ធនាគារ ធនាគារកសិកនប៊ែង ដែលមានមូលដ្ឋាននៅបាងកក បានបង្ហាញក្ដីរំពឹងថា នឹងក្លាយជាធនាគារមួយ នៅក្នុងចំណោមធនាគារកំពូលទាំង២០របស់វៀតណាម គិតត្រឹមទ្រព្យសកម្មនៅត្រឹមឆ្នាំ២០២៧ បន្ទាប់ពីការទិញយកស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារ Home Credit Vietnam ក្នុងតម្លៃជាង១ពាន់លានដុល្លារ។ គិតមកទល់បច្ចុប្បន្ន ធនាគារ កសិកនប៊ែន ឬហៅថា ធនាគារ KBank មានទ្រព្យសកម្មសរុបប្រមាណ ១២០ពាន់លានដុល្លារ ពោលគឺជាធនាគារបំផុតទី២ នៅក្នុងប្រទេសថៃ បន្ទាប់ពីធនាគារ បាងកក។ នេះបើតាមទិន្នន័យពីក្រុមហ៊ុន Refinitiv។
យ៉ាងណាមិញ ការប្រកាសពីគម្រោងរបស់ធនាគារកសិកនប៊ែង ក្នុងការទិញយកក្រុមហ៊ុនហិរញ្ញវត្ថុវៀតណាម Home Credit នាពេលនេះ គឺធ្វើឡើងនៅចំពេលដែលធនាគារវៀតណាមកំពុងស្ថិតក្រោមសម្ពាធ ខណៈសេដ្ឋកិច្ចប្រទេសមានដំណើរយឺត និងភាពចលាចលដែលកំពុងអូសបន្លាយនៅក្នុងវិស័យអចលនទ្រព្យ បានធ្វើឲ្យបំណុលអាក្រក់កើនឡើង និងបង្កឲ្យមានការកាត់បន្ថយអត្រាការប្រាក់យ៉ាងទូលំទូលាយផងដែរ។
ក្រុមហ៊ុន Home Credit Vietnam គឺជាផ្នែកមួយនៃស្ថាប័នហិរញ្ញវត្ថុមិនមែនធនគារ Home Credit Group ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ ហើយក្រុមហ៊ុននេះ បានចាប់ផ្ដើមប្រតិបត្តិការនៅវៀតណាមតាំងពីឆ្នាំ២០០៨ម្ល៉េះ និងមានបុគ្គលិក៦ពាន់នាក់ ជាមួយនឹងអតិថិជន ១២លាននាក់។
ប្រទេសវៀតណាម បច្ចុប្បន្នមានប្រជាជនជាង១០០លាននាក់ និងមានអត្រាពលរដ្ឋដែលគ្រប់អាយុធ្វើការកើនឡើងយ៉ាងឆាប់រហ័ស ខណៈធនាគារថៃ KBank ប៉ាន់ប្រមាណថា ពលរដ្ឋនៅក្នុងប្រទេសនេះ ប្រហែល៦៩% គឺមានគណនីធនាគារ ជាកម្រិតមួយខ្ពស់ជាងគេបំផុតនៅតំបន់អាស៊ី។
កាលពីខែមិថុនាកន្លងទៅ ធនាគារថៃមួយនេះ ក៏ទើបតែបានដំឡើងដើមទុនរបស់ខ្លួននៅវៀតណាមពី៨០លានដុល្លារ មកដល់ ២៨៥លានដុល្លារ និងបានក្លាយជាធនាគារបរទេសធំបំផុតទី២នៅវៀតណាម៕