លោក ឆៃ វ៉ាឆារ៉ុង (Chai Wacharonke) អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានថ្លែងឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា ការអនុម័តនូវកញ្ចប់ប្រាក់កម្ចីបន្ថែមថ្មីនេះ គឺជាផ្នែកមួយនៃផែនការគ្រប់គ្រងបំណុលរបស់រដ្ឋាភិបាល នៅក្នុងឆ្នាំសារពើពន្ធឆ្នាំក្រោយ ដែលរួមបញ្ចូល នូវការរៀបចំរចនាសម្ព័ន្ធបំណុលដែលមានស្រាប់ឡើងវិញរហូតដល់ប្រមាណជាង ៤៤ពាន់លានដុល្លារ និងការសងបំណុលដែលមានតម្លៃសរុបចំនួនជិត ១១ពាន់លានដុល្លារ ។
លោក ឆៃ បានបន្តថា កញ្ចប់កម្ចីថ្មីនេះក៏នឹងមានកញ្ចប់សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដែលថៃកំពុងតែត្រូវការជាចាំបាច់ជាច្រើនគម្រោងផងដែរ ។
រហូតមកដល់ពេលនេះ គណៈរដ្ឋមន្ត្រីថៃដែលដឹកនាំដោយលោក ស្រ៊ីថា ថាវេស៊ីន ក៏បានអនុម័តលើគម្រោងវិនិយោគ ដែលមានទំហំរហូតដល់ជិត ១៤ ពាន់លានដុល្លារដែលត្រូវអនុវត្តដោយក្រុមហ៊ុននានារបស់រដ្ឋ។
ក្រៅពីគម្រោងវិនិយោគដែលថៃកំពុងតែត្រូវការថវិកាដ៏មហាសាល រដ្ឋាភិបាលដែលទើបតែបានចូលកាន់តំណែងកាលពីខែមុនក៏កំពុងរៀបចំគោលនយោបាយថ្មី រួមទាំងការចែកប្រាក់ ឌីជីថលដែលមានតម្លៃ ៥៦០ ពាន់លានបាត ឫ ប្រមាណជាជាង១៥ ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចដែលធ្លាក់ចុះដោយសារការនាំចេញទន់ខ្សោយ និងទំនុកចិត្តវិនិយោគិន ធ្លាក់ចុះទាបនៅក្នុងប្រទេសផងដែរ។
ទោះជាយ៉ាងនេះក្តី ផែនការកញ្ចប់បំណុលដែលបានអនុម័តនេះ អាចត្រូវបានកែប្រែឡើងវិញខ្លះ ដោយសាររដ្ឋាភិបាលនៅកំពុងរៀបចំកញ្ចប់ថវិកាសារពើពន្ធឆ្នាំ ២០២៤មិនទាន់ចប់នៅឡើយ ដោយគេដឹងថា រដ្ឋាភិបាលអាចនឹង គ្រោងចំណាយដល់ទៅជាង ៩៥ពាន់លានដុល្លារ ខណៈដែលឱនភាពថវិកាជាតិមានតម្លៃជាង ១៩ ពាន់លានដុល្លារ ។
ទោះយ៉ាងណា ក៏មានការលើកឡើងដែរថា រដ្ឋាភិបាលថៃគ្រោងនឹងអនុម័តប្រាក់កម្ចីថ្មីមានចំនួនដល់ទៅជាង ១៩ ពាន់លានដុល្លារឯណោះ សម្រាប់ឆ្នាំសារពើពន្ធថ្មីខាងមុខនេះ៕
ដោយៈ សរ សុជាតិ