នាយកដ្ឋានស៊ើបអង្កេតពិសេសថៃ (DSI) បានបញ្ជូនសំណុំរឿង និងឯកសារភស្តុតាងកម្រាស់ជាង១២,០០០ទំព័រទៅកាន់ការិយាល័យអគ្គព្រះរាជអាជ្ញានៅក្រុងបាងកក ដើម្បីបើកផ្លូវឱ្យមានការចោទប្រកាន់ជាផ្លូវការលើលោក ឆុនណាភុត ណាសួ (Chonnaput Naksua) សមាជិកសភាវ័យ៣៦ឆ្នាំមកពីគណបក្ស ក្លាថាំ (Klatham)។ លោក ឆុនណាភុត ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការល្បែងស៊ីសងអនឡាញខុសច្បាប់ ការលាងលុយកខ្វក់ ព្រមទាំងបណ្តាញឧក្រិដ្ឋកម្មស្កេមឆ្លងដែន។
តាមសំណុំរឿងស៊ើបអង្កេត អាជ្ញាធរបានរកឃើញថា សមាជិកសភារូបនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគេហទំព័រល្បែងស៊ីសងខុសច្បាប់ និងសកម្មភាពល្មើសច្បាប់នៅក្រៅប្រទេស។ ការចងក្រងសំណុំរឿងដ៏ក្រាស់នេះ កើតឡើងបន្ទាប់ពីអគ្គព្រះរាជអាជ្ញាថៃ បានបញ្ជាឱ្យបំបែកសំណុំរឿងចេញពីបណ្តាញឧក្រិដ្ឋកម្មសៃប័រដ៏ធំមួយនៅភាគខាងត្បូងប្រទេសថៃ ដែលមានលំហូរសាច់ប្រាក់សង្ស័យរហូតដល់ទៅជាង១ពាន់លានបាត ឬជាង៣០លានដុល្លារអាម៉េរិក។
ទោះជាយ៉ាងណានៅចំពោះមុខការិយាល័យអគ្គព្រះរាជអាជ្ញាលោក ឆុនណាភុត បានបដិសេធរាល់បទចោទប្រកាន់ទាំងអស់ ដោយអះអាងថា ជាព័ត៌មានមិនពិត ហើយលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីតតាំងក្តីតាមផ្លូវច្បាប់។ ប្រសិនបើស្ថាប័នតុលាការថៃរកឃើញពិរុទ្ធភាពពិតប្រាកដ សមាជិកសភារូបនេះអាចនឹងត្រូវប្រឈមមុខនឹងទោសជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។
សំណុំរឿងនេះបានក្លាយជាផ្ទាំងស៊ីប នៃការរិះគន់យ៉ាងក្តៅគគុកដែលចោទជាសំណួរទៅលើតម្លាភាព និងប្រសិទ្ធភាពនៃរដ្ឋាភិបាលថៃ ក្នុងការលាងសម្អាតស្ថាប័នរដ្ឋ និងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់៕
ដោយៈ សរ សុជាតិ