ការសម្រេចបញ្ចេញកញ្ចប់ថវិកាធានាថ្លៃស្រូវ នេះ គឺធ្វើឡើងកាលពីថ្ងៃពុធ ទី២១ សីហានេះ ដោយគណៈកម្មាធិការជាតិគោលនយោបាយស្រូវអង្ករ នៃប្រទេសថៃ ដែលមានលោកប្រយុទ្ធចាន់ អ៊ូចារ នាយករដ្ឋមន្ត្រីថៃ ជាប្រធាន។
គម្រោងនេះ នឹងត្រូវគ្របដណ្ដប់លើស្រូវចំនួន ៥ប្រភេទ រួមមាន ប្រភេទស្រូវអង្ករស ស្រូវក្រអូបហូម៉ាលី ស្រូវក្រអូប ផាត់ធំ ថានី ស្រូវដំណើប និងស្រូវអង្ករក្រអូបតាមបណ្ដាខេត្ត។ លើសពីនេះទៀត តម្លៃនៃការធានាថ្លៃស្រូវនីមួយៗមានខុសៗគ្នាដែរ ពោលគឺមានការធានាថ្លៃ ចន្លោះពី ១ម៉ឺនបាត ទៅ ១ម៉ឺន៥ពាន់បាត ក្នុងស្រូវមួយតោន បើគិតជាដុល្លារ គឺចន្លោះពីប្រមាណ ៣២៣ ដុល្លារទៅ ៤៨៥ ដុល្លារ ក្នុងមួយស្រូវមួយតោន
បន្ទាប់ពីមានសម្រេចរបស់គណៈកម្មាធិការជាតិគោលនយោបាយស្រូវរួចហើយនោះ សំណើនឹងត្រូវដាក់ជូនទៅដល់គណៈរដ្ឋមន្ត្រីដើម្បីអនុម័តនៅថ្ងៃទី ២៧ សីហាខាងមុខនេះ។
គម្រោងធានាថ្លៃស្រូវសម្រាប់ប្រជាកសិករថៃនេះ ត្រូវបានគេរំពឹងថា នឹងជួយដល់គ្រួសារកសិករប្រមាណ ជិត៤លានគ្រួសារ។
សូមជម្រាបថា ការធានាថ្លៃស្រូវនេះ នឹងផ្ដល់សំណងដល់កសិករបើសិនជាតម្លៃទីផ្សារទាបជាងកំរិតគោលដែលបានកំណត់ធានា។
លោក សូទិព្វ គង់ម៉ាក ទីប្រឹក្សាសមាគមកសិកម្មថៃ បាននិយាយថា លោកសាទរចំពោះគម្រោងនេះ ប៉ុន្ដែលោកថា ថវិការបស់រដ្ឋអាចនឹងមិនត្រូវបានចំណាយដល់៦៨០ លានដុល្លារនោះទេ បើសិនជាស្រូវនៅរក្សាបានតម្លៃខ្ពស់ជាងតម្លៃធានា។ លោកសូទិព្វ ជំរុញឲ្យរាជរដ្ឋាភិបាល កំណត់ថវិកា ដើម្បីឧបត្ថម្ភធនសម្រាប់ការចំណាយថ្លៃដើមផលិត និងការគ្រប់គ្រងតម្រូវការទឹកវិញ។
ដោយឡែក ប្រធានសមាគមអ្នកនាំចេញស្រូវថៃឯណោះវិញ ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលគួរតែណែនាំនូវវិធានការរយៈពេលវែង ដើម្បីអភិវឌ្ឍឧស្សាហកម្មស្រូវអង្ករក្នុងប្រទេស។ សមាគមនេះ បន្ថែមទៀតថា រដ្ឋត្រូវតែដាក់ចេញនូវវិធានការណ៍រយៈពេលមធ្យម និងវែង ដើម្បីអភិវឌ្ឍដូចជា កាត់បន្ថយថ្លៃដើមផលិត និងពង្រីកសមត្ថភាពផលិតកម្មជាដើម។
សមាគមអ្នកនាំចេញស្រូវថៃដដែលនេះ បានបញ្ជាក់ទៀតថា ខ្លួនក៏មានឆន្ទៈសហការជាមួយក្រសួង ដើម្បីកែសម្រួលនូវទីផ្សារស្រូវចាស់ដូចជា នៅប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង ដែលបានឈប់ទិញអង្ករពីថៃ នាប៉ុន្មានឆ្នាំមកនេះ។ លើសពីនេះទៀត សមគម ក៏មានផែនការ ពង្រីកទីផ្សារគោលដៅ ទៅកាន់ប្រទេសជប៉ុន និងចិនផងដែរ។
សូមជម្រាបថា កាលពីឆ្នាំ ២០១៨ ប្រទេសថៃ បាននាំចេញអង្ករសរុបមានរហូតដល់ ១១ លានតោន ប៉ុន្ដែ សម្រាប់ឆ្នាំ២០១៩នេះវិញ សមាគមអ្នកនាំចេញអង្ករថៃ បានទម្លាក់ការព្យាករណ៍ សម្រាប់ការនាំចេញអង្ករ មកនៅត្រឹម ៩លានតោនប៉ុណ្ណោះ ដែលថយចុះប្រមាណ ១៧ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ដោយសារតែជួបនឹងបញ្ហាគ្រោះរាំងស្ងួត និងរងផលប៉ះពាល់ពី ការបញ្ចេញលក់ស្តុកអង្ករចាស់របស់ ចិន៕