វិស័យ SME

តើការឈ្លានពានរបស់ថៃ មកលើកម្ពុជា ជាលើកទីពីរនេះ អាចធ្វើឱ្យផលិតផលថៃ បាត់វត្តមានពីទីផ្សារកម្ពុជា ទាំងស្រុង ឬយ៉ាងណា?


យោធាថៃ នៅតែបន្តឈ្លានពានមកលើកម្ពុជា ដែលបង្កឱ្យពលរដ្ឋខ្មែរស៊ីវិលជាច្រើននាក់បានបាត់បង់ជីវិត និងរងរបួស ព្រមទាំងខូចខាតផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនទៀត។ ឆ្លើយតបនឹងការឈ្លានពានទាំងកំរោលនេះ ពលរដ្ឋខ្មែរ ដែលជាកម្លាំងជួរក្រោយបាននាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ យ៉ាងផុសផុល ក្នុងគោលបំណងវាយបំបាក់សេដ្ឋកិច្ចថៃ ហើយបានងាកមកផលិត និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីជួយជំរុញសេដ្ឋកិច្ច។ តើការឈ្លានពានរបស់ថៃ មកលើកម្ពុជា ជាលើកទីពីរនេះ អាចធ្វើឱ្យផលិតផលថៃ បាត់វត្តមានពីទីផ្សារកម្ពុជា ឬយ៉ាងណា?
វិស័យ SME
ដោយ

ឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុន បូទីកា និងបុរី ឡុងនី សង្កេតឃើញថា ក្រោយថៃបង្កអរិភាពមកលើកម្ពុជា បានធ្វើឱ្យពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានបង្ហាញពីស្មារតីជាតិនិយម និងស្នេហាជាតិ តាមរយៈរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រឆាំងនឹងការរំលោភបំពានរបស់យោធាថៃ។ បើតាមអ្នកជំនួញរូបនេះ សកម្មភាពឈ្លានពានរបស់ថៃ មកលើកម្ពុជា បានធ្វើឱ្យពលរដ្ឋខ្មែរស្ទើរតែគ្រប់វ័យកំពុងផ្លាស់ប្ដូរទម្លាប់ឈប់ប្រើប្រាស់ផលិតផលថៃ ខណៈវិស័យឯកជនដទៃទៀត ក៏បានត្រៀមខ្លួនឈប់នាំចូលផលិតផលថៃ ចូលមកទីផ្សាររបស់កម្ពុជាផងដែរ។ ការណ៍នេះ ធ្វើឱ្យ​លោកឧកញ៉ា ជឿជាក់ថា ផលិតផលថៃ នៅក្នុងទីផ្សារកម្ពុជានឹងថយចុះជាបន្តបន្ទាប់ ឬអាចនៅសល់ប្រមាណ១០% ប៉ុណ្ណោះ ដែលភាគច្រើនជាឧបករណ៍បន្ទាប់បន្សំសម្រាប់ប្រើប្រាស់ក្នុងខ្សែច្រវាក់ផលិតកម្ម។

​ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា យល់ឃើញថា ទំនិញរបស់ថៃ ប្រឈមនឹងបាត់វត្តមានពីទីផ្សារកម្ពុជា ប្រសិន​បើប្រទេសក្បែរខាងមួយនេះ នៅតែបន្តឈ្លានពានមកលើកម្ពុជា។ ឧកញ៉ាបន្តថា មកដល់ពេលនេះ ពលរដ្ឋខ្មែរមានការភ្ញាក់រលឹកកាន់តែខ្លាំង និងបាននាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ខណៈនៅតាមទីតាំងលក់ដូរមួយចំនួន ក៏បានចាប់ផ្ដើមទម្លាក់ចោលទំនិញរបស់ថៃ ផងដែរ។ តាមការវាយតម្លៃរបស់មេដឹកនាំ SME រូបនេះ ផលិតផលរបស់ថៃបាត់បង់វត្តមានពីទីផ្សារកម្ពុជា បន្តិចម្ដងៗ និងអាចបាត់បង់កាន់តែច្រើននាពេលខាងមុខ។ ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ រំលឹកដល់ក្រុមឈ្មួញពិចារណាឡើងវិញក្នុងការនាំចូលទំនិញថៃ ដែលបានឈ្លានមកលើកម្ពុជា ម្តងហើយម្តងទៀត។

​ពាក់ព័ន្ធបញ្ហានេះដែរ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស កត់សម្គាល់ឃើញថា ចាប់តាំងពីប្រទេសថៃ បើកការបាញ់ប្រហារមកលើកម្ពុជា មានពលរដ្ឋខ្មែរជាច្រើនបាននាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ សំដៅដាក់សម្ពាធសេដ្ឋកិច្ចថៃ។ តាមរយៈសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើកម្ពុជាជាថ្មីនេះ ឧកញ៉ាបានវាយតម្លៃថា ពលរដ្ឋខ្មែរនឹងឈប់ប្រើប្រាស់ផលិតផលថៃកាន់តែច្រើន ដែលអាចធ្វើឱ្យផលិតផលថៃ បាត់វត្តមានកាន់តែច្រើនពីទីផ្សាររបស់កម្ពុជា នាពេលអនាគត។

​បើតាមការវាយតម្លៃរបស់ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មកដល់ពេលនេះ សហគ្រាសក្នុងស្រុកមានសកម្មភាពផលិតផលិតផលកាន់តែខ្លាំង ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក ដែលកំពុងមានកំណើនខ្ពស់។ សូមបញ្ជាក់ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ការនាំចូលទំនិញពីថៃ មកកាន់ទីផ្សារកម្ពុជា មានទំហំ១៦១លានដុល្លារមានការធ្លាក់ចុះជិត៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យពលរដ្ឋបន្តដំណើរការរស់នៅ និងរកស៊ីជាប្រក្រតី ដើម្បីគាំទ្រចរន្តសេដ្ឋកិច្ចជាតិ

សង្រ្គាមឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា បានអូសបន្លាយអស់រយៈពេលជាង១០ថ្ងៃហើយ ដែលបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អាយុជីវិត និង…

ក្រុមអ្នកជំនាញក្នុងវិស័យកសិកម្មជំរុញឱ្យកសិករ បន្តបង្កបង្កើនផលកុំទម្លាក់ដៃ ដើម្បីផ្គត់ផ្គង់ស្បៀងដល់វីរៈកងទ័ពទប់ទល់នឹងការឈ្លានពានរបស់យោធាថៃ

មន្ត្រី និងអ្នកជំនាញយល់ថា នៅក្នុងកាលៈទេសៈដែលកម្ពុជា កំពុងរងការឈ្លានពានពីថៃនេះ ទាមទារឱ្យកម្លាំងជួរក្រោយបង្កើនការដាំដុះដំណាំផ្សេងៗ ក៏ដូចជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ