ពលរដ្ឋថៃបានរួមគ្នាអំពាវនាវឱ្យរដ្ឋាភិបាលប្រើធម៌ក្តៅ និងអនុវត្តច្បាប់ផ្តន្ទាទោសឱ្យធ្ងន់ធ្ងរបំផុតដោយគ្មានការលើកលែង។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod របស់ថៃ នៅថ្ងៃទី១៩ ខែកក្កដា បានឱ្យដឹងថា មជ្ឈមណ្ឌលស្ទង់មតិរបស់វិទ្យាស្ថានជាតិ គ្រប់គ្រងការអភិវឌ្ឍរដ្ឋបាល ដ៏ល្បីល្បាញបានទម្លាយទិន្នន័យដ៏គួរឱ្យតក់ស្លុតមួយក្រោមប្រធានបទ តើជនបរទេសខុសច្បាប់ក្នុងប្រទេសថៃ បង្កគ្រោះថ្នាក់កម្រិតណា? ការស្ទង់មតិនេះបានធ្វើឡើងលើប្រជាពលរដ្ឋថៃ អាយុចាប់ពី ១៨ឆ្នាំឡើងចំនួន១,៣១០នាក់នៅទូទាំងប្រទេស។ លទ្ធផលស្ទង់មតិបានបង្ហាញថា គ្រោះថ្នាក់ដ៏ធំបំផុតរបស់ថៃ នៅពេលនេះ គឺការបណ្តោយឱ្យជនបរទេសលូកដៃចូលកែប្រែប្រព័ន្ធរដ្ឋបាលរបស់ថៃតាមរយៈលុយក្រៅច្បាប់។
ពលរដ្ឋថៃជាង៩៤% យល់ថា ការវិនិយោគលើអាជីវកម្មខុសច្បាប់ និងការលាងលុយកខ្វក់ គឺជាគ្រោះថ្នាក់កម្រិតអតិបរមា ខណៈជាង៨២% ព្រួយបារម្ភខ្លាំងលើរឿងជួលជនជាតិថៃឱ្យឈរឈ្មោះកាន់កាប់ដីធ្លី ឬទិញភាគហ៊ុនជំនួស រីឯជិត៨២%ព្រួយបារម្ភពីការជួលជនជាតិថៃធ្វើជាអាណាព្យាបាលក្លែងក្លាយ ដើម្បីលួចយកសញ្ជាតិថៃ។ ដោយឡែកពលរដ្ឋជាង៨១% យល់ថា ការធ្វើអាជីវកម្មផ្តាច់មុខរបស់វិនិយោគិនបរទេស ដែលទិញ-លក់តែក្នុងបណ្តាញគ្នាឯង កំពុងបំបិទដង្ហើមសេដ្ឋកិច្ច និងឆ្នាំងបាយរបស់ប្រជាជនថៃ។
មិនត្រឹមតែប៉ុណ្ណោះបញ្ហានៃការចូលមកតាំងទីលំនៅខុសច្បាប់ជាក្រុមៗរហូតបង្កើតបានជាទីក្រុងបរទេសខុសច្បាប់ ការលួចធ្វើការខុសទិដ្ឋាការ និងការដណ្តើមមុខរបរដែលច្បាប់រក្សាទុកសម្រាប់តែជនជាតិថៃ សុទ្ធតែទទួលបានសំឡេងគាំទ្រលើសពី ៧០% ថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។
ចំណុចដ៏រសើប និងចាក់ដោតបំផុត នៃលទ្ធផលស្ទង់មតិនេះ គឺនៅពេលសួរថា ហេតុអ្វីបានជាជនបរទេសទាំងនោះហ៊ានល្មើសច្បាប់ថៃដោយគ្មានញញើត? ចម្លើយរហូតដល់ទៅជាង៦៧% បានដាក់បន្ទុកលើបញ្ហាអំពើពុករលួយ និងភាពអសកម្មរបស់មន្ត្រីរាជការថៃ ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងជាង៥៩%ទៀតយល់ឃើញថា មកពីទោសទណ្ឌខាងផ្លូវច្បាប់របស់ប្រទេសថៃនៅមានកម្រិតស្រាល និងធូររលុងខ្លាំងពេក ដែលធ្វើឱ្យច្បាប់រដ្ឋក្លាយជាក្រដាសឥតន័យសម្រាប់ក្រុមឧក្រិដ្ឋជនជាជនបរទេសទាំងនោះ៕
អត្ថបទៈ សួន ឡង់ទី