លោកស្រី អារ៉ាដា ហួងតុង (Arada Fuangtong) អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសបានអះអាងថា នៅក្នុងរយៈពេល១១ខែឆ្នាំនេះ ការនាំចេញអង្កររបស់ថៃសម្រេចបានជាង៩លានតោនកើនឡើង១៤% បើធៀបនឹងឆ្នាំមុន ដោយអាចរកចំណូលបានជិត៦ពាន់លានដុល្លារ។ ជាមួយគ្នានេះថៃរំពឹងថា ខ្លួននឹងអាចសម្រេចបានការនាំចេញអង្ករ១០លានតោននៅត្រឹមដំណាច់ឆ្នាំ២០២៤ នេះ។ ប៉ុន្តែនៅឆ្នាំ២០២៥ លោកស្រីរំពឹងថា ការនាំចេញអង្កររបស់ថៃនឹងធ្លាក់ចុះមកនៅត្រឹមជាង៧លានតោន ប៉ុណ្ណោះ ដោយសារឥណ្ឌូនេស៊ីគ្រោងបញ្ឈប់ការនាំចូល ខណៈឥណ្ឌាដែលជាទីផ្សារនាំចេញអង្ករធំជាងគេលើពិភពលោកបានប្រកាសបើកការនាំចេញអង្ករឡើងវិញកាលពីពេលថ្មីៗ។
ដោយឡែកបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus នៅក្នុងរយៈពេលដូចគ្នានេះ វៀតណាមនាំចេញអង្ករបានជាង៨លានតោនជាមួយចំណូលជាង៥ពាន់លានដុល្លារ។ ហ្វីលីពីនជាទីផ្សារនាំចូលអង្ករពីវៀតណាមច្រើនជាងគេរហូតដល់ជិត៣លានតោន បន្ទាប់មកឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។
ជាមួយគ្នានេះ កម្ពុជាសម្រេចបានការនាំចេញអង្ករជាង៥៧ម៉ឺនតោន ដោយទទួលបានចំណូលជាង១៤០លានដុល្លារនៅក្នុងរយៈពេល១១ខែឆ្នាំនេះ។ តាមរៈបរិមាណនេះកម្ពុជាទំនងជាមិនអាចសម្រេចបានតាមផែនការរបស់ខ្លួន ដែលកំណត់នាំចេញឱ្យបាន៨០ម៉ឺនតោននៅក្នុងឆ្នាំ២០២៤ នេះបាននោះទេ។
តែទោះជាយ៉ាងណាក៏ដោយ ឥណ្ឌានៅតែជាប្រទេសឈរលំដាប់លេខ១ខាងផលិត និងនាំចេញអង្ករ។ ក្នុងនោះគិតមកដល់ខែវិចិ្ឆកា ឆ្នាំ២០២៤ ស្តុកអង្កររបស់ឥណ្ឌាបានកើនឡើងដល់កម្រិតខ្ពស់បំផុត គឺជិត៣០លានតោន។ បរិមាណនេះ គឺកើនឡើងជិត៣ដងនៃគោលដៅកំណត់របស់រដ្ឋាភិបាល ដោយសារការទប់ស្កាត់ការនាំចេញដែលបានដាក់ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ៕
ដោយៈ សរ សុជាតិ