កាលពីសប្ដាហ៍មុននេះ គណៈរដ្ឋមន្ត្រីថៃ ក៏បានកំណត់ដាក់ចេញថវិកាជាង ៧ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាឆ្លងរីករាលកូវីដ-១៩រលកទី៣ ដែលកំពុងរាតត្បាតខ្លាំងក្លាបំផុត នៅក្នុងប្រទេសថៃមិនធ្លាប់មានពីមុនមក។
ថវិកាទាំងនេះ នឹងត្រូវប្រើប្រាស់ ដើម្បីជំរុញដល់វិធានការមួយចំនួន សំដៅដោះស្រាយបញ្ហាពលរដ្ឋ ក៏ដូចជាអាជីវកម្មដែលរងគ្រោះអំឡុងពេលមេរោគរាតត្បាតនេះ។ នាយកការិយាល័យថវិការបស់ថៃលោក ដេចឆាពីវ៉ាត់ ណាសុងក្លា អះអាងថា កញ្ចប់ថវិកាដែលនៅសល់នេះ នឹងជួយរដ្ឋាភិបាលក្នុងការទប់ទល់នឹងវិបត្តិកូវីដ-១៩ រហូតដល់ចុងឆ្នាំសារពើពន្ធ២០២១នេះ ពោលគឺនៅត្រឹមថ្ងៃទី ៣០ ខែកញ្ញាខាងមុខ។
លោកបន្ថែមថា បើសិនជាវិបត្តិមេរោគរាតត្បាតនេះ នៅបន្ដដល់ឆ្នាំក្រោយ នោះរដ្ឋាភិបាល អាចប្រើប្រាស់ថវិកា ដែលបានកំណត់ត្រៀមទុកជិត៣ពាន់លានដុល្លារ សម្រាប់ការប្រើប្រាស់បន្ទាន់នៅឆ្នាំ២០២២ ក៏ដូចជាអាចប្រើប្រាស់ដើមទុនបម្រុងរបស់ក្រសួងហិរញ្ញវត្ថុដែលមានជាង ១ពាន់៦រយលានដុល្លារបានផងដែរ។ ប្រសិនបើមូលនិធិថវិកានៅមិនគ្រប់គ្រាន់ទៀត រដ្ឋាភិបាលអាចនឹងដាក់ចេញនូវការអនុវត្តការផ្ទេរថវិកា ដូចដែលធ្លាប់បានធ្វើកាលពីឆ្នាំមុន។
មន្ត្រីជាន់ខ្ពស់ថៃរូបនេះ បានគូសបញ្ជាក់ទៀតថា កញ្ចប់ថវិកាជាតិប្រមាណ ១០០ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២២ មិនបានរួមបញ្ចូលមូលនិធិសម្រាប់ដោះស្រាយវិបត្តិកូវីដ-១៩នោះទេ ដោយសារតែរដ្ឋាភិបាលថៃរំពឹងថាវិបត្តិនេះ នឹងត្រូវបានដោះស្រាយចប់នៅមុនឆ្នាំសារពើពន្ធ២០២២មកដល់។ ប៉ុន្ដែ កញ្ចប់ថវិកាដោះស្រាយនឹងវិបត្តិកូវីដ-១៩នេះ នឹងមានការដាក់ស្នើ ទៅកាន់គណៈរដ្ឋមន្ត្រីម្ដងទៀតក្នុងសប្ដាហ៍នេះ។
សូមបញ្ជាក់ថា ប្រទេសថៃ នៅមិនទាន់ចុះថយចំនួនអ្នកឆ្លងកូវីដ-១៩នោះទេនៅក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយចំនួនអ្នកឆ្លងប្រចាំថ្ងៃក្នុងប្រទេសនេះរាប់ពាន់នាក់ក្នុងមួយថ្ងៃ។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី ១១ ខែឧសភា នៅថៃមានអ្នកឆ្លងថ្មីជិត២ពាន់នាក់ និងមានអ្នកស្លាប់៣១នាក់៕