លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយបានចាត់ទុកជំនួបត្រីភាគីកម្ពុជា-ថៃ និងហ្វីលីពីនជាវឌ្ឍនភាពដ៏សំខាន់មួយក្នុងការបន្ធូរបន្ថយភាពតានតឹង និងដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ នៅក្នុងជំនួបនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តបង្ហាញជំហរដោយជ្រើសយកយន្តការច្បាប់អន្តរជាតិ និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមកក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថានៅក្នុងជំនួបនេះដែរ នាយករដ្ឋមន្រ្តីថៃហាក់បង្ហាញចេតនាចង់បង្កើតកិច្ចសន្ទនាជាមួយកម្ពុជាឡើងវិញ ដើម្បីឈានទៅដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ តែយ៉ាងណាអ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ការដោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃ អាចមានប្រសិទ្ធភាពលុះណាតែនាយករដ្ឋមន្រ្តីថៃមានភាពស្មោះត្រង់ និងឆន្ទៈពិតប្រាកដ។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវសេដ្ឋកិច្ចសង្គមកត់សម្គាល់ឃើញថា ជំនួបត្រីភាគីនៅក្នុងប្រទេសហ្វីលីពីន ហាក់បង្ហាញសញ្ញាវិជ្ជមានក្នុងការឈានទៅរកដំណោះស្រាយព្រំដែនកម្ពុជា និងថៃដែលកំពុងជាប់គាំង។ ជាការវាយតម្លៃរបស់អ្នកជំនាញរូបនេះ វិវាទព្រំដែនគោករវាងប្រទេសទាំងពីរនឹងត្រូវដោះស្រាយតាមយន្តការ ដែលមានស្រាប់ ខណៈតំបន់សមុទ្រទាមទារត្រួតស៊ីគ្នានឹងត្រូវដោះស្រាយតាមយន្តការផ្សះផ្សារដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។
ក្នុងជំនួបនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា សម្ដេច និងសមភាគីថៃបានឯកភាពគ្នាជំរុញឱ្យដំណើរការឡើងវិញនូវរាល់យន្តការដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ខ្សែបន្ទាត់ព្រំដែនមិនអាចផ្លាស់ប្តូរតាមរយៈការប្រើប្រាស់កម្លាំងយោធាបានឡើយ ហើយការចាប់ផ្ដើមវាស់វែងព្រំដែនឱ្យបានឆាប់តាមកិច្ចព្រមព្រៀងដែលមានស្រាប់ គឺជាគន្លឹះក្នុងការលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ