សារព័ត៌មាន Asia News បានរាយការណ៍នៅថ្ងៃទី២៥ ខែសីហា ថា លោក វីនថៃ ស៊ូវ៉ារី (Winthai Suvaree) អ្នកនាំពាក្យកងទ័ពជើងគោកថៃបានប្រកែកថា ប្រព័ន្ធស៊ើបការណ៍សម្ងាត់របស់កងទ័ពថៃនៅតែដំណើរការយ៉ាងសកម្ម ប៉ុន្តែលោកទទួលស្គាល់ថា វាចាំបាច់ត្រូវតែមានការកែលម្អប្រសិទ្ធភាពបន្ថែមទៀត។ អ្នកនាំពាក្យរូបនេះបានព្យាយាមបកស្រាយទៀតថា ហេតុការណ៍ដែលបានកើតឡើងចំនួន៥១ករណីក្នុង១យប់នៅខេត្តភាគខាងត្បូងប្រទេសថៃ ភាគច្រើនកើនឡើងនៅក្រៅសហគមន៍ និងនៅក្នុងតំបន់ដែលត្រូវបានចាត់ទុកមិនមែនជាគោលដៅអាទិភាព។ ផ្អែកតាមតួលេខផ្លូវការការវាយប្រហារ៥១គោលដៅក្នុងពេលតែមួយយប់នេះបានកើតឡើងនៅខេត្តប៉ាតានី១១កន្លែង, ខេត្តយ៉ាឡា ១៨កន្លែង និងខេត្តណារ៉ាធីវ៉ាត ចំនួន២២កន្លែង។
ហេតុការណ៍សន្តិសុខដែលផ្ទុះឡើងព្រមៗគ្នានេះបានបន្សល់ទុកនូវភាពតក់ស្លុត និងស្រមោលអសន្តិសុខយ៉ាងធ្ងន់ធ្ងរលើផ្លូវចិត្តរបស់ប្រជាជនថៃ។ ទោះជាយ៉ាងនេះអ្នកនាំពាក្យកងទ័ពថៃ បានព្យាយាមសម្រាលសភាពការណ៍ដោយអះអាងថា ការវាយប្រហារទាំងនោះមិនបានផ្តោតលើការសម្លាប់ជីវិតពលរដ្ឋស៊ីវិលនោះទេ ប៉ុន្តែជាការដុតបំផ្លាញទ្រព្យសម្បត្តិ ដើម្បីបង្កើតភាពចលាចល និងបង្ហាញពីការបង្កអសន្តិសុខទ្រង់ទ្រាយធំតែប៉ុណ្ណោះ។
ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះបានបដិសេធថា ព្រឹត្តិការណ៍នេះមិនបានធ្វើឱ្យបាត់បង់ទំនុកចិត្តលើអាជ្ញាធររដ្ឋឡើយ ដោយលោកបានអះអាងថា ក្រុមឧទ្ទាមប្រដាប់អាវុធម៉ាឡាយូ បារីសាន រេវ៉ូលូស៊ី ណាស្យ៉ូណាល បានរៀបចំផែនការយ៉ាងផ្ចិតផ្ចង់ ដើម្បីញុះញង់ឱ្យសាធារណជនចោទសួរលើសមត្ថភាពរបស់កងទ័ពថៃ និងរុញឱ្យអាជ្ញាធរថៃធ្លាក់ចូលក្នុងសម្ពាធនយោបាយតែប៉ុណ្ណោះ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស