប់សម្រាប់ ខែកញ្ញា ដល់ ខែធ្នូ តម្លៃពន្ធប្រេងឥន្ធនៈត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងថែមទៀតផងដែរ។
ទោះយ៉ាងណា អាជ្ញាធរផលិតអគ្គិសនីរបស់រដ្ឋនៃប្រទេសថៃ បានយល់ព្រមក្នុងការចំណាយថវិការជាង ២០ពាន់លានដុល្លារទៅលើការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈនេះផងដែរ។
ថ្វីបើទោះជាតម្លៃឧស្ម័នរ៉ាវមានការកើនឡើងខ្ពស់ជាសកល ក៏ប្រទេសថៃនៅតែអាចរក្សាតម្លៃឧស្ម័នក្នុងស្រុកក្នុងតម្លៃសមរម្យ។
ឧស្ម័ន LNG ត្រូវបានគេប្រើប្រាស់ ៦០% នៃប្រេងឥន្ធនៈ ដើម្បីផលិតជាថាមពលអគ្គិសនីនៅក្នុងប្រទេសថៃ។ យ៉ាងណាមិញ ការធ្លាក់ចុះ នៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ LNG ពីប្រភពធនធានក្នុងស្រុក ដែលទាញយកពីពីឈូងសមុទ្រថៃ បានបានតម្រូវឲ្យការនាំចូលឧស្ម័នប្រភេទនេះ មានការកើនឡើងផងដែរ។
ប្រទេសថៃបាននាំចូលឧស្ម័នរាវពីប្រទេសមីយ៉ាន់ម៉ាប្រហែល ៤០% កើនឡើងពី ២០% បើធៀបពីពេលមុន ខណៈដែលឧស្ម័នពីទាញបានពីប្រភពក្នុងស្រុកបានធ្លាក់ចុះ៤០% ៕