ទិន្នន័យបង្ហាញថា កាលពីអំឡុងឆ្នាំ២០១០ ប្រទេសថៃធ្លាប់ផលិតបង្គាបានដល់ទៅ៦៤ម៉ឺនតោនក្នុងមួយឆ្នាំ និងនាំចេញក្នុងទំហំជាង១១០ពាន់លានបាត ឬជិត៣,៣ពាន់លានដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រទេសនេះក្លាយជាអ្នកផលិត និងនាំចេញបង្គាធំបំផុតរបស់ពិភពលោក។ ប៉ុន្តែបន្ទាប់ពីជំងឺងាប់មុនអាយុផ្ទុះឡើងក្នុងឆ្នាំ២០១២ ឧស្សាហកម្មបង្គារបស់ថៃបានសំយ៉ុងក្បាលចុះយ៉ាងខ្លាំង។ បច្ចុប្បន្នផលិតកម្មបង្គារបស់ថៃនៅសល់ត្រឹម២៧០,០០០ទៅ២៨០,០០០តោនប៉ុណ្ណោះក្នុងមួយឆ្នាំ ខណៈតម្លៃនាំចេញក៏ធ្លាក់មកប្រហែល៤០ពាន់លានបាត ឬជិត១,២ពាន់លានដុល្លារ។
ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងបន្ទាប់ពីម៉ាឡេស៊ី បានផ្អាកការនាំចូលបង្គាពីថៃចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ដោយម៉ាឡេស៊ីអះអាងថា ដើម្បីពង្រឹងស្តង់ដាសុវត្ថិភាពចំណីអាហារ។ ប៉ុន្តែការរឹតបន្តឹងនេះកើតឡើងក្រោយថៃរឹតបន្តឹងការនាំចូលត្រីសមុទ្រពីម៉ាឡេស៊ីដោយសារបារម្ភពីសំណល់សារធាតុគីមី។មុនការផ្អាកនេះ ថៃនាំចេញបង្គាទៅម៉ាឡេស៊ីបានប្រមាណ១០០តោនក្នុងមួយថ្ងៃ ឬជាង៣,០០០តោនក្នុងមួយខែ។ ក្រោយការផ្អាកតម្លៃបង្គានៅកសិដ្ឋានបានធ្លាក់ចុះ៥០ទៅ៦០បាត ឬចន្លោះ៦ពាន់រៀល ទៅ៧,២០០រៀលក្នុងមួយគីឡូក្រាម ដែលបង្កើនសម្ពាធលើកសិករ និងអ្នកនាំចេញ។
ក្រៅពីបញ្ហាទីផ្សារ កសិករថៃ ក៏កំពុងប្រឈមជាមួយជំងឺបង្គាជាច្រើនដូចជាជំងឺងាប់មុនអាយុ ជំងឺស, ជំងឺលាមកស និងជំងឺក្បាលលឿង ដែលធ្វើឱ្យបង្គាងាប់មុនពេលប្រមូលផល និងធ្វើឱ្យថ្លៃដើមផលិតកម្មខ្ពស់ជាងបណ្ដាប្រទេសជាគូប្រជែង។ ដើម្បីសង្គ្រោះឧស្សាហកម្មនេះ សមាគមបង្គាថៃបានស្នើឱ្យរដ្ឋាភិបាលរបស់លោក អានុទីន ឆានវីរៈគុល អនុម័តថវិកាប្រមាណ៥,៥ពាន់លានបាត ឬជាង ១៦៣លានដុល្លារ សម្រាប់ផែនការឆ្នាំ២០២៦-២០៣០ ដើម្បីស្រាវជ្រាវពូជបង្គាដែលធន់នឹងជំងឺ កាត់បន្ថយថ្លៃដើម បង្កើនគុណភាពផលិតកម្ម និងពង្រឹងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
បើតាមមន្ត្រីថៃឱ្យដឹងថា ការចរចាជាមួយប្រទេសម៉ាឡេស៊ីកំពុងដំណើរការ ហើយថៃរំពឹងថា អាចបន្តនាំចេញបង្គាទៅកាន់ប្រទេសម៉ាឡេស៊ីឡើងវិញក្នុងរយៈពេលប្រមាណ៣០ថ្ងៃខាងមុខ ប្រសិនបើការត្រួតពិនិត្យស្តង់ដាសុវត្ថិភាពអាហារត្រូវបានបញ្ចប់ដោយជោគជ័យ៕
ដោយ: តែម សុខុម