នៅក្នុងលិខិតចំហមួយដែលប្រតិបត្តិករធុរកិច្ចទេសចរណ៍ និងសមាគមសណ្ឋាគារថៃបានផ្ញើទៅកាន់នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា និងមន្ត្រីផ្សេងទៀតកាលពីពេលថ្មីៗនេះ បានស្នើររាជរដ្ឋាភិបាលគួរតែប្រកាសជំងឺកូវីដ១៩ ជាជំងឺឆ្លងដែលអាចគ្រប់គ្រងបាន ហើយគួរតែលុបចោលការរឹតបន្តឹងទាំងអស់ រួមទាំងលុបចោលការតម្រូវធ្វើតេស្តកូវីដ១៩ ក្រោយការមកដល់សម្រាប់អ្នកដំណើរអន្តរជាតិតទៅទៀត។
ក្នុងលិខិតនោះបានបង្ហាញថា ប្រទេសជាច្រើន រួមទាំងស៊ុយអែត ដាណឺម៉ាក ន័រវេស និងចក្រភពអង់គ្លេស បានប្រកាសរួចហើយនូវការរីករាលដាលនៃជំងឺកូវីដ១៩ថាជាជំងឺឆ្លងដែលមានកម្រិតអាចគ្រប់គ្រងបាន ហើយក៏បានលុបចោលវិធានការទប់ស្កាត់មេរោគឆ្លងស្ទើរតែទាំងអស់របស់ពួកគេផងដែរ។
សូមជម្រាបថា ប្រតិបត្តិករធុរកិច្ចទេសចរណ៍ និងសមាគមសណ្ឋាគារថៃ បាននិយាយនៅក្នុងលិខិតដដែលនោះទៀតថា ប្រទេសថៃត្រូវការបន្ធូរបន្ថយការរឹតបន្តឹងកូវីដ១៩បន្ថែមទៀត សម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅពេលនេះ បើមិនដូច្នោះទេ វាអាចនឹងបាត់បង់សមត្ថភាពក្នុងការប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀត។ ប្រទេសផ្សេងទៀតនោះ គឺពួកគេចង់សំដៅទៅលើដៃគូប្រកួតប្រជែងសំខាន់ៗនៅក្នុងទីផ្សារទេសចរណ៍ពិភពលោក ដូចជាវៀតណាម និងជប៉ុន។ ទន្ទឹមគ្នានេះ ការស្នើររបស់ក្រុមប្រតិបត្តិករទេសចរថៃ គឺធ្វើយ៉ាងណាត្រូវអនុវត្តការលុបចោលវិធានការតម្រូវតឹងរ៉ឺងទាំងអស់នេះ ឱ្យបានមុនខែមេសា ដែលវាជាខែដ៏សំខាន់បំផុត សម្រាប់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ ដោយសារទេសចរលោកខាងលិចតែងតែចូលចិត្តធ្វើដំណើរមកកាន់ប្រទេសថៃ ក្នុងអំឡុងពេលបុណ្យសង្ក្រាន្តឆ្នាំថ្មី។
សូមរំឭកថា កាលពីថ្ងៃទី ១ ខែកុម្ភៈ មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពកូវីដ១៩ថៃ បានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងកូវីដ១៩ របស់ខ្លួន សម្រាប់ភ្ញៀវដែលមកដល់ក្រោមគម្រោង Test & Go ដោយបានលើកការធ្វើចត្តាឡីស័ក និងប្តូរមកត្រឹមកជាការធ្វើតេស្តរកមេរោគវិញ។
តែយ៉ាងណាមិញ បើទោះបីជាអ្នកដំណើរទាំងនោះមួយចំនួនត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅពេលធ្វើតេស្តក៏ដោយចុះ តែប្រតិបត្តិករធុរកិច្ចទេសចរណ៍ និងសមាគមសណ្ឋាគារថៃ បាននិយាយថា ទេសចរដែលឆ្លងមេរោគទាំងនេះ ទំនងជាមិនបានបង្កបន្ទុកណាមួយដល់ប្រព័ន្ធថែទាំសុខាភិបាលរបស់ប្រទេសថៃនោះទេ ដោយសារអត្រានៃការឆ្លងរបស់ពួកគេ គឺមានរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញា ដែលស្រដៀងតែនឹងជំងឺផ្តាសាយធម្មតាតែប៉ុណ្ណោះ៕
អត្ថបទ ស៊ើង និមល់