កាសែត South China Morning Post ដែលមានមូលដ្ឋាននៅកោះហុងកុង បានអះអាងថា សេចក្តីសង្ឃឹមអំពីការងើបឡើងវិញនៃវិស័យអចលនទ្រព្យរបស់ថៃ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃការកក់ជើងហោះហើរត្រង់ពីគោលដៅនានានៅក្នុងប្រទេសចិនសំដៅមកកាន់ប្រទេសថៃ ស្របពេលដែលតម្លៃអចលនទ្រព្យនៅចិនកំពុងមានតម្លៃខ្ពស់ ជាងថៃប្រទេសថៃ។
ប្រភពដដែលបានអះអាងថា ចំនួនអ្នកកក់សំបុត្រយន្តហោះពីគោលដៅនានានៅក្នុងប្រទេស ចិនទៅកាន់ប្រទេសថៃកាលពីខែកុម្ភៈធៀបនឹងខែមករា គឺមានកំណើនកើនឡើងរហូតដល់ទៅ៦៧% ។
ប្រភពដដែលបានបន្តថា នៅក្នុងចំណោមពួកគេទាំងនោះ ដំណើរកម្សាន្ដ និងទេសចរណ៍គឺជាគោលដៅចំបងមួយ ប៉ុន្តែនោះក៏ជាឱកាសដែលអ្នកទេសចរជនជាតិចិន អាចនឹងសម្លឹងរកឱកាសវិនិយោគ និង ឱកាស ដើម្បីកសាងមូលដ្ឋាននៃជីវភាពរស់នៅរបស់ពួកគេថ្មីផងដែរ។
ពលរដ្ឋមួយចំនួននៅប្រទេសចិន ដែលត្រូវបានសារព័ត៌មាន SCMP ស្រង់សម្ដីបានបញ្ជាក់ថា ពួកគេ មើលឃើញប្រទេសថៃមិនត្រឹមតែជាទិសដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្ដែពួកគេក៏សម្លឹងឃើញប្រទេសនេះជាទិសដៅវិនិយោគ និងបណ្តាក់ទុនសម្រាប់រស់នៅពេលចូលនិវត្តន៍ផងដែរ។
ប្រភពព័ត៌មានចិនដដែលនេះបានបញ្ជាក់ទៀតថា តម្លៃអចលនទ្រព្យដែលសមរម្យនៅជាយទីក្រុងសៀងហៃនៅពេលនេះ មិនក្រោម ៤ លានយន់ ឫប្រហែលជា ជាង៥៧ម៉ឺនដុល្លារឯណោះ ហើយបើចង់បានកន្លែងរស់នៅកណ្តាលទីក្រុង គឺថ្លៃជាងហ្នឹងទ្វេដង ដូច្នេះទើបពលរដ្ឋចិនមួយចំនួន ស្វែងរកកន្លែងរស់នៅថ្មីដូចជានៅថៃ ដែលមានតម្លៃអចលទ្រព្យប្រភេទលំនៅដ្ឋាសម្រាប់រស់នៅជាមធ្យមមានតម្លៃប្រមាណ ៩ម៉ឺនដុល្លារអាមេរិក។
បន្ទាប់ពីអាជ្ញាធរចិនបើកទ្វារប្រទេសមក អាជ្ញាធរទេសចរណ៍របស់ប្រទេសថៃបាននិយាយថា ខ្លួនបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួនជាង១៦ម៉ឺន នាក់នៅចន្លោះថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ១៥ ខែកុម្ភៈ ហើយរំពឹងថា ចំនួននេះនឹងកើនឡើងដល់ ៥ លាននាក់សម្រាប់ឆ្នាំ២០២៣ នេះ៕
អត្ថបទ ៖ សរ សុជាតិ