ក្រុមហ៊ុនធានារ៉ាប់រង Syn Mun Kong របស់ថៃកំពុងសម្លឹងរកការបង្កើនដើមទុន និងស្វែងរកដៃគូថ្មី ដើម្បីបន្តអាជីវកម្មរបស់ខ្លួន ខណៈដែលក្រុមហ៊ុននេះស្វែងរកការស្តារនីតិសម្បទា ដែលគ្រប់គ្រងដោយតុលាការឡើងវិញផងដែរ។ ប្រភពព័ត៌មានបានឱ្យដឹងថា វិនិយោគិនបរទេសមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមជាមួយក្រុមហ៊ុននេះ ខណៈក្រុមហ៊ុននេះកំពុងពិភាក្សាគ្នានៅឡើយ។
ក្រុមហ៊ុនធានារ៉ាប់រង Syn Mun Kong ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុនថៃមួយនេះ ក៏បានដាក់ញត្តិស្តារនីតិសម្បទាទៅតុលាការក្ស័យធន កាលពីខែឧសភារួចហើយដែរ បន្ទាប់ពីប្រឈមនឹងការខាតបង់យ៉ាងច្រើនពីការទាមទារសំណងសេវាធានារ៉ាប់រងជំងឺកូវីដ១៩របស់ខ្លួនពីសំណាក់អតិថិជនដែលបានទិញសេវាធានារ៉ាប់រងនេះ។ ការិយាល័យគណៈកម្មាធិការធានារ៉ាប់រងថៃ បានព្រមានថា អាជ្ញាធរក៏អាចនឹងដកហូតអាជ្ញាប័ណ្ណធានារ៉ាប់រងមិនមែនជីវិតរបស់ក្រុមហ៊ុននេះផងដែរ ដោយសារបំណុលបានកើនឡើងលើសពីទ្រព្យសកម្មរបស់ក្រុមហ៊ុនទៅហើយ។
ក្រុមហ៊ុន Syn Mun Kong គឺជាក្រុមហ៊ុនធានារ៉ាប់រងរបស់ថៃចុងក្រោយគេ ដែលបានស្នើសុំធ្វើការស្តារនីតិសម្បទាឡើងវិញ ដោយមុននេះគឺមានក្រុមហ៊ុនចំនួន៣ផ្សេងទៀត ដែលបានដួលរលំរួចទៅហើយដោយសារតែការអស់លទ្ធភាពសងសំណងសេវាធានារ៉ាប់រងជំងឺកូវីដ-១៩ ក្នុងនោះរួមមាន ក្រុមហ៊ុន Asia Insurance 1950 Public Company ,ក្រុមហ៊ុន The One Insurance Public Company និងក្រុមហ៊ុន Southeast Asia Insurance។
ក្រុមហ៊ុន Syn Mun Kong គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន ១៦ នៅក្នុងប្រទេសថៃដែលបានចាប់ផ្តើមលក់កញ្ចប់សេវាធានារ៉ាប់រងជំងឺកូវីដ១៩ក្នុងតម្លៃទាបនៅក្នុងឆ្នាំ២០២០ ដោយផ្តល់ជូនគម្រោងត្រឹមតែ ៣០០ បាតទៅ ៥០០ បាត ឬស្មើនឹងជាង៨ ទៅជា១៤ដុល្លារ ក្នុងមួយឆ្នាំ ជាមួយនឹងការទូទាត់សំណងរហូតដល់ ៥០ ម៉ឺនបាត ឬស្មើនឹងជាង១ពាន់៤រយដុល្លារ ក្នុងករណីអ្នកទិញធានារ៉ាបរងឆ្លងជំងឺកូវីដ១៩។
ការដាក់ចេញលក់កញ្ចប់ធានារ៉ាប់រងកូវីដ១៩ក្នុងតម្លៃថោក យ៉ាងដូច្នេះ ក៏ដោយសារតែនៅពេលនោះដែរ ប្រទេសថៃត្រូវបានគេកោតសរសើរចំពោះការគ្រប់គ្រងដោយជោគជ័យនូវស្ថានភាពជំងឺកូវីដ១៩ ដោយករណីប្រចាំថ្ងៃមានតិចជាង ៣០០ នាក់ប៉ុណ្ណោះ ដោយឃើញនូវករណីបែបនេះហើយទើបក្រុមហ៊ុនធានារ៉ាប់រងមួយចំនួនបានផ្តល់គោលការណ៍តម្លៃទាបលើការធានាចំពោះជំងឺខូវីដ១៩ ព្រោះពួកគេជឿជាក់ថា ចំនួនអ្នកឆ្លងថ្មីនៃជំងឺនេះនឹងមានកម្រិតកាន់តែទាបទៅៗ។
ក៏ប៉ុន្តែនៅពេលដែលស្ថានភាពជំងឺនេះនៅតែបន្តកើតមាននោះ អ្នកប្រើប្រាស់សេវារ៉ាប់រងបានសម្រុកទៅទិញកញ្ចប់ធានារ៉ាប់រងជំងឺកូវីដ១៩កាន់តែច្រើនឡើងៗ ដោយជំរុញឱ្យក្រុមហ៊ុនកាន់តែច្រើនជួបបញ្ហាហិរញ្ញវត្ថុ លែងមានប្រាក់ដើម្បីទូទាត់សំណង រហូតដល់ក្ស័យធនយ៉ាងដូច្នេះ ។
ក្រុមហ៊ុន Syn Mun Kong ត្រូវប្រឈមមុខនឹងការទាមទារសំណងជំងឺកូវីដ-១៩ចំនួន ៤១,៨ ពាន់លានបាត ឬស្មើនឹងជាង១ពាន់លានដុល្លារ ប៉ុន្តែការលក់សេវាធានារ៉ាប់រងនេះ ទទួលបានទឹកប្រាក់ត្រឹមតែ ៦៦០ លានបាត ឬស្មើនឹងជាង១៧លានដុល្លារប៉ុណ្ណោះ។ សមាគមធានារ៉ាប់រងទូទៅនៅប្រទេសថៃ (TGIA) ដែលមានសមាជិក ៥៤ ក្រុមហ៊ុននោះបានឱ្យដឹងថា ការទាមទារសំណងជំងឺកូវីដសរុបនៅទូទាំងឧស្សាហកម្មធានារ៉ាប់រងនៅប្រទេស ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ១៤០ ពាន់លានបាត ឬស្មើនឹងប្រមាណ៤ពាន់លានដុល្លារអាមេរិកឯណោះ។
លោក Anon Vangvasu ប្រធានសមាគមធានារ៉ាប់រងទទៅរបស់ថៃ បាននិយាយថា "បញ្ហានេះទំនងជានឹងបញ្ចប់នៅខែមិថុនាឆ្នាំនេះ នៅពេលដែលគោលនយោបាយទាំងអស់នឹងផុតកំណត់ ប៉ុន្តែលោកគិតថា វានៅតែជះឥទ្ធិពលអវិជ្ជមានដល់អាជីវកម្មធានារ៉ាប់រងមិនមែនជីវិតជាបន្តទៀត ព្រោះអ្វីដែលបានកើតឡើងរយៈពេល ២ ឆ្នាំមកនេះនឹងប៉ះពាល់ដល់ទំនុកចិត្តអតិថិជននៅក្នុងអាជីវកម្មធានារ៉ាប់រងដែលបង្កការលំបាកដល់ក្រុមហ៊ុនក្នុងការពង្រីកអតិថិជនរបស់ខ្លួននាពេលអនាគត៕