ឧស្សាហកម្មផលិតរថយន្តអគ្គិសនី (EV) ប្រហែលជាអាចធ្លាក់ចុះនៅតំបន់មួយចំនួននៅលើពិភពលោក រួមទាំងសហរដ្ឋអាម៉េរិក ផងដែរ ប៉ុន្តែបញ្ហានេះប្រហែលជាមិនកើតឡើងសម្រាប់ប្រទេសថៃ នោះទេ ដោយប្រទេសក្បែរខាងកម្ពុជា មួយនេះ នៅតែបន្តដាក់គោលដៅប្រែក្លាយជាមជ្ឈមណ្ឌលនៃផលិតកម្មរថយន្តអគ្គិសនីនៅតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាវិនិយោគ(BOI) ដែលជាភ្នាក់ងារផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគបរទេសរបស់ប្រទេសថៃ បានអនុម័តគម្រោងយ៉ាងតិច២៤គម្រោងរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធ និងរថយន្តអគ្គិសនីកូនកាត់។
ក្រុមប្រឹក្សាវិនិយោគនេះរំពឹងថា ក្រុមហ៊ុនផលិតកម្មទាំងនេះនឹងផលិតបានរថយន្តអគ្គិសនីជាងកន្លះលានគ្រឿងក្នុងមួយឆ្នាំៗ ហើយថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ ការវិនិយោគទាក់ទងនឹងរថយន្តអគ្គិសនី នឹងមានទំហំលើសពីជាង៥ពាន់លានដុល្លារ។
ប្រទេសថៃ កំពុងព្យាយាមពន្លឿនគោលដៅរបស់ខ្លួនក្នុងការក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីក្នុងតំបន់ចាប់តាំងពីរាជរដ្ឋាភិបាលថ្មីដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ស្រ៊ីថា ថាវីស៊ីន ដែលបានចូលកាន់អំណាចកាលពីខែកញ្ញា ឆ្នាំ២០២៣។
ដើម្បីទាក់ទាញឧស្សាហកម្មនេះឱ្យកាន់តែខ្លាំង ថៃបានកាត់បន្ថយពន្ធគយយ៉ាងច្រើនពី៨% មកនៅត្រឹម២% សម្រាប់រថយន្តអគ្គិសនី ហើយក្រុមហ៊ុនរថយន្តអគ្គិសនី ក៏អាចរីករាយចំពោះការកាត់បន្ថយពន្ធនាំចូលរហូតដល់៤០% សម្រាប់រថយន្តដំឡើងរួចរាល់ទាំងស្រុងផងដែរ៕
អត្ថបទ៖ សុខ មង្គល