តាមការចុះផ្សាយពីគេហទំព័របាងកកប៉ុស្តិ៍ បានឲ្យដឹងថា អង្កររបស់ថៃប្រមាណជាង១១លានតោន ត្រូវបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសនៅឆ្នាំ២០១៧ ដោយបានកើនឡើងប្រមាណជិត១៥% ដែលវាជាការបំបែកកំណត់ត្រាចាស់ និងបង្កើតនូវកំណត់ត្រាថ្មីមួយរបស់វិស័យស្រូវអង្កររបស់ថៃ ខណៈដែលកម្ពុជាទើបតែខកខានក្នុងការនាំអង្ករចេញទៅកាន់បង់ក្លាដេស ក្នុងដំណាក់កាលដំបូង២៥ម៉ឺនតោន។ ដ្បិតថា ការនាំចេញមានភាពរដាក់រដុបបន្តិចក្ដី តែយ៉ាងណា របាយការណ៍នាំចេញអង្កររបស់កម្ពុជានៅឆ្នាំនេះ នៅតែមានភាពវិជ្ជមាន។
និយាយពីតម្លៃអង្កររបស់ថៃនៅឆ្នាំនេះវិញ គឺមានតម្លៃកើនឡើងខ្ពស់ជាងមុន ពោលគឺមានប្រមាណ១ពាន់ដុល្លារក្នុងមួយតោន សម្រាប់អង្ករក្រអូបប្រណីត ហូមម៉ាលី។ ចំណូលនៃការលក់អង្កររបស់ថៃនៅឆ្នាំ២០១៧ ក៏មានកំណើនយ៉ាងគាប់ប្រសើរផងដែរ ពោលគឺមានក្នុងរង្វង់១៥% ឬស្មើនឹងទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារអាមេរិក។
នៅក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនៅមុនដំណាច់ឆ្នាំ២០១៧ បរិមាណនាំចេញអង្កររបស់ប្រទេសជាប់របងកម្ពុជាមួយនេះ នៅតែមានកម្រិតខ្ពស់បំផុតមិនធ្លាប់មានតាំងពីប្រទេសមួយនេះ បានបើកសករាជនៃវិស័យជំនួញស្រូវអង្ករមក។
តម្លៃអង្ករក្រអូបប្រណីតនៅលើទីផ្សារសកល គិតមកទល់ចុងខែធ្នូឆ្នាំ២០១៧នេះ នៅតែឈរក្នុងតម្លៃខ្ពស់ប្រមាណ ១,០៤០ដុល្លារក្នុង១តោន ដោយតម្លៃនេះខ្ពស់ជាងតម្លៃអង្ករកាលពី៥ឆ្នាំមុន។
នៅឆ្នាំនេះដែរ ប្រទេសថៃក៏មានគម្រោងពិភាក្សាបន្ថែមលើប្រព័ន្ធនៃខ្សែសង្វាក់ស្រូវអង្ករ និងស្វែងរកវិធីសាស្ត្រកាន់តែប្រសើរឡើងក្នុងការប្រមូលផលស្រូវ ការផលិត និងការធ្វើទីផ្សារជាដើម។ គម្រោងនៅឆ្នាំថ្មីនេះ នឹងផ្ដល់សារប្រយោជន៍យ៉ាងច្រើនដល់ពាណិជ្ជកម្មស្រូវអង្កររបស់ថៃ និងឈានទៅសម្រេចកូតានាំអង្ករចេញទៅចិន៦០ម៉ឺនតោនតាមកិច្ចសន្យាផងដែរ។
មិនតែប៉ុណ្ណោះ ក្រសួងពាណិជ្ជកម្មថៃ ក៏មានគម្រោងចរចាពង្រីកកូតានាំអង្ករចេញទៅចិនបន្ថែមឲ្យបាន១លានតោននៅឆ្នាំក្រោយ ហើយកន្លងមកនេះ ថៃក៏បានចរចារួចរាល់ជាមួយប្រទេសឥណ្ឌូនេស៊ី ហ្វ៊ីលីពីន និងស្រីលង្កា ក្នុងការនាំអង្ករចេញផងដែរ។
ងាកមកចាប់អារម្មណ៍វិស័យស្រូវអង្ករកម្ពុជាវិញ នៅឆ្នាំ២០១៧ ឱកាសទីផ្សាររបស់អង្ករកម្ពុជាសម្រាប់ធ្វើការនាំចេញហាក់មានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ ដូចជាការបន្ថែមកូតានាំទៅចិនឲ្យបាន៣០ម៉ឺនតោន និងទទួលបានការព្រមព្រៀងនាំអង្ករចេញទៅបង់ក្លាដេស ១លានតោនក្នុងរយៈពេល៥ឆ្នាំជាដើម។
ប៉ុន្ដែ ការក្ដោបក្ដាប់ឱកាសនេះ កម្ពុជាហាក់ដូចជាធ្វើមិនសូវបានល្អនោះទេ តួយ៉ាង ការនាំអង្ករចេញទៅកាន់តែផ្សារបង់ក្លាដេស ២៥ម៉ឺនតោន ក្នុងដំណាក់កាលដំបូងនៅឆ្នាំនេះ ត្រូវបានរបូតបាត់ ដូចទន្សាយរួចពីទ្រុង ដោយសារតែបញ្ហាគ្មានអង្ករនាំទៅឲ្យគេ។
ដោយឡែក ការប្រកួតប្រជែងអង្ករល្អបំផុតលើពិភពលោក កម្ពុជានៅតែរបូតតំណែងលេខ១របស់ខ្លួន ពោលគឺនៅត្រឹមឈរលេខ២បីឆ្នាំជាប់គ្នា ខណៈដែលកាលពីមុន អង្ករកម្ពុជាធ្លាប់ឈរនៅលេខ១។ រីឯ គោលដៅនាំអង្ករចេញ១ឆ្នាំឲ្យបាន១លានតោន គឺនៅតែជាគោលដៅ ដៅហើយដៅទៀតប៉ុន្មានឆ្នាំផុតមកហើយ នៅតែបន្តដៅដដែល។
យ៉ាងណាក៏ដោយ របាយការណ៍ពីក្រសួងកសិកម្ម បានបង្ហាញថា កំណើននាំអង្ករចេញរបស់កម្ពុជានៅតែរក្សាបាននូវតួលេខវិជ្ជមានដដែល។ តួយ៉ាង សរុបមួយឆ្នាំពេញ ឆ្នាំ២០១៧ កម្ពុជានាំអង្ករចេញបាន ៦៣៥.៦៧៩តោន ទៅកាន់ជាង ៦០ប្រទេស គិតជាកំណើនកើនជាង១៧% ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ បើពិនិត្យទៅមើលទិន្នន័យពេញ១ឆ្នាំ២០១៦ ការនាំអង្ករចេញរបស់កម្ពុជាមានតែជាង៥៤ម៉ឺនតោនប៉ុណ្ណោះ៕