គណៈរដ្ឋមន្ត្រីថៃ បានអនុម័តវិធានការពន្ធថ្មីនេះនៅថ្ងៃទី១១ ខែវិច្ឆិកា ដោយអនុវត្តចំពោះទំនិញនាំចូលដែលដឹកជញ្ជូនតាមសេវាបញ្ញើរហ័ស ឬប្រៃសណីយ៍អន្តរជាតិ។ លោក អេកនីទិ នីទិថានប្រាផាស (Ekniti Nitithanprapas) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានលើកឡើងថា ការរីកចម្រើនយ៉ាងឆាប់រហ័ស នៃការទិញទំនិញលក់តាមអនឡាញបានផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការទិញទំនិញពីបរទេសក្នុងតម្លៃថោក។ ប៉ុន្តែទន្ទឹមនេះ អាជីវកម្មក្នុងស្រុកត្រូវចំណាយសព្វគ្រប់លើពន្ធប្រាក់ឈ្នួល និងការបំពេញតាមច្បាប់ព្រមទាំងស្តង់ដាផលិតផលនានា។ លោកបានសង្កត់ធ្ងន់ថា ភាពខុសគ្នានេះធ្វើឱ្យអាជីវកម្មក្នុងស្រុក ជាពិសេសអាជីវកម្មខ្នាតតូចប្រឈមនឹងការប្រកួតប្រជែងមិនស្មើភាព។
ជាមួយគ្នានេះ រដ្ឋាភិបាលថៃ ក៏បារម្ភដែរថា ទំនិញនាំចូលដែលមានតម្លៃថោកមួយចំនួនអាចនឹងគ្មានសុវត្ថិភាព ឬមិនបំពេញតាមស្តង់ដាគុណភាព ខណៈគ្មានក្រុមហ៊ុនក្នុងស្រុកណាមួយទទួលខុសត្រូវលើការធានាស្តង់ដាផលិតផលទាំងនោះ។ ទោះជាយ៉ាងណាលោក អេកនីទិ បានបញ្ជាក់ថា វិធានការនេះមិនមែនដើម្បីរារាំងការទិញលក់តាមអនឡាញ ឬកាត់បន្ថយជម្រើសរបស់អ្នកប្រើប្រាស់នោះទេ ពោលគឺដើម្បីធ្វើបច្ចុប្បន្នភាពប្រព័ន្ធពន្ធ និងច្បាប់ពាណិជ្ជកម្មឱ្យស្របតាមការវិវត្ត នៃសេដ្ឋកិច្ចឌីជីថល៕
ដោយ: តែម សុខុម