លោក ឆូឡា សុខម៉ាណុប ប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បានគូសបញ្ជាក់ថា ការបិទជើងហោះហើរអន្តរជាតិនេះ ជាការហាមឃាត់ដោយគ្មានកំណត់នោះឡើយ ហើយមជ្ឈមណ្ឌលសម្រាប់ការងារកូវីដ១៩ នឹងត្រួតពិនិត្យមើលទៅលើ ស្ថានភាពសកលលោក មុននឹងសម្រេចបើកដំណើរការជើងហោះហើរឡើងវិញ។
លោក ឆូឡា បន្តថា មានវិនិយោគិនបរទេសច្រើនណាស់ ដែលមានបំណងចូលមកធ្វើអាជីវកម្ម នៅក្នុងប្រទេសថៃ អំឡុងពេលនេះ ដោយបានទទូចសុំទៅ រដ្ឋាភិបាលថៃ ដូច្នេះហើយ មន្ត្រីក៏បានពិនិត្យមើលទៅលើ គ្រឿងបរិក្ខារសម្រាប់ការធ្វើចត្តាឡីស័ក ថាមានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ដែរឬទេ។
លើសពីនេះ មានក្រុមហ៊ុនជាច្រើន ដែលអាចផ្តល់សេវាកម្មស្នាក់នៅបែបឯកជន បានដាក់ពាក្យស្នើសុំធ្វើជា កន្លែងធ្វើចត្តាឡីស័កដែលមានការបញ្ជាក់ទទួលស្គាល់ ដោយសារតែ អ្នកដំណើរដែលមកដល់ ប្រទេសថៃ ត្រូវចំណាយប្រាក់សម្រាប់ ការធ្វើចត្តាឡីស័កដោយខ្លួនឯង។
ដោយឡែកចំពោះករណីអ្នកដំណើរ ដែលមានបំណងចូលមកព្យាបាលជម្ងឺនៅក្នុងប្រទេសថៃ គឺត្រូវឲ្យស្នាក់នៅ មន្ទីរពេទ្យដែលជាប់កុងត្រានោះ រយៈពេល ១៤ថ្ងៃ ដើម្បីធានាឲ្យបានថា គ្មានការឆ្លងជម្ងឺកូវីដ១៩ នោះឡើយ។
ទោះយ៉ាងណា ថៃ នៅតែស្វាគមន៍អ្នកដំណើរ ជាវិនិយោគិន ដែលមានបំណងវិនិយោគ ដោយកំណត់ចំនួនអតិបរមា អនុញ្ញាតហោះហើរចូលប្រមាណ ៥០០នាក់ ក្នុងមួយថ្ងៃ ហើយគ្មានជើងហោះហើរធម្មតាណាមួយ ត្រូវបានបើកនាពេលនេះឡើយ៕