ការនាំចេញគ្រឿងអលង្ការ​ថៃ

ថៃ នាំចេញត្បូង និងគ្រឿងអលង្ការជាង ៧ពាន់លានដុល្លារ ក្នុងឆមាសទី ១ ដើមឆ្នាំ២០១៩


នៅក្នុងឆមាសទី ១ ដើមឆ្នាំ២០១៩នេះ ប្រទេសថៃ បានធ្វើការនាំចេញ ត្បូង និងគ្រឿងអលង្ការ សរុបជាទឹកប្រាក់ជាង ៧,២ ពាន់លានដុល្លារអាមេរិក មានកំណើន ១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកថៃ។
ថៃ នាំចេញត្បូង និងគ្រឿងអលង្ការជាង ៧ពាន់លានដុល្លារ ក្នុងឆមាសទី ១ ដើមឆ្នាំ២០១៩ (រូបភាព៖ Bangkok Post)
ដោយ

វិទ្យាស្ថានត្បូង និងគ្រឿង​អលង្ការថៃ បានធ្វើការ​បង្ហាញ​ឲ្យដឹងថា ការកើនឡើង​នៃការនាំចេញ មាស ជាង ៤០ភាគរយ ក្នុងអំឡុងពេល ៦ខែនេះ គឺជា​កត្តារុញច្រាន​ដ៏សំខាន់​នៃកំណើន​លូតលាស់​នៃ ឧស្សាហកម្ម​ត្បូង និងគ្រឿង​អលង្ការ ដោយសារតែ អ្នកនាំចេញ​មាស ឆ្លៀតឱកាស​បញ្ចេញ​លក់ក្នុង​តម្លៃថ្លៃ នៅពេលតម្លៃមាស​ទូទាំង​សកលលោក ឡើងថ្លៃ ហើយប្រជាជន ព្រួយបារម្ភ​ពីបញ្ហា​សុវត្ថិភាព។

វិទ្យាស្ថាន បានព្យាករណ៍​ទៀតថា នៅក្នុងឆមាសទី ២ ការនាំចេញ​ត្បូង និងគ្រឿង​អលង្ការ នឹងរក្សា​បាននូវកំណើន​ល្អដដែល ដោយសារតែ សង្គ្រាម​ពាណិជ្ជកម្ម អាមេរិក​ និងចិន នៅតែបន្ត ដែលធ្វើឲ្យ ផលិតផលថៃ មានឱកាស​ជំនួស​តំណែងរបស់ ផលិតផលចិនបាន។

យ៉ាងណាមិញ ការនាំចេញត្បូង និងគ្រឿង​អលង្ការ របស់ថៃ ទៅកាន់ឥណ្ឌា មានកំណើន​ខ្ពស់ជាងគេ​បំផុត​រហូតដល់ទៅ ៩៥ភាគរយ ខណៈដែល ការនាំចេញ​ទៅកាន់ វៀតណាម កើនឡើង ៥៦ភាគរយ និងនាំមក​កម្ពុជា កើនឡើង ៤៤ភាគរយ។

ទោះបីជា ការនាំចេញត្បូង និងគ្រឿងអលង្ការ ជាវិស័យ​មួយដែល​មានការកើនឡើង​ក៏ដោយ ការនាំចេញ​ជារួម របស់ប្រទេស​ថៃ អាចនឹងធ្លាក់​ចុះចន្លោះ ១.៦ភាគរយ រហូតដល់ ៣.១ភាគរយ ដោយសារតែ​ភាពតាន​តឹងនៃសង្គ្រាម​ពាណិជ្ជកម្ម អាមេរិក-ចិន នៅតែបន្ត​អូសបន្លាយ​ទៀត។

ពិតណាស់ ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញ​ពីតួលេខធ្លាក់ចុះ ជាប់ៗគ្នា រយៈពេល ៤ខែរួច​ទៅហើយ មកទល់ពេលនេះ ហើយក្នុងខែមិថុនា កន្លងទៅថ្មីៗនេះ ការនាំចេញ​របស់ថៃ ក៏ធ្លាក់ចុះ​ប្រមាណ ២ភាគរយ មកនៅត្រឹម​ប្រមាណ ២១ពាន់លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ក្នុងខែមិថុនា ការនាំចេញ​របស់ថៃ​ទៅកាន់ទីផ្សារ​សំខាន់ៗ បន្តធ្លាក់ចុះ ដូចជា ទីផ្សារចិន ធ្លាក់ចុះ​ប្រមាណ ១៥ភាគរយ និងទីផ្សារ​អាមេរិក ធ្លាក់ចុះ ២ភាគរយ។

លោកស្រី ភីមឆាណុក វុន ករ ផុន មន្រ្តីជាន់ខ្ពស់​នៃក្រសួង​ពាណិជ្ជកម្ម​ថៃ បានឲ្យដឹងថា ការធ្លាក់ចុះ​នៃការនាំចេញនេះ គឺដោយសារតែ​សង្គ្រាមពាណិជ្ជកម្ម​សកល យ៉ាងពិតប្រាកដ ហើយវានៅជះឥទ្ធិពល​ដល់ ការនាំចេញក្នុង​ត្រីមាសទី ៣ ទៀត។

លោកស្រី បន្តថា បើសិនជា ថៃ អាចរក្សា​តួលេខនាំចេញ ក្នុងចន្លោះ ២០ ទៅ ២១ពាន់​លានដុល្លារ ក្នុងមួយខែ សម្រាប់រយៈពេល ៦ខែ ដែលនៅសល់​ក្នុងឆ្នាំនេះ នោះ ការនាំចេញ​សរុបរបស់ អាចនឹង​មានកំណើន ១ភាគរយវិញ។

ជាក់ស្តែង សង្គ្រាមពាណិជ្ជកម្ម​នាពេលនេះ កាន់តែឡើងកម្តៅ ហើយថៃ កំពុងទទួល​រងផលប៉ះពាល់​ទៅលើ ការនាំចេញ ដោយសារតែ​ប្រទេសទាំងពីរ សុទ្ធតែជា ទីផ្សារនាំ​ចេញ​ដ៏ធំបំផុត​របស់​ប្រទេសថៃ ដែលធ្វើឲ្យ ការនាំចេញ​ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ ធ្លាក់ចុះ ២.៩ភាគរយ មកនៅត្រឹម ១២៣ពាន់លាន​ដុល្លារប៉ុណ្ណោះ។

គួររម្លឹកបន្តិចថា រាជរដ្ឋាភិបាលថៃ បានទម្លាក់​ការព្យាករពី កំណើននៃការនាំចេញពី ៨ភាគរយ មកត្រឹម ៣ភាគរយ ក្នុងឆ្នាំ ២០១៩នេះ ដោយបន្ទោស​ទៅលើ ការថមថយចុះ​នៃសេដ្ឋកិច្ចសកល ភាពមិនច្បាស់​លាស់នៃ បញ្ហានយោបាយ​នៅក្នុង​ប៉ែកអឺរ៉ុប និងជាពិសេសគឺ សង្គ្រាម​ពាណិជ្ជកម្ម​រវាងអាមេរិក-ចិន ដែលកំពុង​តែអូសបន្លាយ​កាន់តែយូរ៕

None



អត្ថបទបន្ទាប់


ការវិនិយោគក្នុងវិស័យកាត់ដេរ និង ស្បែកជើង កាបូប កើនបញ្ច្រាសទិសនឹងការព្រួយបារម្ភរឿងដក EBA

ការវិនិយោគនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើង កាបូប ដែលមានគោលដៅនាំចេញសំខាន់ទៅ សហភាពអឺរ៉ុប មិនបានបង្ហាញពីសញ្ញាថមថយចុះនោះឡ…

កម្ពុជាសម្រេចបានទឹកប្រាក់វិនិយោគជាង ៥ពាន់លានដុល្លារ ៦ខែ ឆ្នាំ២០១៩

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ ២០១៩នេះ គម្រោងវិនិយោគដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC គឺមានចំនួន ១៥៣គម្រោង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ