រាជរដ្ឋាភិបាលថៃ កាលពីសប្ដាហ៍មុន ក៏បានប្រកាសពីគម្រោងកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចថ្មី ដែលមានតម្លៃប្រមាណ ៧ពាន់លានដុល្លារ ដើម្បីជួយដល់សកម្មភាពដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ខណៈដែលប្រទេសនេះ មានអ្នកឆ្លងជាង ៩ពាន់នាក់ ក្នុងរយៈពេលត្រឹមតែ១ខែប៉ុណ្ណោះ។
បណ្ណសន្សំរបស់រាជរដ្ឋាភិបាលថៃ នឹងលក់ជាបីប្រភេទ គឺរយៈពេល ៥ឆ្នាំ ដែលមានអត្រាការប្រាក់ជាមធ្យម ២% ក្នុងមួយឆ្នាំ។ រយៈពេល ១០ឆ្នាំ មានអត្រាការប្រាក់ជាមធ្យម២,៥% និងរយៈពេល ១៥ឆ្នាំ មានអត្រាការប្រាក់ថេរ ១,៨% ក្នុងមួយឆ្នាំ។
ក្នុងគម្រោងកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចថ្មីរបស់ថៃ ក៏មានការខ្ចីបំណុលបន្ថែមផងដែរ រួមទាំងបណ្ណបំណុលរដ្ឋាភិបាល និងខ្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី។
បំណុលទាំងនេះ នៅតែមានក្រោមពិដានគម្រោងកម្ចីជាង៣៣ពាន់លានដុល្លារ ដែលរាជរដ្ឋាភិបាលថៃ បានប្រកាសកាលពីឆ្នាំមុន ដើម្បីដោះស្រាយបញ្ហាមេរោគរាតត្បាត។
រដ្ឋាភិបាលថៃ រំពឹងថា បំណុលសាធារណៈ ធៀបនឹងGDPនឹងមិនបង្កើនដល់ ៥៦% នោះទេ គិតនៅត្រឹមចុងឆ្នាំសាពើពន្ធ ដែលនឹងបញ្ចប់នៅត្រឹមខែកញ្ញាឆ្នាំនេះ ខណៈដែលត្រឹមខែវិច្ឆិកាឆ្នាំ២០២០ កម្រិតបំណុលសាធារណៈរបស់ថៃមានប្រមាណ ៥០% នៃ GDP។