រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ដែលជាប្រធានគណៈកម្មាធិការកណ្តាលគ្រប់គ្រងលើ តម្លៃទំនិញនិងសេវាកម្ម បានបញ្ជាក់ថា គណៈកម្មាធិការបានយល់ព្រមលើសំណើដាក់បញ្ចូលនូវ ម៉ាស់មុខ និងទឹកអាល់កុលលាងដៃ ទៅក្នុងបញ្ជីត្រួតពិនិត្យតម្លៃរបស់រដ្ឋ។
នៅពេលជាប់នៅក្នុងបញ្ជីហើយ ទាំងអ្នកផលិត អ្នកចែកចាយ អ្នកនាំចេញនិងនាំចូល ត្រូវធ្វើសេចក្តីរាយការណ៍ទៅកាន់នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង អំពីរបាយការណ៍ចំណាយ តម្លៃ និងចំនួនលក់ ការនាំចេញ-នាំចូល និងស្តុកទុកជាដើម ជាពិសេស ការនាំចេញលើសពី ៥០០ដុំ ត្រូវស្នើសុំការអនុញ្ញាតពី នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង។
ដោយឡែកសម្រាប់ទឹកអាល់កុលលាងដៃវិញ គឺមានវិធានការស្រដៀងគ្នា តែមិនកំណត់ទៅការនាំចេញនោះទេ ព្រោះការប្រើប្រាស់ក្នុងស្រុក គឺមានគ្រប់គ្រាន់។
យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃអះអាងថា វិធានការមួយនេះ គឺសម្រាប់រយៈពេលខ្លីនោះទេ ហើយវាជារឿងចាំបាច់ ពីព្រោះតម្រូវការម៉ាស់ កើនឡើងដល់ ៥០លានដុំក្នុងមួយខែ បន្ទាប់ពី មេរោគកូរ៉ូណាផ្ទុះឡើង ខណៈពីមុនតម្រូវការមានតែ ៣០លានម៉ាស់ ក្នុងមួយខែ។
ប្រទេសថៃ មានសមត្ថភាពផលិតម៉ាស់ប្រមាណ៣០លានដុំក្នុងមួយខែ មិនទាន់អាចឆ្លើយតបទៅនឹង តម្រូវការប្រើប្រាស់នាពេលបច្ចុប្បន្ននោះទេ ហើយចំពោះជនឆ្លៀតឱកាសដំឡើងថ្លៃ និងមិនគោរពតាមច្បាប់ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារ ៥ឆ្នាំឡើងទៅ នឹងពិន័យជាទឹកប្រាក់ប្រមាណ ៣ពាន់ដុល្លារអាមេរិកឡើងទៅ។
សូមបញ្ជាក់ថា បញ្ហាមេរោគ កូរ៉ូណា កំពុងតែជះឥទ្ធិពលអាក្រក់ដល់ ប្រទេសថៃ សឹងតែគ្រប់វិស័យ ហើយ ថៃអាចនឹងខាតបង់ប្រមាណ ៧ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០នេះ ៕